ស្ទើរ​ស្រក់​ទឹក​ភ្នែក! ឬទ្ធី សំណាង ១៥​ឆ្នាំ​ជាមួយ​បាល់ទាត់​ខ្មែរ​អស់​ប្រាក់​រាប់​លាន​ដុល្លារ ព្រោះ​មិន​ចង់​ឱ្យ​បរទេស​មើល​ងាយ

  • 2022-05-11 03:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ដំណឹង​ដ៏​គួរ​ឱ្យ​សោកសៅ​មួយ​សម្រាប់​វិស័យ​បាល់ទាត់​ខ្មែរ ​និង​អ្នក​គាំទ្រ​ទាំង​អស់ ​ដែល​បាន​ដឹង​ថា​លោក​ឧកញ៉ា ​ឬទ្ធី សំណាង ប្រធាន​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​បាន​ទទួលអនិច្ចកម្មនាថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០២២​នេះ​ដោយ​រោគាពាធ។

​លោក​ឧកញ៉ា​ត្រូវ​បាន​គ្រប់​គ្នា​ស្គាល់​ច្បាស់​ថា​ជា​អ្នក​ស្រលាញ់​វិស័យ​បាល់ទាត់​ខ្មែរ​ពិត​ៗ ​ដោយ​លោក​បាន​ក្លាយ​ជា​ប្រធាន​ក្លឹប​ភ្នំពេញ​ក្រោន​នៅ​ឆ្នាំ​២០០៨ ​ដោយ​កាល​នោះ​ក្លឹប​មាន​ឈ្មោះ​ថា Phnom Penh Empire។ ​ចូល​កាន់​តំណែង​ភ្លាម ​បុរស​ដែល​គ្រប់​គ្នា​ដឹង​ថា​ប្រឹងប្រែង​ពី​បាត​ដៃ​ទទេ រហូត​ក្លាយ​ជា​អ្នក​មាន​បាន ​និង​មុខ​របរ​ច្រើន​ក្នុង​ដៃ ​បាន​អភិវឌ្ឍ​ក្លឹប​នេះ​ឱ្យ​ងើប​ឡើង​វិញ។ ដោយ​កាល​នោះ ​លោក​បាន​រៀន​សូត្រ ​និង​ជួល​គ្រូ​ជា​ច្រើន​មក​បង្ហាត់​ជា​ថ្នាល​យុវជន ​កសាង​ជា​ក្លឹប​អាជីព ​មាន​កីឡដ្ឋាន ​កន្លែង​ហ្វឹកហាត់​ត្រឹមត្រូវ។ ​រហូត​ដល់​ភ្នំពេញ​ក្រោន​ក្លាយ​ជា​ក្លឹប​ធំ​ជាង​គេ​នៅ​កម្ពុជា ​ដោយ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​ជា​ច្រើន។

​ជះ​លុយ​មួយ​ឆ្នាំ​ៗ​មិន​ក្រោម​៥០​ម៉ឺន​ដុល្លារ លោក​ឧកញ៉ា ​ឬទ្ធី សំណាង​ ក៏​ធ្លាប់​មាន​បំណង​ចង់​បោះបង់​ចោល​ដែរ​ចំពោះ​ការ​ដាក់​ទុន​លើ​វិស័យ​បាល់ទាត់​នេះ តែ​ដោយសារ​ចង់​ឱ្យ​កូន​ខ្មែរ​មាន​អនាគត ​និង​វិស័យ​បាល់ទាត់​ខ្មែរ​អាច​ប្រកួតប្រជែង​ជាមួយ​បរទេស​បាន ទើប​លោក​តែងតែ​បន្ដ​ជា​ដរាប​មក។ ដោយ​មាន​ទាំង​ក្រុម​នារី​ផង ​ក្រុម​បុរស​ផង ​និង​មាន​កីឡដ្ឋាន​ផ្ទាល់​ខ្លួន​ស្ដង់ដារ​តម្លៃ​ជាង​១​លាន​ដុល្លារ​ថែម​ទៀត។

​បុរស​ដែល​ចេញ​រក​ស៊ី​តាំង​ពី​អាយុ​១៦​ឆ្នាំ​ខាង​លើ​ធ្លាប់​អះអាង​ថា​លោក​មិន​ចង់​បាន​ប្រាក់​ចំណេញ​អ្វី​ពី​បាល់ទាត់​នោះ​ទេ ​តែ​លោក​ធ្វើ​ដើម្បី​អនាគត​ក្មេង​ៗ​ដែល​ស្រលាញ់​បាល់ទាត់។ លោក​ចង់​ប្រាប់​គ្រប់​គ្នា​ថា ​អ្នក​លេង​បាល់ទាត់​មិន​មែន​អត់​អនាគត​ឡើយ ​នៅ​ថ្ងៃ​ណា​មួយ​គ្រប់​គ្នា​នឹង​ដឹង​ថា​អាជីព​បាល់ទាត់​ក៏​អាច​រស់​ស្រួល​បាន​ដែរ លេង​បាល់ទាត់​ក៏​មាន​អនាគត​ដែរ។ ​ហើយ​ចំណុច​មួយ​ដែល​លោក​ចង់​បាន​វិញ​ចំពោះ​ការ​វិនិយោគ​នេះ គឺ​មុខ​មាត់​ខ្មែរ​លើ​ឆាក​អន្ដរជាតិ ​មិន​ឱ្យ​បរទេស​មើល​ស្រាល​បាន​នោះ​ទេ។

តែ​ពេល​វេលា​សោកសៅ​ក៏​បាន​មក​ដល់ ​នៅ​ថ្ងៃ​ទី ១១​ខែ​ឧសភា​ឆ្នាំ​២០២២​នេះ ​លោក​ឧកញ៉ា ​ឬទ្ធី សំណាង បាន​ទទួលអនិច្ចកម្ម​​ទៅ​ហើយ។ វា​ជា​ដំណឹង​ដែល​គ្រប់​គ្នា​សឹង​មិន​អាច​ទទួល​យក​បាន ចំពោះ​ការ​បាត់បង់​មនុស្ស​ដែល​ស្រលាញ់​បាល់ទាត់​ចេញ​ពី​ចិត្ត​បែប​នេះ។ ​តែ​យ៉ាង​ណា ​អ្វី​ដែល​លោក​ចង់​ឃើញ​នោះ ក៏​បាន​ចេញ​ផ្លែផ្កា​ខ្លះ​ហើយ​ដែរ។ ​ក្រុម​ភ្នំពេញ​ក្រោន ទាំង​ប្រុស​ទាំង​ស្រី សុទ្ធ​តែ​ក្លាយ​ជា​កីឡាករ​អាជីព ​មាន​ប្រាក់​ខែ​សមរម្យ។ ​ជម្រើស​ជាតិ​កម្ពុជា​វិញ ដែល​មាន​ថ្នាល​ចេញ​ពី​ក្រោន​ច្រើន​នាក់​ដែរ​នោះ ក៏​អាច​លើក​មុខ​មាត់​ជាតិ ​អាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ប្រទេស​ដទៃ​ទៀត​បាន​ដែរ៕

អត្ថបទ៖ នរវិទូ