ក្រៅពីបឹងយក្សឡោម! នៅរតនគិរីមានបឹងធំៗ៣ទៀត ធម្មជាតិស្រស់ត្រកាលណាស់ បងប្អូនមិនសូវស្គាល់ទេ

  • 2022-04-21 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តរតនគីរី គឺជាខេត្តដែលសម្បូរទៅដោយភ្នំភ្លើងងាប់ជាច្រើនពីអតីតកាល ដែលបច្ចុប្បន្នក្លាយទៅជាបឹងធម្មជាតិដ៏ស្រស់ត្រកាលជាច្រើនបានកំពុងតែលាក់ខ្លួនកណ្តាលព្រៃស្ងាត់ជ្រងំស្ទើរគ្មានមនុស្សទៅលេងកម្សាន្ត ពោលបើនិយាយទៅដល់បឹងនៅរតនគីរីភាគច្រើនបងប្អូនប្រជាពលរដ្ឋខ្មែរភាគស្គាល់តែបឹងយក្សឡោមប៉ុណ្ណោះ នៅថ្ងៃនេះSabay នឹងនាំទៅស្គាល់បឹងចំនួន៣ផ្សេងទៀតក្រៅពីបឹងយក្សឡោម ដែលមានសម្រស់ពុំចាញ់គ្នាប៉ុន្មាននោះឡើយ៖

១.បឹងយក្សម៉ាយ

"បឹងយក្សម៉ាយ" ជាបឹងទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ ដែលមានចំងាយប្រមាណជា ៧២គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរីនៅទីនេះមានសក្តានុពល ទេសចរណ៍សំខាន់គឺជាបឹងធម្មជាតិបន្ទុះភ្នំភ្លើង។

បឹងយក្សម៉ាយ ឬ ហៅ បឹង យាយមេម៉ាយជាបឹង ដែលមានទំហំធំជាងគេក្នុងចំណោមបឹងជាច្រើននៅក្នុងខេត្តរតនគិរី នឹងមានសម្រសស្រស់ស្អាតមិនចាញ់បឹងយក្សឡោមប៉ុន្មានឡើយ។ ការធ្វើដំណើរទៅកាន់បឹងនេះ នៅរដូវវស្សាពេលខ្លះមានការលំបាកខ្លាំង ឬ ត្រូវកាត់ផ្តាច់បណ្តោះអាសន្ន ដោយទឹកជនលេចអូ ដាច់ផ្លូវ កាត់វាលភក់ជ្រាំខ្លាំង។

ការធ្វើដំណើរទៅកាន់បឹងយក្សម៉ាយទៀតសោត នៅរដូវប្រាំអាចប្រព្រឹត្តទៅបានជាធម្មតាជាមួយផ្លូវលំមួយកំណាត់ និង ផ្លូវព្រៃមួយកំណាត់ បឹងយក្សម៉ាយ មានមនុស្សតិចណាស់ ដែលបានឃើញ និង ស្គាល់បឹងមួយនេះ បើទោះជា បឹងយក្សម៉ាយជាបឹងដែលកើតចេញពីមាត់ភ្នំភ្លើងដូចជាបឹងយក្សឡោមក៏ដោយ។

២.បឹងយក្សអោម ឬ បឹងភ្លោះ

បឹងយក្សអោម ដែលអ្នកស្រុកតែងហៅម៉្យាងទៀតថា «បឹងភ្លោះ» គឺជាប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដ៏ស្រស់ត្រកាល កើតចេញបន្ទុះភ្នំភ្លើងដូចគ្នា មានទីតាំងស្ថិតនៅ ភូមិណងហៃ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគីរី និងមានចម្ងាយប្រមាណជា ៦៥ គីឡូម៉ែត្រពីវិមានឯករាជ្យក្រុងបានលុង។

ប្រសិនបើយើងនិយាយអំពីចំណុច ទាក់ទាញនៃរមណីយដ្ឋានបឹងយក្សអោមដែលធ្វើអោយភ្ញៀវទេសចរ បំភ្លេចមិនបាននោះគឺសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃបឹង អមជាមួយទេសភាពស្រស់ត្រកាល ព្រៃព្រឹកក្សាធម្មជាតិពណ៍បៃតងសមស្របនឹងអាកាសធាតុអំណោយផលដ៏សែនត្រជាក់ស្រស់ស្រាយគួរជាទីមនោរម្យសម្រាប់ ភ្ញៀវទេសចរដែលលោកចូលចិត្តបែបធម្មជាតិ ឮសំឡេងសត្វយំចេបៗ ជាទីឋានលម្ហែ ដ៏ស្ងប់ស្ងាត់ហាក់បីដូចជាអនុស្សាវរីយ៍ដែលមិនអាចភ្លេចបានភ្លេច អស់នូវទុក្ខកង្វល់។

សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានបឹងយក្សអោម ភ្ញៀវទេសចរអាចនឹងត្រូវធ្វើដំណើរថ្មើរជើង តែមិនមានការធ្វើដំណើរឆ្លងទឹក ឬក៏ជិះទូកឡើយ រីកន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋានបឹងយក្សអោម គឺពុំទាន់មានខ្យូសអង្គុយ ឬក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរដែរ ។បឹងយក្សអោមក៏ពុំទាន់មានកន្លែងស្នាក់នៅសមស្រប ពុំទាន់មានបឹងហ្គាឡូ ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេពោលគឺធម្មជាតិព្រៃភ្នំសុទ្ធសាធតែម្តង ។

៣.បឹងលំកុដ

បឹងលំកុដ ក៏ជាបឹងធម្មជាតិមួយដ៏ស្រស់ត្រកាលហ៊ុមទ័ព្ធជុំវិញទៅដោយផ្ទាំងថ្មធំៗ មានម្លប់ត្រឈឹងត្រឈៃ កើតចេញពីបន្ទុះភ្នំភ្លើងមានទំហំ២៥ហិកតា ជំរៅប្រមាណជា៦០ម៉ែត្រ និងមានទីតាំងស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ចំងាយប្រហែល៥៤ គីឡូ ម៉ែត្រ ពីក្រុងបានលុង។

លក្ខណៈអេកូឡូហ្ស៊ីរបស់បឹងលំកុដដូចបឹងយក្សឡោមដែរ មាត់បឹងមានសណ្ឋានដូចរូបបេះដូង ហើយហ៊ុមទ័ព្ធជុំវិញទៅដោយផ្ទាំងថ្មធំៗ ភ្ញៀវទេសចរនឹង បំភ្លេចមិនបាននូវសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃបឹង អមជាមួយទេសភាពស្រស់ត្រកាល ព្រៃព្រឹកក្សាធម្មជាតិពណ៍បៃតងមិនចាញ់បឹងដទៃទៀតឡើយពោលគឺបឹងលំកុដ ជាបឹងធម្មជាតិដ៏ស្រស់ត្រកាល ស្ថិតនៅលើតំបន់ខ្ពង់រាប និងជួរភ្នំដែលគ្របដណ្តប់ដោយព្រៃត្រូពិច មានពណ៌បៃតងជានិច្ច ។

បឹងលំកុដមានដើមឈើទ្រេតជាច្រើន ហាក់បី ដូចជាចង់ដួលរលំទៅលើផ្ទៃទឹកបឹងដ៏ថ្លាពណ៌ខៀវស្រងាត់ ។ បឹងនេះ កើតឡើងពីបន្ទុះភ្នំភ្លើង បានផ្តល់ជាសំបុកមច្ឆជាតិតូចធំជាច្រើនប្រភេទ ។ បឹងនេះ គឺជាកន្លែងរស់នៅដ៏សុខសាន្តរបស់ជនជាតិដើមភាគតិចទំពួន ព្នង និងជនជាតិឡាវ ៕

ប្រភព​រូប​៖ Learnmore and អស្ចារ្យកម្ពុជា

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី