សោកស្តាយ! មានតែ iPad M1 ប៉ុណ្ណោះដែលអាចប្រើមុខងារ Stage Manager ហើយនេះជាមូលហេតុ

  • 2022-06-13 02:39:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Stage Manager ជាមុខងារពិសេសមួយនៅក្នុងកំណែប្រែ iPad OS 16 ដែលជួយឲ្យ iPad អាចប្រើកម្មវិធី Multitasking ពេញលេញដូចកុំព្យូទ័រ ប៉ុន្តែ Apple កំណត់ឲ្យប្រើប្រាស់បានតែនៅលើម៉ូឌែល iPad M1 ប៉ុណ្ណោះ។

ដំណឹងមួយនេះបានធ្វើឲ្យអ្នកប្រើ iPad Pro ជំនាន់មុនៗខកចិត្តមិនតិចទេ ព្រោះមិនអាចសាកល្បងមុខងារថ្មីដ៏អស្ចារមួយនេះបាន។ យោងទៅលើបញ្ហានេះ Apple ផ្ទាល់បានបញ្ជាក់ថាកម្មវិធី Stage Manager ទាមទារទំហំ RAM ធំ ល្បឿនផ្ទេរទិន្នន័យលឿនបំផុត គួបផ្សំជាមួយនឹងឈីបបង្ហាញរូបភាព I/O ដែលមានតែបំពាក់នៅលើ iPad M1 ប៉ុណ្ណោះ។

ប៉ុន្តែយ៉ាងណាក៏ដោយ គ្រប់ iPad Pro ជំនាន់មុនៗ, ត្រកូល iPad Air ជំនាន់ទី៣ឡើង, iPad និង iPad Mini ចាប់ពីជំនាន់ទី ៥ ទៅសុទ្ធតែអាចដំឡើង iPad OS 16 បានធម្មតា គ្រាន់តែមិនអាចប្រើមុខងារ Stage Manager បាននោះឡើយ។

ជាការពិត Apple iPad M1 ទាំងអស់មិនថាត្រកូល Air ឬ Pro សុទ្ធតែបំពាក់មកដោយ RAM ទំហំ 8GB និងកើនដល់ 16GB ដែលមាននៅលើ iPad Pro 1TB។ ខុសពី iPad Pro ជំនាន់ ២០២០ចុះដែលមានទំហំ RAM ត្រឹម 6GB ។ មិនតែប៉ុណ្ណោះ ល្បឿននៃការផ្ទេរទិន្នន័យរបស់ M1 ក៏លឿនមិនធម្មតាដែរ គួបផ្សំនឹងរន្ធ Type-C ជាប្រភេទ Thunderbolt។

គួរបញ្ជាក់ផងដែរថា Stage Manager អាចឲ្យអ្នកប្រើអាចបើកកម្មវិធីច្រើនក្នុងពេលតែមួយ ថែមទាំងអាចកំណត់ទំហំ Window នីមួយៗ ដូចដែលយើងធ្លាប់ប្រើលើ កុំព្យូទ័រដទៃដូច្នេះដែរ។ មិនតែប៉ុណ្ណោះ អ្នកក៏អាចតភ្ជាប់ទៅប្រើលើអេក្រង់ខាងក្រៅបាន ដោយក្នុង iPad ផ្ទាល់អាចប្រើបាន ៤កម្មវិធី ហើយនៅលើអេក្រង់ខាងក្រៅអាចប្រើបាន ៤កម្មវិធីទៀត សរុបដល់ទៅ ៨កម្មវិធីក្នុងពេលតែមួយ។ ចំពោះកាលបរិច្ឆេទដាក់ឲ្យប្រើជាផ្លូវការវិញគេរំពឹងថា Apple នឹងដាក់ iPad OS 16 ឲ្យតម្លើងក្នុងខែកញ្ញាខាងមុខ៕

អត្ថបទ៖ Thea Sothun