រោគសញ្ញាប៉ុន្មានមុខនេះ ធ្វើឲ្យ ចន ច័ន្ទលក្ខិណា ភ័យខ្លួន ប្រញាប់ចេញទៅពិនិត្យជំងឺនៅក្រៅប្រទេស
- 2022-05-24 02:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោគសញ្ញាប៉ុន្មានមុខនេះ ធ្វើឲ្យ ចន ច័ន្ទលក្ខិណា ភ័យខ្លួន ប្រញាប់ចេញទៅពិនិត្យជំងឺនៅក្រៅប្រទេស
ចន្លោះមិនឃើញ
ប្រធានសមគមសិល្បករខ្មែរ និងជាតារាសម្ដែងស្រីវ័យជ្រេ ចន ច័ន្ទលក្ខិណា គ្រោងចេញទៅពិនិត្យជំងឺនៅក្រៅប្រទេស សប្ដាហ៍ក្រោយ បន្ទាប់ពីអាការៈជំងឺដុះសាច់ក្នុងបំពង់ក ឬThyroid បានរើឡើងវិញ បណ្ដាលឲ្យរាំងស្ទះការងារសិល្បៈ និងអាក់ខានចូលរួមកម្មវិធីជាច្រើន។
កាលពីយប់ថ្ងៃទី២៣ ខែឧសភា អ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសសុំទោសម្ចាស់កម្មវិធីដែលនាងមិនបានអញ្ជើញទៅចូលរួមដោយផ្ទាល់ ដោយសារតែជំងឺធ្វើទុក្ខ។ បន្ទាប់ពីប្រកាសថាជំងឺរើឡើងវិញ ក៏ធ្លាយដំណឹងថា រូបនាង និងស្វាមី នឹងចេញទៅប្រទេសថៃ ដើម្បីពិនិត្យជំងឺឲ្យបានច្បាស់ម្ដងទៀតមុននឹងសម្រេចចិត្ដថាត្រូវវះកាត់ ឬយ៉ាងណា។
បើតាមអ្នកនាង ចន ច័ន្ទលក្ខិណា ជំងឺពកក ឬដុះដុំសាច់ក្នុងបំពង់ក នេះ បានកើតលើអ្នកនាងយូរដែរហើយ ប៉ុន្ដែវាមិនធ្វើ ទុក្ខត្រង់កដែលមានសាច់ដុះនោះទេ គឺវាមកធ្វើទុក្ខពេញខ្លួន បណ្ដាលឲ្យនាងវិលមុខ ញ័រទ្រូង ញ័រដៃញ័រជើង និងធ្វើឲ្យចង្វាក់បេះដូងលោតញាប់ខុសពីធម្មតា។
ក្រោយពីអ្នកនាង ចន ច័ន្ទលក្ខិណា ទម្លាយដំណឹងថា ជំងឺប្រចាំកាយរបស់នាងត្រូវរើឡើងវិញ ខណៈដែលអ្នកនាង និងស្វាមីកំពុងរវល់ខ្លាំងក្នុងការងារសិល្បៈ សកម្មភាពមនុស្សធម៌តាមរយៈសមាគមសិល្បករខ្មែរនោះ បានធ្វើឲ្យអ្នកគាំទ្រ និងមិត្ដសិល្បៈព្រួយបារម្ភពីសុខភាពរបស់អ្នកនាង ហើយជំរុញឲ្យទៅពិនិត្យ និងពិគ្រោះលទ្ធភាពវះកាត់ជំងឺនេះឲ្យបានលឿនបំផុត។
រីឯអ្នកខ្លះទៀត បានជូនពរឲ្យអ្នកនាងឆាប់ជាសះស្បើយដើម្បីបន្ដសកម្មភាពមនុស្សធម៌ និងចាប់អាជីពសិល្បៈបានពេញលេញ៕