តាម​ប្រសាសន៍ សម្ដេច​តេជោ ព្រឹក​នេះ ផ្លូវ​ដែក​បុរាណ យើង​មាន​សង្ឃឹម​ហើយ!

  • 2022-04-04 04:36:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា កម្ពុជា​មាន​ខ្សែ​រថភ្លើង​រាប់​ទសវត្សន៍​ក៏​ពិត​មែន ប៉ុន្តែ​បណ្ដាញ​គមនាគមន៍​មួយ​ប្រភេទ​នេះ នៅ​មិន​ទាន់​បាន​ធ្វើ​ឲ្យ​មាន​ទំនើប​កម្ម​នៅ​ឡើយ។ ប៉ុន្តែ​បើ​តាម​ប្រសាសន៍​សម្ដេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​នេះ​ផ្លូវ​ដែក​កម្ពុជា​កាន់​តែ​មាន​សង្ឃឹម​ហើយ។

នៅ​ក្នុង​កម្មវិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផល​នៃ​ការស្តារ កែលម្អដង​ស្ទឹង​សៀមរាប នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី ៤ មេសា​នេះ បាន​ឲ្យ​ដឹង​ថា សម្តេចតេជោ ហ៊ុន សែន ប្រកាសពី​គិតគូរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក របស់​កម្ពុជា ដែល​សម្ដេច​ថា ជាប្រព័ន្ធដឹកជញ្ជូនបុរាណ ហួសសម័យ ការ​ធ្វើដំណើរចំណាយ​ពេល​យូរ។

ដូច្នេះ​ហើយ សម្ដេច​ជំរុញ​ឲ្យ​​ស្វះ​ស្វែង​រក​ដៃគូ​ដើម្បី​មក​អភិវឌ្ឍន៍​បន្ថែម​លើ​ប្រព័ន្ធ​ផ្លូវ​ដែក​ដែល​មាន​ស្រាប់​របស់​កម្ពុជា។ ការងារ​នេះ សម្តេចតេជោ ហ៊ុន សែន ជំរុញរដ្ឋមន្ត្រីសាធារណការ និងជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ស្វះស្វែង​រកដៃគូអភិវឌ្ឍន៍ផ្លូវដែក ដែលជាក្រុមហ៊ុនឯកជន ធ្វើទំនើបកម្មផ្លូវដែកបុរាណនៅកម្ពុជា។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ឱ្យមានការធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿនដើម្បីសម្រួលដល់ការដឹកជញ្ជូន និងការចរាចរណ៍ឆាប់រហ័ស​ជាង​ពេល​បច្ចុប្បន្ន។

បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ផ្លូវដែក​ចំនួន ៣​ខ្សែ រួមមាន៖ ១. ផ្លូវ​ដែក​ទិស​នីរតី (ភ្នំពេញ-ព្រះសីហនុ)៖ ផ្លូវដែក​នេះ​មាន​ប្រវែង​សរុប​ ២៦៦ ​គីឡូម៉ែត្រ ត្រូវបាន​បើក​ឱ្យដំណើរការ​ឡើងវិញ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០១៦។ ២. ផ្លូវដែក ស្ថានីយ​ភ្នំពេញ-ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ៖ ផ្លូវដែក​នេះ មាន​ប្រវែង​សរុប ១០​គីឡូម៉ែត្រ ត្រូវបាន​បើកឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០១៨៕

៣. ផ្លូវដែក​ទិស​ពាយ័ព្យ (ភ្នំពេញ-ប៉ោយប៉ែត)៖ ផ្លូវដែក​នេះ​មាន​ប្រវែង​សរុប ៣៨៦​គីឡូម៉ែត្រ ត្រូវបាន​បើកឱ្យ​ដំណើរការ​បណ្តោះ​អាសន្ន​កាលពី​ថ្ងៃទី​៤ ខែ​កក្កដា ឆ្នាំ​២០១៨៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម