ជាជាងតែស្ករ! សួន ពិសិដ្ឋ លើកមតិបែបវិភាគយ៉ាងក្បោះក្បាយជុំវិញការធ្លាក់របស់ ទុំ សុវត្ថិ

  • 2022-06-03 07:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី០៣ ខែមិថុនានេះ លោក សួន ពិសិដ្ឋ ដែល​ជាគ្រូភ្លេង និងអ្នកផលិតបទចម្រៀងដ៏ចំណានម្នាក់ប្រចាំប្រទេសកម្ពុជា បាន​លើកឡើង ដោយបញ្ចេញ​មតិច្រើនគួរសម ចំពោះរឿងរ៉ាវដែល​កំពុង​កើតឡើងពេញ​បណ្ដាញសង្គម ក្រោយ បេក្ខជន ទុំ សុវត្ថិ បរាជ័យពីការប្រកួតក្នុងកម្មវិធី Cambodian Idol សប្ដាហ៍ទី ៤ វគ្គ Judge Audtion

ក្នុងនាមជាអ្នកដែល​ទទួលបទពិសោធច្រើនលើសលប់ពីវិស័យតន្ត្រី និងចម្រៀង លោក សួន ពិសិដ្ឋ បាន​បង្ហាញការយល់ឃើញ ក្នុងនាមជាអ្នកនៅកណ្ដាល ដោយមិនរិះគន់តាមការនឹកឃើញ តែជ្រើសយកការវិភាគ និងថ្លឹងថ្លែងច្បាស់លាស់ ក្នុងន័យលើកទឹកចិត្ត ព្រមទាំងចង់ឲ្យគ្រប់គ្នាពិចារណា។

ក្នុងសំណេរលើ Facebook ដែល​ត្រូវ​បាន​បង្ហោះថ្ងៃនេះ លោក​បានសរសេរថា៖ «ប្អូន ទុំ សុវត្ថិ ខ្ញុំបានមើលនិងស្ដាប់ការច្រៀងប្រឡងក្នុងកម្មវិធី Cambodian Idol ថ្មីៗនេះរបស់ប្អូនរួចរាល់ហើយ ទើបតែបានមើលក្រោយគេ! ប្អូនមានចំណុចខ្សោយ និង ប្អូនក៏មានចំណុចខ្លាំង!

ទី១). គណៈកម្មការទាំង ៤ រូប លោក ណុប បាយ៉ារិទ្ធ អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុខ សីឡាលីន និង លោក ឆន សុវណ្ណារាជ បានលើកឡើងអំពីចំណុចវិជ្ជមាន និង អវិជ្ជមាន អំពីទេពកោសល្យពូកែ និងខ្វះខាតក្នុងការច្រៀងរបស់ប្អូន សុទ្ធសឹងតែត្រូវទាំងអស់! គាត់ទាំង ៤ រូប មានមូលហេតុ និងផលល្អ ជាក់ប្រាកដ ច្បាស់លាស់របស់គាត់រៀងៗខ្លួនឈរក្នុងការសម្រេចចិត្តកាត់សេចក្ដីជាប់ ឬធ្លាក់!។

ទី២). ប្អូនមាន (ដុង) ទេពកោសល ឧបនិស្ស័យ ទឹកដមសំឡេងពីកំណើតល្អ និងចេះរបៀបបែបផែននៃការច្រៀងអឺនអង (អឿនឈឿន!) បានល្អ!។

ទី៣). និយាយអំពីបច្ចេកទេសសម្លេង និង ការច្រៀងរបស់ប្អូនវិញម្ដង: សម្លេងប្អូនប្រើចេញពីដើមទ្រូង ទៅបំពង់ក ដល់គល់ថ្គាម ចូលក្រអូមមាត់ និង ចុងច្រមុះបន្តិច។ ប្អូនច្រៀងប្រកាន់តុងក្នុងបទភ្លេងបានល្អខ្លាំង ភ្លាវតិចតួចបំផុត ចង្វាក់ក៏ល្អ ចេះប្រើសំឡេងខ្មោចពេលស្រែកឡើងខ្ពស់ចេះទប់សំឡេងទោះជាស្ទើរបន្តិចក៏ដោយ ដោយសារអស់កម្លាំងខ្ញុំយល់! ចេះថ្នម ចេះខ្លាំង ខ្យល់ដង្ហើមវែងល្មមគួរសម មិនទាន់ចេះប្រើខ្យល់ដង្ហើម និងមិនទាន់ចេះទប់ខ្យល់ដង្ហើម រលកសំឡេងមានរលកចង្វាក់រណ្ដំល្អ គ្រាន់តែមិនទាន់ចេះ និងយល់ពីរបៀបនៃការប្រើរលកក្នុងការប្រើសំឡេងនៅឡើយ រីឯសំឡេងកណ្ដាលរបស់ប្អូនធ្ងន់ល្អ និងមានកម្លាំងមាំធំ រួមទាំងពេលស្រែកឡើងដែរ ទាស់ត្រង់មួយចំណុច ដោយសារតែសំឡេងចុងច្រមុះ លាយ និងក្រអូមមាត់ និងគល់ថ្គាមនេះហើយដែលធ្វើឱ្យសំឡេងប្អូនស្រដៀងទៅនិងសម្លេង គណៈកម្មការ ឆន សុវណ្ណារាជ ច្រើនគួរសម! ហើយការច្រៀងស្រែកទៅតុងខាងលើៗរបស់ប្អូននៅស្ទើខ្ពស់មិនដល់តុង បើទោះជាអស់កម្លាំងយ៉ាងណាក៏ដោយ..ប៉ុន្តែ…! ពេលដែលប្អូនច្រៀងចុះមកសំឡេងខាងក្រោមវិញប្អូនប្រើសម្លេងដើមទ្រូងទាំងស្រុងនោះ គឺក្រោមខ្លាំងហើយបានធ្ងន់ល្អខ្លាំងណាស់ និងមានទឹកដមក្រអួនល្អ និងល្អជាងសំឡេងតារាចម្រៀងអាជីពក្នុងវិស័យសិល្បៈតន្រ្តីចម្រៀងខ្លះផងក៏មិនមាន និងមិនអាចធ្ងន់មានទម្ងន់ និងមានទឹកដមល្អដូចជាសម្លេងប្អូននោះឡើយ! ហើយសំឡេងដើមទ្រូងខាងក្រោមរបស់ប្អូនគឺមិនច្រឡំជាមួយអ្នកណា ឬតារាចម្រៀងរាមច្បងណានោះឡើយ! គឺ Unique!

ទី៤). សម្រាប់ខ្ញុំ គឺខ្ញុំផ្ទាល់ឱ្យប្អូនជាប់ទៅប្រឡងដំណាក់កាលបន្ទាប់ទៀត ដូចជាគណៈកម្ម លោក ណុប បាយ៉ារិទ្ធ និង គណៈកម្មការ សុខ សីឡាលីន ដូច្នោះដែរ! គណៈកម្មការទាំង ២ រូបទៀតគាត់មិនឱ្យប្អូនជាប់គឺគាត់មាន ហេតុ និង ផល វិជ្ជាជីវៈ បទពិសោធន៍ និងការវាស់វែង ថ្លឹងថ្លែង ច្បាស់លាស់របស់គាត់ក្នុងការសម្រេចចិត្តមិនឱ្យប្អូនជាប់ឈរក្នុងភាពត្រឹមត្រូវរបស់គាត់! ប៉ុន្តែបើទោះជាប្អូនមិនជាប់ក៏ដោយ កុំអស់សង្ឃឹម ត្រូវតែរឹងមាំ ឈប់យំ! បន្តដំណើរតទៅមុខទៀតរហូតទាល់តែទទួលបានជោជ័យគោលដៅសុបិន្ត ជាតារាចម្រៀងល្បីក្នុងវិស័យសិល្បៈតន្រ្តីចម្រៀងខ្មែរមួយរូបនេះ!

ទី៥). បងគាំទ្រប្អូន ហើយ និងផ្ដល់ឱកាសទទួលប្អូនជាកូនសិស្សរបស់បងផ្ទាល់ ខ្ញុំនឹងបង្វឹកបង្ហាត់បង្រៀនប្អូនដោយផ្ទាល់មកដល់ផ្ទះនិង studio ខ្ញុំតែម្ដង អំពីរបៀប និងបច្ចេកទេសច្រៀងនិងការកុងត្រូលសម្លេង ស្គាល់ណោតភ្លេង ដឹងការកុងត្រូលតុង និងចង្វាក់ និងសម្លេងបានច្បាស់ ចេះប្រើដង្ហើម ចេះទប់ខ្យល់ដង្ហើម និង ដង្ហើមវែង និងច្រៀងចុះក្រោមកាន់តែធ្ងន់កាន់តែចុះក្រោមបានថែមទៀត ប្រើសំឡេងខ្មោចកាន់តែខ្ពស់ក្រលួចក្រអួន ស្រែកកាន់តែបានខ្ពស់មានកម្លាំងនិងទឹកដម ប្រែក្លាយប្អូនឱ្យក្លាយជាតារាចម្រៀងអាជីព Professional និងចេះអក្សរភ្លេងណោតច្រៀងច្បាស់លាស់មិនលំៗ!

ទី៦). ដោយសារតែបងនៅក្រោមដំបូលក្រុមហ៊ុនក្រុមគ្រួសារ ហង្ស មាស ស្រាប់ ក្នុងនាមជា លោកគ្រូ អ្នកតែងនិពន្ធបទភ្លេងនិងទំនុកច្រៀង គណៈកម្មការកម្មវិធីប្រឡងចម្រៀង តារាចម្រៀង តារាសម្ដែង និងជាគ្រូបង្វឹកបង្ហាត់បង្រៀនតារាចម្រៀង ប្រចាំក្រុមហ៊ុន ផលិតកម្ម ហង្ស មាស បងមានក្ដីចាប់អារម្មណ៍លើសមត្ថភាព និងទេពកោសលពីកំណើតរបស់ប្អូនខ្លាំងណាស់ ខ្ញុំនឹងស្នើសុំលោកពូ អគ្គនាយក ក្រុមហ៊ុន ផលិតកម្ម ហង្ស មាស រួមទាំងបងៗថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីអនុញ្ញាតផ្ដល់ឱ្យកាសឱ្យប្អូនបានមានឧកាសបញ្ចេញសមត្ថភាព ក្នុងបទចម្រៀងថ្មីដែលខ្ញុំនឹងតែងនិពន្ធទាំងបទភ្លេងថ្មី ទាំងទំនុកច្រៀងថ្មី និង បង្វឹកបង្ហាត់បង្រៀងប្អូនដោយផ្ទាល់ក្នុងការច្រៀងបទថ្មីរបស់ខ្ញុំតែងនិពន្ធ និងក្រុមហ៊ុន ហង្ស មាស ព្រមទាំងស្នើសុំ ក្រុមហ៊ុន នឹងជួយផលិតជា MV ដល់ប្អូន អាចផ្ដល់ឱ្យកាសឱ្យប្អូនក្លាយជាតារាចម្រៀងប្រចាំ ផលិតកម្ម! ប្អូនមិនចាំបាច់ទៅផលិតកម្មណា ឬទៅណាទៅណីនោះទេ!

សង្ឍឹមថាលោកអគ្គនាយក និងបងៗ នឹងមានមេត្តាចូលរួមផ្ដល់ឱកាសឱ្យប្អូន ទុំ រដ្ឋា (ទុំ សវត្ដិ) ផងដែរ!។ ដោយក្ដីគោរពស្រលាញ់ពីខ្ញុំបាទ! ខ្ញុំមើលឃើញ គ្រាប់ពេជ្រ Unique មិនទាន់ច្នៃ!

*ទី៧). ចរិតឫកពារបស់ប្អូនល្អសមសួន មើលទៅមានការចេះដឹងថ្លៃថ្នូ មានក្រមសីលធម៌ល្អ និងរូបសម្បត្តិប្អូនប៉ុណ្ណឹងសមរមហើយអាចជាតារាបាន។ ចាំ មើលៗ..ថាតើប្អូនប្រឡងធ្លាក់មិនមានពាន នឹងអាចក្លាយជាតារាចម្រៀងល្បី មានប្រជាប្រិយភាព មានហ្វេនគាំទ្រ និងមានបទល្បីៗក្នុងដួងចិត្តមហាជនឬអត់!? ខ្ញុំធ្លាប់បានធ្វើនិងជួយជ្រោមជ្រែងបុគ្គលសាមញ្ញមិនដែលប្រឡងចម្រៀង មិនមានពាន មិនមានឈ្មោះក្នុងសង្គម ពីជីវិតក្រលំបាក រហូតទទួលបានជោគជ័យក្នុងវិថីសិល្បៈតន្រ្តីចម្រៀងក្លាយជាកំពូលតារាចម្រៀងខ្មែរមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមានប្រជាប្រិយភាពមានហ្វេនរាប់លាននាក់ រហូតក្លាយជាសហគ្រិនជោគជ័យក្នុងទាំងក្នុងវិស័យពាណិជ្ជកម្មផងដែរដល់សព្វថ្ងៃនេះរួចមកហើយ!។

ទី៨). នេះជាលេខទូរស័ព្ទខ្ញុំផ្ទាល់ ទាំង តេឡេហ្គ្រាម ដែរ ០១២ ៨៨៦៦៩៦ (012 886696) សូមទាក់ទងមកបងមក បងរង់ចាំទទួលប្អូនប្រុស!។ តស៊ូដើរទៅមុខបន្តទៀតប្អូន រឹងមាំ មុតស្រួត ហើយឈប់យំ! កូនប្រុសកុំយំឱ្យគេឃើញ!។

ជូនពរសំណាងល្អប្អូនប្រុស ទុំ សុវត្ថិ! Good luck! គ្រាប់ពេជ្រ Unique មិនទាន់មានអ្នកច្នៃ! ពីខ្ញុំ សួន ពិសិដ្ឋ»។

ជាក់ស្ដែង​កម្មវិធី Cambodian Idol បាន​ទទួលការគាំទ្រច្រើនបំផុតពីសំណាក់អ្នកគាំទ្រ​ជា​ច្រើននាក់ក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដោយគ្រប់គ្នា​ចង់ដឹងថា បេក្ខភាពម្នាក់ៗមានសមត្ថភាពប៉ុនណា ហើយអ្នកអាចឈាន​ទៅវគ្គបន្ត។ ជាមួយនឹង​ការគាំទ្រ ក៏គេចមិនផុតពីការរិះគន់ដែរ តែទោះជាយ៉ាងណា សន្ធឹកនៃការគាំទ្រ​នៅតែមានដដែល៕

អត្ថបទថ្មី