Xperia 1 IV៖ ឌីហ្សាញម្តង ទុកប្រើ៣ជំនាន់ ជាមួយកញ្ចប់កាមេរ៉ា មិនដែលមានលើទូរសព្ទផ្សេង

  • 2022-05-23 08:34:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយពីរឿងលឿន ទូរសព្ទ Sony Xperia 1 iv មិនមែនលឿនតែម៉ាស៊ីននោះទេ គឺរួមទាំងកាមេរ៉ា និងអេក្រង់ផងដែរ ហើយវាសុទ្ធតែមានប្រយោជន៍សម្រាប់ការប្រើប្រាស់ដូចគ្នា។ តោះចង់ដឹងថាវាមានប្រយោជន៍យ៉ាងណាខ្លះ មកតាមដានទាំងអស់គ្នា។

និយាយពីកាមេរ៉ាមុន ដែលជាបេះដូងនៃទូរសព្ទមួយគ្រឿងនេះ វាអាចចាប់យករូបភាពល្បឿនល្បឿន ២០សន្លឹកក្នុង១វិនាទី ធ្វើឲ្យអ្នកនឹងមិនបាត់បង់រូបថតនៃសកម្មភាពលឿនៗឡើយ។ សម្រាប់អ្នកដែលចូលចិត្តថតរូបបែបកីឡា មានកូនៗតូចរពឹស និងមានសត្វចិញ្ចឹមជាដើមនោះ ប្រាកដជាពេញចិត្ត។ មិនត្រឹមតែប៉ុណ្ណោះ មុខងារ Eye Auto Focus ក៏ធ្វើការបានល្អ ចាប់យកចំណុច Focus របស់មនុស្ស និងសត្វបានត្រឹមត្រូវ ដោយយកភ្នែកជាគោល។ ហើយកាន់តែមិនធម្មតាទៀតនោះគឺរូបភាពដែលថតបានគឺជាប្រភេទ HDRទាំងអស់។

ចំណែកវីដេអូវិញអាចថត 4K HDR 120fps ចេញពីគ្រប់ Lens ទាំង៣។ កន្លងទៅនៅលើ Xperia 1 iii គឺអាចថតចេញពីលេនដើមប៉ុណ្ណោះ មិនអាចប្រើលើលេនទូលាយ និងលែន Tele បាននោះទេ។ មុខងារនេះអាចប្រើប្រាស់បាននៅក្នុងកម្មវិធីកាមេរ៉ា Cinema Pro ផ្ទាល់តែម្តង។ អាចផ្តិតយកវិដេអូកម្រិតច្បាស់បំផុត 4K ក្នុងល្បឿនយឺតជាងមុន ៥ដង មើលឃើញនូវសកម្មភាព ដែលភ្នែកទទេរមិនអាចមើលទាន់។

ចំណុចលេចធ្លោមួយទៀតរបស់ទូរសព្ទនេះ គឺលេន Tele របស់វាអាចពង្រីកបានពី 85mm ដល់ 125mm ដោយប្រើសេនស័រតែមួយ រក្សាគុណភាពរូបភាពខ្ពស់ ផ្តល់បទពិសោធន៍ដូចដែលយើងកំពុងប្រើលេន Zoom នៅលើពពួក Digital Camera ដូច្នេះដែរ។

ចូលដល់អេក្រង់ 4K HDR Oled របស់វាវិញកាន់តែអស្ចារ្យ ល្បឿន 120Hz គ្រប់យ៉ាងនៃទូរសព្ទនេះគឺ 120Hz បន្ថែមពីលើនេះពន្លឺអេក្រង់លើទូរសព្ទជំនាន់ថ្មីនេះអាចបញ្ចេញលើសជំនាន់មុនដល់ទៅ ៥០ភាគរយ គិតជាតួលេខ 1000nits។

ចំពោះកម្លាំងម៉ាស៊ីនវាបំពាក់ដោយ CPU Snapdragon 8 Gen 1 រត់បានទាំងអស់ចំពោះហ្គេមសម័យនេះ។ ចំណុចពិសេសនៃទូរសព្ទនេះ ទោះបីជាកំពុងលេងបណ្តើរសាកបណ្តើរក៏កម្រិតល្បឿនម៉ាស៊ីនមិនធ្លាក់ចុះដោយសារកម្តៅនោះដែរ ដោយសារមុខងារ Gaming Mode នៅលើនេះផ្តល់ជម្រើសបិទមិនឲ្យថ្មចូលនោះទេ គឺវានឹងប្រើភ្លើងដោយផ្ទាល់សម្រាប់ដំណើរការ។

គួរបញ្ជាក់ផងដែរថា Xperia 1 IV ជាទូរសព្ទកំពូលរបស់ Sony ទើបបានប្រកាសចេញជាផ្លូវការកន្លងទៅ ជាមួយនឹងមុខងារកំពូលគ្រប់កន្លែងរួមមានកម្លាំងម៉ាស៊ីនលឿន អេក្រង់ច្បាស់ ខ្នាតកុន 21:9 ក្នុងតម្លៃ ១៦០០ដុល្លារ៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី