នេះនែ! ឡាន MPV របស់ Audi សាកភ្លើង​ពេញជិះបាន ៧៥០គ.ម

  • 2022-04-25 08:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Audi បាន​បញ្ចេញ​គំរូ​រថយន្ត MPV ថ្មីរបស់ខ្លួនគឺម៉ូដែល Urbansphere ដែល​ជាប្រភេទរថយន្តអគ្គិសនី ហើយវា​នឹងត្រូវផ្តោតសំខាន់បំផុត​នៅក្នុងទីក្រុងធំៗ​របស់​ប្រទេសចិន។

រថយន្ត Audi Urbansphere នេះ​ ត្រូវបានរចនាជាពិសេស​សម្រាប់​ប្រើប្រាស់​នៅក្នុងទីក្រុង​ដែល​មាន​មនុស្សច្រើនកកកុញ ព្រោះ​វា​មិនជាធំណាស់ណាទេ តែវែង ដោយវាមានប្រវែង ៥,៥១ម៉ែត្រ ទទឹង ២,០១ម៉ែត្រ កម្ពស់ ១,៧៨ម៉ែត្រ។

ត្បិតវាវែង តែវាមានកៅអីតែ២ជួរ ឬ ៤កៅអីប៉ុណ្ណោះ ហើយ​កៅអីនីមួយៗ​គឺ​សុទ្ធតែសម្រាប់​លំដាប់​អភិជនតែម្តង មិនថាការបំពេញការងារ ការសម្រាក និង​កម្សាន្ត​នោះទេ ដែល​វាបត់បាន​ និងប្រើមុខងារ​តាម​អ្វីដែល​យើងចង់បាន។

ចំពោះ​ការឌីហ្សាញផ្នែកខាងមុខ ត្រូវបាន​ហៅថា Audi Light Canvas ដែលមាន​បន្ទះពន្លឺ​ឌីណាមិច។ ក្នុង​ប៉ាណា​ មាន​បង្កប់​ដោយ​អំពូល​តូចៗ ដែល​ជា​សញ្ញា​ផ្តល់​ដល់​អ្នកបើកបរដទៃ ដើម្បី​បង្កើន​សុវត្ថិភាព​ថែមទៀត។ ឯផ្នែក​ខាងក្រោយ​វិញ ក៏ត្រូវបាន​ឌីហ្សាញ​យ៉ាង​ស្រស់ស្អាត​ផងដែរ។

រថយន្ត​ Audi នេះ បំពាក់​ម៉ូទ័រ​អគ្គិសនី២ ផលិតបាន​កម្លាំង​ ៣៩៥សេះ និង​កម្លាំងរមួល ៦៩០ញ៉ូតុនម៉ែត្រ រត់ប៉ុង២។ ចំណែក​អាគុយ​របស់​វាមានទំហំ​ជាង ១២០គីឡូវ៉ាត់​ម៉ោង ដោយ​ពេល​សាកពេញ​ម្តង អាចធ្វើឱ្យ​រថយន្ត​ធ្វើដំណើរ​បាន​ចម្ងាយ ៧៥០គីឡូម៉ែត្រ។ បន្ថែម​លើសនេះ វា​ក៏​ភ្ជាប់​ជាមួយដុំ​សាកលឿន ក្នុងការ​សាកពី ៥ ដល់ ៨០% ប្រើពេល​តិច​ជាង ២៥នាទី។

លើសពីនេះទៅទៀត Urbansphere ក៏មកជាមួយ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ Level 4 ផងដែរ ដែល​បច្ចុប្បន្ន​ Audi កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Software CARIAD។ ចំណុចពិសេសនោះគឺថា វា​អាចបើកបរស្វ័យប្រវត្តិ​ដឹក​អ្នកដំណើរ​ពីមុខផ្ទះ ទៅកាន់​គោលដៅណាមួយ​ បន្ទាប់មក​រថយន្ត​នេះ​នឹង​ទៅរកកន្លែងចូលចត​ និងសាកភ្លើង​ដោយខ្លួនវាទៀតផង៕

អត្ថបទ៖ សំភី

អត្ថបទថ្មី