ROG Fan Gathering ក្រុមហ៊ុន​ ASUS បង្កើតព្រឹត្តិការណ៍ដ៏​ធំប្រចាំឆ្នាំសម្រាប់​អ្នកស្រលាញ់វិស័យកីឡាអេឡិចត្រូនិច និង​អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ

  • 2022-05-31 07:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនកុំព្យូទ័រ​ ASUS ប្រចាំ​ប្រទេស​កម្ពុជា បានបង្កើតព្រឹត្តិការណ៍ដ៏​ធំមួយ​ប្រចាំឆ្នាំ​សម្រាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិចអ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗក៏ដូចជា អ្នកបង្កើត​មាតិកាវីដេអូ Creator ជា​ច្រើន​រូប​ដែលមាន​តម្រូវការ​ម៉ាស៊ីនកុំព្យូទ័រយួរដៃ​កម្លាំងខ្លាំងនិងការច្នៃប្រឌិតខ្ពស់ ខណៈដែល​ព្រឹត្តិការណ៍នោះ​មាន​ឈ្មោះ «ROG Fan Gathering 2022» កាល​ពី​ថ្ងៃ​ទី ២៩ ខែឧសភា​ឆ្នាំ ២០២២ ។​

ក្រុមហ៊ុន ASUS ក៏​បានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមចំនួន ៥០០ នាក់​ដោយ​ធ្វើ​ឡើង​ក្នុង​រយៈពេលមួយ​ថ្ងៃពេញ ដើម្បី​ធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅរហូតដល់ម៉ូដែលលំដាប់ខ្ពស់ ដែលមានតម្លៃរហូតដល់ទៅ ៥០០០ដុល្លារ​​ឯណោះ​។

ផលិតផល​ទាំងនោះ​រួមមាន៖ ម៉ាស៊ីន​កុំព្យូទ័រម៉ូឌែល TUF 2022 សម្រាប់​អ្នកឌីហ្សាញ ឬលេងហ្គេមទូទៅ។ កុំព្យូទ័រម៉ូឌែល ROG Strix G និង ROG Strix Scar Edition សម្រាប់​អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង ម៉ូឌែល Zephyrus G15 និង M16 សម្រាប់​អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាត កុំព្យូទ័រម៉ូឌែល Zephyrus Flow Z13 សម្រាប់​អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្សដែលមានទំហំ ១៣អ៊ីញ ហើយអាចដកអេក្រង់បានទៀត​ផង​ និងកុំព្យូទ័រម៉ូឌែល​លំដាប់កំពូលដែលមានអេក្រង់ដល់ទៅពីរ ព្រម​ទាំង​មានកម្លាំងខ្លាំងបំផុតជំនាន់​ចុងក្រោយនោះគឺ កុំព្យូទ័រម៉ូឌែល ROG Zephyrus DuoGX650 ។

ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ យើងឃើញមានវត្តមានរបស់តារាល្បីៗបានមកចូលរួមចែករំលែក ជួប​សំណេះសំណាល ដែល​មាន​​ដូច​ជា​៖ លោក ឆេង សុភក្ត្រ (Reanthort) លោកJohn Sey លោក Ream Angkor បុគ្គលល្បីៗលើ TikTok (Influencer) ជា​ច្រើន​រូប​ផងដែរ។ អ្វីដែលពិសេសថែមទៀតនោះកម្មវិធី​មានការសម្តែងដើរម៉ូតដែលរៀបចំឡើងដោយក្រុម Cosplay ស្អាតៗដែលធ្វើឲ្យ​ទិដ្ធភាពកាន់តែសប្បាយរីករាយ។

លើសពីនេះ​ផងដែរ កម្មវិធីក៏​បាន​បន្ថែមនូវ​ការប្រកួតហ្គេម Valorant រវាងក្រុម Team Max និង ReigN Priority យ៉ាងស្វិតស្វាញនៅលើកុំព្យូទ័រ ROG ដោយផ្ទាល់តែម្តង និង​ជា​ចុងបញ្ចប់នៃការបិទកម្មវិធី ក្រុមហ៊ុន ASUS បានចែកកាដូអនុស្សាវរីយ៍ជាច្រើនព្រមទាំងមានការចាប់រង្វាន់កុំព្យូទ័រ គ្រឿងលំអកុំព្យូទ័រ​ផ្សេងៗទៀត និង​ថតរូបជុំគ្នាផងដែរ៕​

សកម្មភាព​ភ្ញៀវ​អញ្ជើញ​ចូល​រួម​

អត្ថបទ៖ រក្សា