បន្ទាប់ពីអភិសេករូបសំណាក “ព្រះថោង នាងនាគ” តារាទាំងនេះបានទៅដល់មុនគេ ហើយពោលពាក្យយ៉ាងនេះ

  • 2022-04-18 05:18:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីអភិសេករូបសំណាក“ព្រះថោង នាងនាគ” នៅខេត្ដព្រះសីហនុ បានធ្វើឡើងចំថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺចំថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ ពិធីនេះ ធ្វើឲ្យមហាជនចាប់អារម្មណ៍មិនចាញ់ ការធ្វើពិធីសង្គ្រាននៅតាមបណ្ដាខេត្ដដទៃឡើយ ហើយគេក៏ឃើញតារាល្បីៗមួយចំនួនបានទៅដល់ទីតាំងតម្កល់រូបសំណាក់ផ្ទាល់។

១/ ពិធីករ សុខ រ៉ាស៊ី។ លោកបានទៅដល់ទីតាំងតម្កល់រូបសំណាកផ្ទាល់ ហើយបានថតរូបជាច្រើនសន្លឹកសម្រាប់ភ្ជាប់នូវសំណេរលោកថា៖ “សុំថតរូបមុនហើយបងប្អូន ពិធីអភិសេកបដិមា ព្រះថោង តោងស្បៃនាងនាគ"។

២/ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស វី ឌីណែត។ កញ្ញា បានថតរូប ហើយជ្រើសរើសយករូបមួយសន្លឹកមកបង្ហាញអ្នកគាំទ្រតាមបណ្ដាញសង្គម ដោយពោលពាក្យថា៖ “បានមកដល់ហើយ រង្វង់មូលព្រះថោងនាងនាគ កុំភ្លេចយប់នេះជួបគ្នាណាបងប្អូនអ្នកកំពង់សោម”។

៣/ តារាសម្ដែង និងជាពិធិការិនី ស៊ឹម សូលីកា។ អ្នកនាង អាចនឹងមិនទាន់ទៅដល់ដោយផ្ទាល់នៅឡើយទេ ប៉ុន្ដែអ្នកនាងបានបង្ហោះរូបព្រះថោង តោងស្បៃនាងនាគ ដោយភ្ជាប់ជាអាល់ប៊ូមមានរូបអ្នកនាងក្នុងពិធីមង្គលការជាមួយលោក អេង រិទ្ធី ត្រង់ពិធីព្រះថោងតោងស្បៃនាងនាគ ហើយនាងក៏និយាយថា៖“ព្រះថោង តោងស្បៃនាងនាគ ខ្មែរធ្វើបាន"។

៤/តារាសម្ដែងប្រុស អ៊ុន សិទ្ធា។ រូបលោក និងប្អូនស្រី បានទៅដល់ទីតាំងតម្កល់រូបសំណាកព្រះថោង នាងនាគ ដោយផ្ទាល់កាលពីថ្ងៃម្សិលមិញ ហើយបាននិយាយថា៖ “២នាក់ប្អូនស្រី…ព្រះថោងនាងនាគ! ក្រុងកំពង់សោម ខេត្ដព្រះសីហនុ”។

សូមរំលឹកថា រូបសំណាក “ព្រះថោង នាងនាគ” បានផលិតនៅប្រទេសចិន ក្រោមស្នាដៃរចនាម៉ូដ ឬផ្ដល់គំនូសតាំងកូនខ្មែរ ហើយទើបធ្វើរួច និងដឹកមកដាក់តម្កល់នៅខេត្ដព្រះសីហនុ។ 

ឯកសារខ្លះបង្ហាញថា ព្រះថោង និងនាងនាគ គឺជាអ្នកបង្កើតទឹកដីខ្មែរដំបូងគេ ហើយអ្នកទាំងពីរមាននាមជាច្រើនដូចជា៖ព្រះថោង មាននាម ព្រះបាទកៅណ្ឌិន្យទី១ ឬព្រះបាទកោដាញ់ ឬព្រះបាទ ហ៊ុនទៀន ឬស្ដេចល្ងង់រាជ ឬព្រះថោង។ រីឯនាងនាគ មាននាមដូចជា៖ ព្រះនាងលីវយី ឬព្រះមេ ព្រះសុមេ ឬព្រះសុមេរាជ ឬព្រះកោនាគមនោ ឬព្រះនាង សោមា ឬព្រះនាងនាគ៕

ជិន សុភ័ក្ដ្រ