ក្រោយចាកផ្នួស យឹម ណារ៉ា ប្រាប់ពីមូលហេតុចូលសាងផ្នួស ខណៈកម្មវិធីធំៗ ២ រង់ចាំលោក
- 2022-04-20 04:36:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចាកផ្នួស យឹម ណារ៉ា ប្រាប់ពីមូលហេតុចូលសាងផ្នួស ខណៈកម្មវិធីធំៗ ២ រង់ចាំលោក
ចន្លោះមិនឃើញ
សាមណេរ យឹម ណារ៉ា ដែលជាតារាសម្ដែង និងជាពិធីករវ័យក្មេង បានចាកផ្នួសហើយកាលពីរសៀលថ្ងៃទី១៩ ខែមេសា បន្ទាប់ពីបួសសងគុណឪពុក-ម្ដាយ នៅវត្ដមួយក្នុងខេត្ដសៀមរាប អស់រយៈពេលជាង១សប្ដាហ៍។ មិនទាន់ដុះសក់ស្រួលបួលផង យឹម ណារ៉ា បង្ហើបថា លោកជាប់កម្មវិធីគេដល់ទៅ២ បាត់ទៅហើយនៅចុងសប្ដាហ៍នេះ។
លោក យឹម ណារ៉ា ប្រាប់Sabay នៅព្រឹកថ្ងៃទី២០ ខែមេសា ថា ដោយក្ដីអាណិត ស្រឡាញ់ពីព្រះគ្រូចៅអធិការ ព្រមទាំងព្រះសង្ឃគង់ក្នុងវត្ដដែលលោកធ្លាប់បួសនេះ គឺព្រះអង្គមិនចង់ឲ្យលោកសឹកឡើយ ប៉ុន្ដែដោយស្ទះការងារសិល្បៈច្រើនទើបលោកបង្ខំចិត្ដសឹក។ ប៉ុន្ដែថ្ងៃនេះ និងស្អែកលោកនៅជាមួយប៉ា និងម៉ាក់ បន្ដស្នាក់នៅផ្ទះបងក្នុងខេត្ដសៀមរាប នៅឡើយ ដើម្បីមានឱកាសបានដើរកម្សាន្ដ រហូតជិតដល់ថ្ងៃកម្មវិធីគេចាប់ផ្ដើមលោកនឹងឡើងមកភ្នំពេញតែម្ដង។
យឹម ណារ៉ា៖ “តាមពិត គម្រោងបួស តែ១សប្ដាហ៍ទេ តែឥឡូវឡើងដល់៩ថ្ងៃ ទើបសឹកម្សិលមិញ មិនទាន់មានអ្នកណាដឹងច្រើនក្រៅពីគ្រួសារ និងប៉ា-ម៉ាក់ ខ្ញុំទេ ព្រោះពេលសឹកបានធ្វើពិធីតូចមួយ ហើយក៏ឆ្លៀតចែកទាន។ បួសហ្នឹង…គោលបំណងធំចង់ភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា និងសងគុណម៉ាក់-ប៉ា កុំថាដល់លោកទាំងពីស្លាប់ទៅបានកោសក់បួស ហើយបួសនេះមិនដោយសារជាប់មាត់ជាប់ក ឬចាញ់កលស្រីអីទេ”។
លោក យឹម ណារ៉ា បានសាងផ្នួសកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នៅវត្ដប្រាសាទត្រាំនាគ ស្ថិតនៅក្រុងសៀមរាប។ ក្នុងរយៈពេលលោកបួសជាង១សប្ដាហ៍ គេឃើញសិល្បករ-សិល្បការិនី និងសាច់ញាតិទៅសួរសុខទុក្ខលោកច្រើន។ បើតាមលោក យឹម ណារ៉ា ក្នុងរយៈពេលលោកបួសនេះ ក៏មានគេទាក់ទងលោកថតស្ពតច្រើនដែរ ប៉ុន្ដែលោកមិនអាចទទួល ហើយលោកគ្រោងចាប់យកការងារទាំងនោះវិញ ក្រោយលោកទៅធ្វើជាពិធីករក្នុងកម្មវិធីប្រគំតន្ដ្រីរបស់ទូរទស្សន៍CTN និងPNN នៅចុងសប្ដាហ៍នេះ៕