ស្មានខុសអស់រលីង! ការពិតឡានអគ្គិសនីទី១របស់ Subaru ថ្លៃជាងឡាន​ Toyota bZ4X

  • 2022-04-26 07:59:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីចុងឆ្នាំមុន Toyota និង Subaru បាន​ធ្វើឱ្យមានការភ្ញាក់​ផ្អើល​ម្តង​រួចមកហើយ ដែល​ក្រុមហ៊ុន​បាន​ប្រកាស​បញ្ចេញ​រថយន្តអគ្គិសនី​ទីមួយរបស់ខ្លួនដូចគ្នា ហើយអភិវឌ្ឍលើគ្រោងឆ្អឹងតែមួយ និងមានចំណុច​ជាច្រើន​ដូចគ្នា។ ក្នុងនោះ Toyota បាន​បញ្ចេញ bZ4X ឯ Subaru បញ្ចេញ​ Solterra ដែល​គេហៅថាពួកវា​ជាបងប្អូនភ្លោះនឹងគ្នាទៀតផង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺ​គេស្មានខុសហើយថា រថយន្ត bZ4X នឹង​ថ្លៃជាង Solterra ការពិតគឺរថយន្តអគ្គិសនីរបស់​ Subaru នេះទៅវិញ​ដែលថ្លៃជាងរថយន្ត Toyota។

Subaru Solterra មាន​តម្លៃចាប់ពី ៤៦ ២២០ដុល្លារឡើងទៅ ខណៈ Toyota bZ4X មាន​តម្លៃចាប់ពី ៤៣ ២១៥ដុល្លារឡើងទៅ ពោលគឺ​ខុសគ្នាប្រហែល ៣ពាន់ដុល្លារ។ រថយន្ត Solterra ដែល​ថ្លៃជាងបែបនេះ អាច​ដោយសារតែ Subaru ចំណាយ​លើ​ការផលិតច្រើនជាង ដូចជា បំពាក់​ម៉ូទ័រភ្លើង២ និង​ប្រព័ន្ធប៉ុង២ លើ​រថយន្ត​Base option ​របស់​ខ្លួនទៅហើយ ខណៈដែល Toyota បំពាក់​តែម៉ូទ័រភ្លើង១ និងប៉ុង១ខាងមុខ។

សូមបញ្ជាក់ថា រថយន្ត Subaru Solterra មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ និង ប្រព័ន្ធបើកបរប៉ុងពីរ ដែលបង្កើតកម្លាំងបាន ២១៨សេះ និងកម្លាំងរមួល ៣៣៦ញ៉ូតុនម៉ែត្រ។ ក្រុមហ៊ុន Subaru អះអាងថា រថយន្តអគ្គិសនីនេះអាចរត់បានចម្ងាយ ២២០ម៉ាយ៍ ឬ ៣៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ វាក៏គាំទ្រការសាកថ្មល្បឿនលឿន DC Fast Charging ដែលមានសមត្ថភាពអាចសាកពី ០-៨០% ប្រើពេលមិនដល់ ១ម៉ោងឡើយ។

 រថយន្ត bZ4X គ្រប់ option គឺពេល​សាកភ្លើងពេញ​ម្តង បើកបាន​ចម្ងាយ ៤៥០គីឡូម៉ែត្រ។ សម្រាប់ប៉ុង១ វា​ផលិតបាន​កម្លាំង ២០១សេះ និង​កម្លាំងរមួល ២៦៥ញ៊ូវតុនម៉ែត្រ ឯប៉ុង២ ផលិតបាន​កម្លាំង ២១៥សេះ និង​កម្លាំងរមួល ៣៣៦ញ៊ូវតុនម៉ែត្រ៕

អត្ថបទ៖ សំភី