RMA Cambodia ប្រគល់រថយន្ត ហ្វដ ១គ្រឿង និងដាក់ដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ
- 2022-06-20 06:45:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
RMA Cambodia ប្រគល់រថយន្ត ហ្វដ ១គ្រឿង និងដាក់ដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) (RMA Cambodia) បានធ្វើការប្រារព្ធពិធី “ប្រគល់រថយន្ត ហ្វដ ចំនួន ១គ្រឿង និងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ” ជូនដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន (TSI) លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company លោកស្រី Yukontorn Wisadkosin អគ្គនាយិកាគ្រប់គ្រងទីផ្សារអាស៊ាននៃក្រុមហ៊ុន Ford Motor Company។
លោក Kevin Whitcraft អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (គ្រុប) លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងគណៈគ្រប់គ្រង រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង Ford Motor Company។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជុសជុល និងថែទាំរថយន្ត Ford ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសរថយន្តក្នុងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន (TSI)។
ក្រុមហ៊ុន អ អិម អេ បានធ្វើការឧបត្ថម្ភ និងគាំទ្រវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនក្នុងការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះឡើង ដោយធ្វើការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសម្រាប់សិក្សា និងគ្រឿងតុបតែងលំអរ រថយន្ត ហ្វដ ១គ្រឿង និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន។
ឆ្លៀតតក្នុងឱកាសនេះដែរ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានចំណាយទឹកប្រាក់ជាច្រើន សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។ តាមរយៈការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់ខាងលើនេះហើយដែលជាកត្តាជុំរុញឲ្យកកើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះលេចចេញជារូបរាងឡើង។
ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វិទ្យាស្ថានបានចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លើក្របខណ្ឌកិច្ចសហប្រតិបត្ដិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេល ៥ឆ្នាំ។ ជាសមិទ្ធិផល នៃការចុះអនុស្សារណៈ នៃការយោគយល់នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានជួយជាសម្ភារៈបច្ចេកទេស មកដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការរៀបចំ និងធ្វើនវានុវត្ដ អគារមួយកន្លែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ។ ក្រៅពីវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសយានយន្ដ មជ្ឈមណ្ឌលក៏មានគម្រោងបង្រៀនវគ្គខ្លីៗ ដូចជា៖ ការបើកបរ Forklift ការបើកបរគ្រឿងចក្រធន់ធ្ងន់ និងការថែទាំគ្រឿងចក្រទាំងអស់នោះផងដែរ»។
លោកស្រី Dianne Craig អគ្គនាយិកាគ្រប់គ្រងក្រុមទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ និងគាំទ្រជាខ្លាំងចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្នុងការជ្រើសរើសយករថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ ឧបត្ថម្ភជូនដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលនេះជាឱកាសមួយដ៏ល្អសម្រាប់ឲ្យសិស្ស និស្សិតក្នុងការរៀន និងស្វែងយល់ពីគ្រឿងបង្គំ ប្រព័ន្ធជើងក្រោម ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយនៃ Ford Ranger ស៊េរីថ្មីឆ្នាំ ២០២៣ នេះ»។
លោក Benjamin V. Wohlauer ភារធារីនៃស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ «ខ្ញុំមានមោទនភាពចំពោះក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្នុងការឧបត្ថម្ភរថយន្តហ្វដចំនួន ១គ្រឿង និងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្ត ហ្វដ-ធី អេស អាយ នេះឡើងដែលវាជាការអភិវឌ្ឍបន្ថែមទៅលើការអប់រំវិជ្ជាជីវៈ កម្លាំងពលកម្ម ការអភិវឌ្ឍសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបានជម្រុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា»។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា៖ «តាមរយៈកិច្ចសហប្រតិបត្ដិការ រវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងតាមរយៈមជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បញ្ហាកង្វះខាតធនធានមនុស្សលើបច្ចេកទេសជួសជុលយានយន្ត ក៏ដូចជាកង្វះខាតធនធានមនុស្សតាមយានដ្ឋាន នានា នឹងត្រូវបានដោះស្រាយ ហើយសិក្ខាកាម និងនិស្សិត ដែលបានចូលរៀននៅមជ្ឈមណ្ឌលនេះនឹងទទួលបានចំណេះដឹងច្បាស់លាស់ និងអាចមានសមត្ថភាពតម្លើងរថយន្ត បម្រើការនៅតាមយានដ្ឋាន ឬ គ្រប់គ្រងយានដ្ឋានដោយផ្ទាល់បាន។ ការដែលមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយានយន្ដ ច្បាស់លាស់នេះ ក៏នឹងអាចចូលរួមចំណែកដល់ការកាត់បន្ថយការកែច្នៃ ការដំឡើងយានយន្ដ ខុសបច្ចេកទេសគ្មានគុណភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ព្រោះថា នៅពេលដែលយានយន្ដត្រូវបានដំឡើង ត្រូវបានជួសជុល និងត្រូវបានថែទាំ ដោយអ្នកជំនាញវិជ្ជាជីវៈ នោះបញ្ហាបច្ចេកទេស ដែលអាចមានជាយថាហេតុ នៅលើដងផ្លូវក៏ត្រូវបានកាត់បន្ថយបណ្ដើរៗ ផងដែរ»៕