Sony បញ្ចេញកំពូលកាស WH-1000XM5 ប្ដូររូបរាងថ្មីទាំងស្រុង តម្លៃ ៣៩៩ដុល្លារ

  • 2022-05-13 02:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាសក្ដោប Wireless ទប់សំឡេងរំខានពីក្រៅរបស់ Sony ពេលនេះទើបចេញម៉ូឌែលថ្មីជំនាន់ទី៥ មានឈ្មោះថា WH-1000XM5 អាប់ឌែតទប់សំឡេងរំខានពីខាងក្រៅបន្ថែម និងឌែហ្សាញរូបរាងឱ្យប្លែកជាងមុខផងដែរ។

កាសជំនាន់ថ្មីនេះរចនាដងទប់ក្បាលធំជាងមុនបន្ដិច មានរាងមូល មិនសំប៉ែតដូចមុន ហើយសូម្បីតែចុងដៃសម្រាប់ភ្ជាប់នឹងកាស ក៏ត្រូវឌីហ្សាញឱ្យមូលផងដែរ។ និយាយជារួម វាត្រូវបានប្ដូររូបរាងថ្មីទាំងស្រុងតែម្ដង សូម្បីតែកាសត្រចៀកខាងឆ្វេងនិងខាងស្ដាំ ក៏រាងជ្រុងជាមុនច្រើនផងដែរ។

ការឌីហ្សាញបែបនេះ ក៏ធ្វើឱ្យវាស្រាលជាមុនបន្តិច ត្រឹម ២៥០ក្រាម ខណៈ XM4 ទម្ងន់ ២៥៤ក្រាម។ មិនខុសពីជំនាន់មុន ថ្មរបស់កាសអាចប្រើបានដល់ទៅ ៤០ម៉ោង ហើយបើបើកមុខងារ ទប់សំឡេងរំខាន (ANC) គឺអាចប្រើបានត្រឹម ៣០ម៉ោង។ ចំណែកការបញ្ចូលថ្មវិញ ចំណាយពេល ៣ម៉ោង។ បើត្រូវការស្ដាប់បន្ទាប់ពេលអស់ថ្មអី អាចសាកត្រឹម ៣នាទី អាចស្ដាប់បានខ្ទង់ ៣ម៉ោង ឯណោះ។

XM5 ប្រើមីក្រូហ្វូនចំនួន៨ (ម៉ូឌែលមុនមានត្រឹម៤) ប្រើ driver សំឡេងថ្មី 30mm អាចឱ្យកាសបញ្ជូនសំឡេងបានខ្ពស់ និងត្រឹមត្រូវពីឧបករណ៍ដែលចាក់មក។ ក្រៅពីនេះ ក៏នៅមានមុខងារ SBC និង AAC ក៏ដូចជា DSEE Extreme សម្រាប់បង្ហាប់សំឡេងឱ្យណែន និងមានមុខងារ 360 Reality Audio spatial sound ដែលជា effect សំឡេងលាន់ដេញពេញត្រចៀកជុំវិញផងដែរ។

Sony WH-1000XM5 មានតម្លៃប្រមាណ ៣៩៩ដុល្លារ ថ្លៃជាង XM4 ៥០ដុល្លារ ដែលមានជម្រើស ៣ពណ៌ គឺពណ៌ស ប្រាក់ និងខ្មៅ។ Sony នឹងដាក់លក់កាសនេះ នៅសប្ដាហ៍ក្រោយ ថ្ងៃទី២០ ខែឧសភា៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី