កាន់តែទាក់ទាញ​ខ្លាំង! កម្ពុជា នឹងរៀនសូត្រពីម៉ាល់ឌីវ មកអភិវឌ្ឍកោះរបស់​ខ្លួន

  • 2022-04-27 07:47:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ​មាន​បំណង​ចង់​អភិវឌ្ឍកោះរបស់ខ្លួន ដើម្បីបង្កើន​សក្តានុពល​ទេសចរណ៍ តាម​រយៈកិច្ចសហការ​ជាមួយ​ប្រទេសជាដៃគូ ក្នុងនោះ កម្ពុជា នឹង​សិក្សា​រៀនសូត្រពី​ម៉ាល់ឌីវ ដែល​ជាប្រទេស​កោះទេសចរណ៍​ដ៏ល្បីបំផុត​មួយ​ក្នុងពិភពលោក។

ក្នុង​ជំនួប​ជាមួយ​លោក Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មី​នៃ​សាធារណរដ្ឋ​ម៉ាល់ឌីវ​ប្រចាំ​កម្ពុជា ដែលមាន​និវេសដ្ឋាន​នៅក្រុងបាងកក កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បាន​ស្នើសុំ និងឯកភាព​គ្នា ជំរុញ​ការហោះហើរ​រវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តម​បាន​លើកឡើង​ថា ទោះ​បី​ម៉ាល់ឌីវជាប្រទេស​តូចមែន ប៉ុន្តែ​ជាប្រទេសម្បូរដោយកោះ អ៊ីចឹង​ថ្ងៃក្រោយ​កម្ពុជា​អាចទៅសិក្សា​យកបទពិសោធន៍​ពីការ​អភិវឌ្ឍនកោះ​នៅម៉ាល់ឌីវ មកធ្វើការ​អភិវឌ្ឍកោះក្នុងស្រុក។

រូបថត៖ ក្រសួងទេសចរណ៍

ឯកឧត្ដម ថោង ខុន ក៏បានជម្រាបថា សកម្មភាពសង្គមសេដ្ឋកិច្ច និងវិស័យទេសចរណ៍ក៏បានបើកឡើងវិញនៅក្នុងប្រក្រតីភាពថ្មី និងបន្តវិធានការសុវត្ថិភាពមួយចំនួនផងដែរ។ កម្ពុជាបានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចហើយ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញ គឺអាចចូលទស្សនានៅកម្ពុជាបាន ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា ហើយស្ថានភាពនេះ គឺមានតែកម្ពុជាទេ ដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ​ដែលធ្វើឱ្យមាន​កំណើនចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនានៅកម្ពុជា និង​កំណើន​ទេសចរក្នុងស្រុក​ផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ជាពិសេសអំឡុងពេលកូវីដ១៩នេះ នៅឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយរដ្ឋាភិបាលបានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដើម្បីទ្រទ្រង់ដល់វិស័យទេសចរណ៍ ដូចជាផ្លូវថ្នល់ជាច្រើនខ្សែនៅខេត្តសៀមរាប និង​ខេត្តព្រះសីហនុ ដូច្នេះកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកភ្ញៀវទេសចរអន្តរជាតិ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី