ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ ទូរស័ព្ទ​សុំទោស​ ឯ.ឧ សៅ សុខា និង​ស្នើ​សុំ​ជួប​ទទួល​ទាន​កាហ្វេ​ជា​មួយ​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​

  • 2022-06-09 12:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ជំទាវ​ ទេស្ប៉ានី យុប្រាហ្គឺដ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា​ បាន​ទូរស័ព្ទ​សុំទោស​ ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍​ សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទទួល​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​កម្ពុជា​មិន​បាន​សមរម្យ​មុន​ពេល​ការ​ប្រកួត​ ​និង​ជា​ពិសេស​គឺ​ការ​ចាក់​ភ្លេង​ជាតិ​កម្ពុជា​មិន​បាន​ ខណៈ​ដែល​ឥណ្ឌា​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ ពាន​រង្វាន់ AFC Asian Cup 2023 Qualifiers Final Round។ នេះ​យោង​ការ​បញ្ជាក់​ផ្ទាល់​របស់​ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍​ទៅ​កាន់​សារព័ត៌មាន​ Fresh News នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែ​មិថុនា​ ឆ្នាំ​២០២២។

ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ថា លោក​ជំទាវ​ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានទូរស័ព្ទមកឯកឧត្ដមហើយបានថ្លែងថា ៖"ខ្ញុំបានបញ្ជូនព័ត៌មានដែលកម្ពុជាអាក់អន់ចិត្ត ចំពោះសហព័ន្ធបាល់ទាត់ឥណ្ឌា ដែលរៀបចំមិនបានល្អលើការស្នាក់នៅកីឡាករកម្ពុជា ក៏ដូចជាបញ្ហាចាក់ភ្លេងជាតិកម្ពុជានៅពេលចាប់ផ្តើមប្រកួត ព្រមទាំងសម្តែងការសុំទោសចំពោះកំហុសឆ្លងនេះ "។ នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា បន្ទាប់ពីមានការសុំអភ័យទោសហើយនោះ លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក៏ស្នើសុំជួបទទួលទានកាហ្វេជុំគ្នាជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ ក្រោយត្រឡប់មកមាតុប្រទេសវិញ។

សូម​រំលឹក​ផង​ដែរ​កាល​ពី​រសៀល​ ថ្ងៃ​ទី​០៨ ខែ​មិថុនា​ ឆ្នាំ​២០២២នេះ​ ឯកឧត្ដម​នាយ​ឧត្តមសេនីយ៍​ សៅ សុខា ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ព្រមាន​តាម​ Fresh News ដោយ​បាន​ប្រកាស​ទុក​រយៈពេល​៣ម៉ោងឲ្យ​ សហ​ព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី​ (AFC) និង​សហព័ន្ធបាល់​ទាត់​ឥណ្ឌា​ រួម​ទាំង​អ្នក​រៀប​ចំ​ការ​ប្រកួត​ ត្រូវ​ធ្វើ​លិខិត​សុំទោស​កម្ពុជា​ជា​បន្ទាន់​ ពាក់ព័ន្ធ​នឹង​រឿង​​មិន​បាន​ខ្វល់​អ្វី​ទាល់​តែ​សោះ​ ចំពោះ​ការ​ទទួល​ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​កម្ពុជា​ ទាំង​អាហារ​ ការ​ស្នាក់​នៅ​ រួម​ទាំង​ទង់ជាតិ​របស់​កម្ពុជា​ផង​ដែរ​ កីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ ជា​លទ្ធផល​ខាង​ពួក​គេ​ក៏​ចេញ​សំបុត្រ​សុំទោស​។

យ៉ាង​ណា​អ្វី​ដែល​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​រសើប​ទៀត​នោះ​គឺ​ នៅ​ពេល​ការ​ប្រកួត​តទល់​នឹង​រវាង​នឹង​ឥណ្ឌា​ និង​កម្ពុជា​យប់​មិញ​នេះ​ គឺ​ឥណ្ឌា​​ចាក់​ភ្លេង​ជាតិ​កម្ពុជា​មិន​បាន​ ដោយ​ចេញ​សំបុត្រ​ថា​ដោយ​សារ​កំហុស​បច្ចេកទេស​ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​ទាំង​នេះ​។

ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ កម្ពុជា​ចាញ់​ឥណ្ឌា​ ២-០ យ៉ាង​ណា​កម្ពុជា​ត្រូវ​ប្រកួត​ជា​បន្ត​ទៀត​ជា​មួយ​នឹង​ ហុងកុង​ និង​អាហ្វហ្គានីស្ថាន​៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី