ចេញទៅសហរដ្ឋអាមេរិកលើកនេះ ព្រហ្ម ម៉ាញ មានគោលបំណងធំពីរ
- 2022-04-13 03:22:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញទៅសហរដ្ឋអាមេរិកលើកនេះ ព្រហ្ម ម៉ាញ មានគោលបំណងធំពីរ
ចន្លោះមិនឃើញ
តារាជើងចាស់ផ្នែកចម្រៀងអាយ៉ៃ លោក ព្រហ្ម ម៉ាញ បានឡើងយន្ដហោះទៅអាមេរិកហើយកាលពីថ្ងៃទី១២ ខែមេសា។ ក្នុងស្ថានភាពជំងឺលើសឈាម ឬឡើងសម្ពាធឈាមរបស់លោក មិនទាន់ល្អប្រសើរ១០០% លោកបានធ្វើដំណើរទៅកាន់ទីលំនៅដែលប្រពន្ធ និងកូនៗរស់នៅជាអចិន្ដ្រៃយ៍ក្នុងរដ្ឋមួយ នៃសហរដ្ឋអាមេរិក។
មហាជន ជាពិសេសអ្នកគាំទ្រវីរៈសិល្បករ ព្រហ្ម ម៉ាញ បានសម្ដែងការអាឡោះអាល័យ និងជូនពរឲ្យលោកមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ បន្ទាប់ពីនាយព្រែកទម្លាយដំណឹងតាមបណ្ដាញសង្គមថា លោក ព្រហ្ម ម៉ាញ និងភរិយា បានចេញទៅសហរដ្ឋអាមេរិក កាលពីថ្ងៃម្សិលមិញ។
បន្ថែមលើនេះអ្នកនាង កាឆយ ដែលត្រូវជាកូនធម៌របស់លោក ព្រហ្ម ម៉ាញ បានប្រាប់Sabay នៅព្រឹកថ្ងៃទី១៣ ខែមេសា ថា តាមពិតស្ថានភាពជំងឺរបស់លោកមិនទាន់ស្រួលទេ ហើយដើរក៏មិនទាន់សូវបានលឿន។ ចំពោះដំណើរទៅកាន់សហរដ្ឋលើកនេះ គឺលោកមានគោលបំណងធំ២ គឺទី១ លោកចង់ពិនិត្យសុខភាពឡើងវិញដោយគ្រូពេទ្យជំនាញនៅអាមេរិក និងទី២ លោកចង់រស់នៅជាមួយប្រពន្ធ និងកូនៗរយៈពេល២ ឬ៣ខែ ដើម្បីមានឱកាសសម្រាកព្យាបាល ក្រោមការមើលថែរបស់គ្រួសារ។
បើតាមអ្នកនាង កាឆយ លោក ព្រហ្ម ម៉ាញ នឹងត្រឡប់មកស្រុកខ្មែរវិញក្នុងរយៈពេលយ៉ាងយូរ២ ឬ៣ខែក្រោយ ដោយលោកនៅស្រឡាញ់ការងារបង្រៀនសិស្សផ្នែកអាយ៉ៃ និងមិនចង់ឃ្លាតពីជាតិមាតុភូមិយូរឡើយ។
ស្របពេលគ្នានេះ វីរៈសិល្បករ ព្រហ្ម ម៉ាញ ក៏ទទួលបានការចាប់អារម្មណ៍ជាថ្មីពីមហាជនដែរ ក្រោយលោកធ្លាក់ខ្លួនឈឺដោយជំងឺលើសឈាម ហើយថ្មីៗនេះទៀត គេក៏ចាប់អារម្មណ៍លើការទទួលបានគោរមងារកិត្ដិយសពីរាជបណ្ឌិត្យសភាកម្ពុជា ជា កិត្ដិឧទ្ទេសបណ្ឌិត ព្រហ្ម ម៉ាញ៕