តារាវ័យជរាទាំង ២រូប កំពុងព្យាបាលជំងឺនៅពេទ្យល្អៗដូចគ្នា រីឯយសស័ក្ដិ និងលទ្ធភាពវិញក៏មិនធម្មតា
- 2022-06-02 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាវ័យជរាទាំង ២រូប កំពុងព្យាបាលជំងឺនៅពេទ្យល្អៗដូចគ្នា រីឯយសស័ក្ដិ និងលទ្ធភាពវិញក៏មិនធម្មតា
ចន្លោះមិនឃើញ
មិនរាប់បញ្ចូលតារាសម្ដែង និងចម្រៀងប្រុសដទៃទៀតដែលមានសក្ដិយសក្នុងជួរកងកម្លាំង ព្រោះសិល្បករទាំងនោះនៅមានសុខភាពល្អ ហើយជាមន្ដ្រីពេញសមត្ថភាព។ ដោយឡែក វីរសិល្បករផ្នែកចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ និងតារាសម្ដែង គន្ធ តារាវណ្ណ សុទ្ធតែចូលដល់វ័យជរា ហើយមានជំងឺលើសឈាមប្រចាំកាយទៀតផង។
និយាយពីលោក គន្ធ តារាវណ្ណ។ លោកនៅតែមានប្រជាប្រិយភាពក្នុងការសម្ដែងទាំងខ្សែភាពយន្ដភាគ និងខ្សែភាពយន្ដខ្នាតធំ ដោយភាគច្រើនលោកសម្ដែងជាតួអង្គឪពុក ឬចាស់ព្រឹទ្ធាចារ្យ។ ក្រៅពីអាជីពសិល្បៈ លោកក៏ជាមន្ដ្រីកងកម្លាំងមួយរូបដែរ ដែលមានឋាន្ដរសក្ដិផ្កាយមាសពីរ ឬឧត្ដមសេនីយ៍ទោ គន្ធ តារាវណ្ណ។
តារាប្រុសវ័យជាង៧០ឆ្នាំ គន្ធ តារាវណ្ណ មានជំងឺលើសឈាមប្រចាំកាយប្រមាណ៣០ឆ្នាំមកហើយ។ ប៉ុន្ដែទើបនៅខែមេសា និងឧសភា ឆ្នាំ២០២២ នេះ ស្ថានភាពជំងឺលើសឈាម ឬឡើងសម្ពាធឈាមរបស់លោកបានធ្វើទុក្ខខ្លាំង រហូតធ្វើឲយគ្រួសារភ័យ ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជោរៃ ភ្នំពេញ តាំងពីថ្ងៃទី២៩ ខែឧសភា។
ប៉ុន្ដែគិតមកដល់ពេលនេះ តារាសម្ដែងអាជីពតាំងពីឆ្នាំ១៩៨៦ គន្ធ តារាវណ្ណ បានធូរស្បើយច្រើនហើយ គឺរង់តែគ្រូពេទ្យឲ្យមកផ្ទះវិញប៉ុណ្ណោះ។
ចំណែកលោក ព្រហ្ម ម៉ាញ វិញ ក៏កំពុងមានជំងឺលើសឈាមប្រចាំកាយដែរ ហើយលោកធ្លាប់ដួលសន្លប់នៅកណ្ដាលចំណោមក្នុងកម្មវធីដ៏ធំមួយរបស់ស្មាតកាលពីចុងខែមីនា ឆ្នាំ២០២២។ ភ្លាមៗ ត្រូវបានមិត្ដសិល្បៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ប៉ាស៊ីហ្វិកភ្នំពេញ ហើយបច្ចុប្បន្នលោក ត្រូវបានគ្រួសារ នាំទៅសម្រាក និងតាមដានសុខភាពបន្ថែម នៅលើទឹកដីសហរដ្ឋអាមេរិក។ នៅទីនោះ លោកទទួលបានការមើលថែដិតដល់ពីកូនៗ និងភរិយាដែលរស់នៅទីនោះស្រាប់។
ថ្មីៗ នៅលើទឹកដីសហរដ្ឋអាមេរិក គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បំពេញបេសកកម្មផ្លូវរដ្ឋ និងបានជួបសំណេះសំណាលជាមួបយបងប្អូនខ្មែរនៅអាមេរិក លោក ព្រហ្ម ម៉ាញ ក៏បានជជែកជាចំហររឿងសុំដំឡើងឋាន្ដរសក្ដិដែរ។ ប៉ុន្ដែសម្ដេចថា មិនទាន់ដល់ពេលទេ ខណៈដែលបច្ចុប្បន្ន ព្រហ្ម ម៉ាញ កំពុងពាក់សក្ដិ៥ នៅនាយកដ្ឋានកងអង្គរក្សនៅឡើយ។
សូមបញ្ជាក់ថា ក្រោយងើបពីឈឺធ្ងន់ម្ដងៗ មន្ដ្រីជាន់ខ្ពស់ក្នុងកងកម្លាំងបម្រើជាតិ និងជាតារាល្បីឈ្មោះទាំងពីរដួង នៅតែបន្ដមុខនាទី និងអាជីពសិល្បៈរបស់ខ្លួន។ ពេលខ្លះសុខភាពមិនសូវល្អ ក៏តារាទាំងពីរនៅតែតស៊ូសម្ដែង និងច្រៀង ប៉ុន្ដែការធ្លាក់ខ្លួនឈឺដោយជំងឺលើសឈាម លើកនេះគេនៅមិនទាន់ដឹងថានឹងអាចត្រឡប់ចូលសិល្បៈពេញលេញវិញនៅពេលណាទេ៕