ល្អណាស់! កម្ពុជាកំពុងបោះជំហានទៅគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារតាំងពីកសិដ្ឋាន រហូតដល់តុអាហារ
- 2022-05-20 03:43:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់! កម្ពុជាកំពុងបោះជំហានទៅគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារតាំងពីកសិដ្ឋាន រហូតដល់តុអាហារ
ចន្លោះមិនឃើញ
កម្ពុជាបាន និងកំពុងបោះជំហានទៅបង្កើតឲ្យលេចជារូបរាងឡើងនូវច្បាប់គ្រប់គ្រងសុវត្ថិភាពចំណីអាហារ ក្រោយសេចក្ដីព្រាងពីច្បាប់មួយនេះ ទទួលបានការបោះឆ្នោតគាំទ្រទាំងស្រុងពីសមាជិកព្រឹទ្ធសភា។
សេចក្ដីព្រាងច្បាប់សុវត្ថិភាពម្ហូបអាហារ រៀបចំដោយក្រសួងពាណិជ្ជកម្ម ត្រូវបានយកទៅពិភាក្សានៅក្នុងអង្គប្រជុំរបស់ព្រឹទ្ធសភាកាលពីថ្មីៗនេះ។ តាមឯកឧត្ដម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដែលបានដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាលចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទទួលទានអាហារប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យល្អ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងជៀសវាងការកើតជំងឺផ្សេងៗរាប់រយប្រភេទ។
លើសពីនេះ សេចក្ដីព្រាងច្បាប់នេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់កម្ពុជា បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះចូលជាធរមាន។ តាមឯកឧត្តមទេសរដ្ឋមន្រ្តី សេចក្ដីព្រាងច្បាប់នេះ មានចំណុចសំខាន់ៗចំនួន៤ រួមមាន៖
១.ការបង្កើតឱ្យមានយន្តការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នជាតិ ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។
២.ការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដានិងបទប្បញ្ញត្តិបច្ចេកទេសជាតិ សំដៅធានាឱ្យបាននូវការការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តពាណិជ្ជកម្មស្មើភាពសំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
៣.សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម។
៤.សេចក្តីព្រាងច្បាប់នេះ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំបាននូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោក។
ជាលទ្ធផល អង្គប្រជុំវិសាមញ្ញ នីតិកាលទី៤ នៃព្រឹទ្ធសភា បានពិភាក្សា និងអនុម័តគាំទ្រលើសេចក្ដីព្រាងច្បាប់នេះតាមជំពូក និងមាត្រានីមួយៗ ដោយរក្សាខ្លឹមសារដើមទាំងស្រុង ដោយមិនមានចំណុចស្នើឲ្យកែប្រែឡើយ។ ជាមួយគ្នា អង្គប្រជុំ ក៏បានកោតសរសើរដល់គណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះឡើង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងគិតគូពីសុខភាពរបស់ប្រជាពលរដ្ឋ៕