ស្មាត់​ស្ដាំវ័យ​ក្មេង​​​វិសាខា សឿន ហេង ​ចូល​ហ្វឹក​ហាត់​បាន​តិច​ៗ​វិញ​ហើយ

  • 2022-04-05 03:27:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្អ​របស់​សមាគមន៍​បាល់ទះ​វិសាខា សឿន ហេង ថ្មីៗ​នេះ​បាន​ចូល​ហ្វឹកហាត់​សាំ​ជាមួយ​ក្រុម​បាន​តិចៗ​វិញ​ហើយ ក្រោយ​​ធូរស្រាល​ពី​​របួស​គ្រេច​និង​ខុស​គន្លាក់​ក​ជើង​ ​​អំឡុង​ពេល​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​៤​ស្មើ Ganzberg Special Volleyball នៅ​កីឡដ្ឋានព្រីនស៍។

​កីឡាករ​កម្ពស់១,៨៣ម៉ែត្រ កើត​នៅ​ឆ្នាំ​១៩៩៩ បាន​ប្រាប់​ថា​ ៖«បាន​ធូរ​ច្រើន​ហើយ​របួស​កជើង ពេទ្យ​គេ​ថា​ថ្លោះ​និង​ខុស​គន្លាក់​ម៉ា​តិច​។ ដើរ​បាន​ធម្មតា​វិញ​ហើយ ឥឡូវ​កំពុង​ចូល​ហ្វឹកហាត់​សាំៗ​ចលនា​តិចៗ»។

ទោះ​បី​ជា​​ចូល​ហ្វឹកហាត់​​បាន​ខ្លះៗ​មែន ប៉ុន្តែ​ស្មាត់​មាន​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង មិន​ទាន់​ប្រាកដ​ថា​នឹង​ជា​សះស្បើយ​នៅ​ពេល​ណា​ទេ ខណៈ​​កជើង​របស់​គេ​នាពេល​នេះ​នៅ​រាងស្រៀវៗ។

គួរ​បញ្ជាក់​ថា សឿន ហេង ជា​កីឡាករ​បាល់ទះ​ដ៏​ល្អ​មួយ​រូប​របស់​ក្លឹប​សមាគមន៍​បាល់ទះ​វិសាខា។​ គេ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​គួរ​ឱ្យ​កត់​សម្គាល់​​កាល​ពី​ឆ្នាំ​ទៅ​មិញ ហើយ​មិន​តែ​ប៉ុណ្ណោះ​គេ​ថែមទាំង​ឈ្នះពានកីឡាករវាយសេវាល្អជាងគេប្រចាំ​​ព្រឹិត្តិការណ៍ Special Volleyball Challenge 2021 ទៀតផង៕

អត្ថបទ៖ អ៊ុំ សុភក្តិ