ភ្ញាក់​ផ្អើល! ត្រឹម ៤ខែ​ដើម​ឆ្នាំ ២០២២ កម្ពុជា មានយានយន្ត​អគ្គីសនី​ចុះ​បញ្ជី​​កើនជាង ៦០០%

  • 2022-06-06 03:37:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ផែន​ការ​ជំរុញ​ការ​ប្រើប្រាស់យានយន្ត​ប្រើ​ប្រាស់​ថាម​ពល​អគ្គីសនី​ឆ្នាំ ២០៥០ កម្ពុជា​សម្រេច​បាន​ការ​ចុះ​បញ្ជី​យានយន្ត​ប្រភេទ​នេះ ​កើន​ដល់ ៦០០% ដោយ​គិត​ត្រឹម​រយៈ​ពេល ៤ខែ​ដំបូង​នៃ​ដើម​ឆ្នាំ ២០២២ ប៉ុណ្ណោះ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជា​រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ក្នុង​កម្មវិធី“MPWT LIVE SHOW” ថ្មី​ៗ​នៅ​ទី​ស្ដីការ​ក្រសួង ក្រោមប្រធានបទ "ការប្រើប្រាស់យានយន្ត អគ្គិសនីនៅកម្ពុជា" បានគូសបញ្ជាក់ពីចរន្តកើនឡើងនៃការ ប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាននៅកម្ពុជា ក៏ដូចជាពិភពលោក។

ក្នុង​កិច្ចការ​នេះ ឯកឧត្តម​បាន​បន្ថែមថា ក្រសួងបាន ខិតខំប្រឹងប្រែងរៀបចំគោលនយោបាយដឹកជញ្ជូន ក្នុងនោះមានមួយផ្នែកនិយាយអំពីការប្រើប្រាស់យានយន្តអគ្គិសនីផងដែរនៅកម្ពុជា ដោយ​រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោ​បាយ ដើម្បីឱ្យការបញ្ចេញឧស្ម័នកាបូនធ្លាក់នៅកម្រិតសូន្យ និងជំរុញការប្រើប្រាស់យាន យន្តអគ្គិសនីឱ្យបានប្រមាណ៤០% ព្រម​ទាំង​ម៉ូតូ៧០% នៅឆ្នាំ២០៥០។

ក្នុង​ន័យ​នេះ កម្ពុជា​សម្រេច​បាន​លទ្ធផល​ល្អ​ក្នុងជំហាន​ដំបូង​នៃគោលនយោបាយ​ខាង​លើ។ តាម​របាយ​ការណ៍ ក្នុងរយៈពេល០៤ខែ ដើមឆ្នាំ២០២២ នេះ មានយានយន្តអគ្គិសនីចុះបញ្ជីនៅក្រសួង​សាធារណការ និងដឹកជញ្ជូនសរុបចំនួន៦៦គ្រឿង។​ តួលេខ​នេះ មាន​ការ​កើន​ឡើង ៦០០% ប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

បន្ថែម​ពី​លើ​នេះ គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោក បានធ្វើការចុះបញ្ជីយានយន្តអគ្គិសនីបានចំនួន ១៤៨គ្រឿង ក្នុងនោះរថយន្តបានចំនួន ១១០គ្រឿង និងទោចក្រយានយន្ត ត្រីចក្រយានយន្តអគ្គិសនីបានចំនួន ៣៨គ្រឿង។ កំណើនយានយន្ត អគ្គិសនីក្នុង រយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២២នេះ មានចំនួន៨៤គ្រឿង ដោយប្រៀបធៀបនឹងរយៈពេល ដដែលក្នុង ២០២១ មានចំនួន៩គ្រឿង ដែលនេះបានបង្ហាញពីការកើនឡើងជាង៨០០%។

យោងលើកំណើនដ៏ឆាប់រហ័សនេះ ក្រសួងរំពឹងថានឹងមានការកើនឡើងយានយន្តស្របទៅតាមទិសដៅ កំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែងស្តីពីអាព្យាក្រឹត កាបូនឆ្នាំ២០៥០ ដោយជំរុញនិងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីក្នុងអាត្រា៤០% និងម៉ូតូអគ្គិសនីក្នុងអាត្រា៧០%៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម