ភ័ព្វសំណាង និងសក្ដានុពលនៃទីផ្សារលក់អនឡាញនៅកម្ពុជា

  • 2022-04-20 10:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរបាយការណ៍គិតត្រឹមដើមឆ្នាំ ២០២២ បានបង្ហាញថា ១៣.៤៤ លាននៃអ្នកប្រើប្រាស់អ៊ីនធឺណេតនៅកម្ពុជា គឺកើន ៥ដង ធៀបនឹងឆ្នាំ ២០១២ ដែលមានជាង ២.៤លាននៃអ្នកប្រើប្រាស់អ៊ីនធឺណេត។

សន្ទុះកើនឡើងនៃតួរលេខនេះ គេអាចវាយតម្លៃវិជ្ជមានដល់ ទីផ្សារពាណិជ្ជកម្មអនឡាញ ឬ ecommerce កម្ពុជា មានភ័ព្វសំណាង ព្រោះអ្នកប្រើអ៊ីនធឺណេតភាគជាច្រើនចន្លោះពី ១៣ ទៅ ៣៥ឆ្នាំ មានគំនិតច្នៃប្រឌិត ចង់ចេះ ចង់ដឹង និងរៀនចាប់ឱកាសតាមប្រព័ន្ធ​អេឡិចត្រូនិកបានលឿន រហូតឈានដល់ការបង្កើតអាជីវកម្មតាមប្រព័ន្ធអនឡាញទៀតផង។

ស្របពេលដែលសព្វថ្ងៃ ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិកកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយអាជីវកម្មនានាកំពុងធ្វើការទាញយកផលប្រយោជន៍ចេញពីថ្នាលថ្មីទាំងនេះ ដូចជា ការកាត់បន្ថយថ្លៃដើម និងពេលវេលា បង្កើន​ការលក់ និងផលិតភាព ពង្រីកវិសាលភាព​​ទីផ្សារ ព្រមទាំងបង្កើនការគាំទ្រ​ពីអតិថិជន។ ហើយអតិថិជនវិញ គឺមានភាពងាយស្រួល លឿនឆាប់រហ័ស និងទំនើបជាងមុន។ ទំនើបនោះត្រង់ថា អតិថិជន មិនបាច់មានក្រដាសប្រាក់ជាប់ជាមួយ ដោយអាចទូរទាត់តាមប្រព័ន្ធធនាគារ E-banking, ដូច ចាយតាម ABA ជាដើម។

បើមើលទៅឆ្នាំ ២០១៣ ត្រូវបានគេចាត់ទុកជាពេលដែលការទិញទំនិញអនឡាយចាប់ផ្ដើមសាយភាយនៅកម្ពុជា ដែលពេលនោះគេឃើញ មាន Khmer24 វេបសាយទិញលក់ទំនិញក្នុងស្រុកមួយដំណើរការបានមុនគេ។ បន្ទាប់មក មានកម្មវិធី App សេវាដឹកជញ្ជូនម្ហូបអាហារ ទំនិញ នានា។ រហូតដល់ពេលនេះ វិស័យអនឡាញក៏ចាប់ផ្ដើមរីកដុះដាលបន្តិចម្ដងៗ មានទាំងអាជីវកម្មខ្នាតធំ និងតូច ទាំងអ្នកលក់ខោអាវ កាបូប គ្រឿងសំអាង អាចប្រមូលផ្ដុំលើវិស័យអនឡាញបានគ្រប់គ្នា។

ទោះបីយ៉ាងណា ពាណិជ្ជអនឡាញកម្ពុជារីកលូតលាស់នាបច្ចប្បន្នមិនមែនដើរដោយមិនបានសូត្រពីគេនោះដែរ។ ជាក់ស្ដែងបងធំដែលមិនអាចរំលងនោះគឺ អាមេរិក ដែលមាន amazon ជាក្រុមហ៊ុនពាណិជ្ជកម្មអនឡាញធំបផុតចាប់តាំងពីឆ្នាំ ១៩៩៤ ដោយ ០១ថ្ងៃ មានការបញ្ជាទិញ ១,៦លានកញ្ចប់ សម្រាប់តែសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ខណៈចិន ដែលមានក្រុមហ៊ុន Alibaba បង្កើតឆ្នាំ ១៩៩៩ មានបុត្រសម័្ពន្ធ Tmall និង Taobao ទទួលបញ្ជាទិញទូទាំងពិភពលោកប្រមាណ ២.៣ ពាន់លានកញ្ចប់ ក្នុងមួយថ្ងៃ។ បងធំទាំងពីរសុទ្ធតែបានបំបែកខ្លួនពីការប្រមូលផ្ដុំទិញលក់ទំនិញអនឡាញតូចៗក្នុងស្រុក រហូតចែកចាយជុំវិញពិភពលោក។

តាមការព្យាករណ៍ កម្ពុជារំពឹងថា វិស័យពាណិជ្ជកម្មអនឡាញក្នុងប្រទេសនឹងបន្តកើនឡើង ជាមួយការអភវិឌ្ឍថ្មី ការច្នៃប្រឌិតអាជីវកម្ម និងក្លាយជាសសរស្ដម្ភសេដ្ឋកិច្ចកម្ពុជានាពេលខាងមុខ។

សូមបន្ថែមថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់កម្ពុជារកចំណូលបាន ១៨២ លានដុល្លារកាលពីឆ្នាំ ២០២០ ប៉ុន្តែនៅមិនទាន់មានទិន្នន័យច្បាស់លាស់ នូវចំនួនអ្នកទិញលក់អនឡាញមួយថ្ងៃប៉ុន្មាននៅឡើយ ខណៈកម្ពុជាបានអនុម័តច្បាប់ស្ដីពី​ពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិកកាលពីឆ្នាំ២០​២០​​៕

ប្រភពទិន្នន័យ៖

https://datareportal.com/reports/digital-2022-cambodia

https://drive.google.com/file/d/1LZScV4fJnj30UL_4x8CR3KKrQCBVG3sZ/view

អត្ថបទថ្មី