យុវជន​កំពុង​ផ្ទុះ​ការ​ចាប់អារម្មណ៍​នៅ​ AFF U19 សុវណ្ណ ដូណា មាន​ប្រវត្តិ​​​លេង​បាល់​បែបណា​? 

  • 2022-07-04 05:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​សុវណ្ណ ដូណា ​ជា​​​ខ្សែ​​​ប្រយុទ្ធ​ដែ​ល​​បាន​ជួយ​ក្រុម​ U19 កម្ពុជា​យក​បាន​៣​ពិន្ទុ​កាល​ពី​យប់មិញ​នេះ​ក្នុង​ពាន​រង្វាន់ AFF U19 Championship ដែល​កំពុង​​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ​​បន្ទាប់​ពី​ឈ្នះ​យុវជន​សិង្ហបុរី ១-០ ។ ដើម្បី​ឲ្យ​ប្រិយមិត្ត​ស្គាល់​ខ្សែ​ប្រយុទ្ធ​​មក​ពី​ខេត្ត​សៀម​រាប​ឲ្យ​​​កាន់​តែ​ច្បាស់ Sabay សូម​ធ្វើ​ការ​បង្ហាញ​​ប្រវត្តិ​​ខ្លះ​ៗ​របស់​​កីឡាករ​​រូប​នេះ​ជូន៖

សុវណ្ណ ដូណា រូបថត FFC

​​​​​ត្បិត​តែ​ត្រូវ​បាន​គេ​ស្គាល់​ថា ដូណា ជា​អ្នក​រស់​នៅ​សៀមរាប ប៉ុន្តែ​តាម​ពិត​ទៅ​កីឡាករ​រូប​នេះ​កើត​នៅ​ភ្នំពេញ​ទេ ហើយ​គេ​បាន​ផ្លាស់ប្ដូរ​ទី​លំនៅ​ទៅ​រស់​នៅ​សៀមរាប​តាំង​ពី​​តូច​ៗ ​មក​ម្ល៉េះ​។ យុវជន​កើត​​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​​ ឆ្នាំ​២០០៤ រូប​នេះ​មានបង​ប្អូនបង្កើត​ចំនួន ៤ នាក់​ដោយ​ក្នុង​នោះ​ស្រី​៣​នាក់​ទៅ​ហើយ ពោល​គឺ​ប្រុស​តែ​​ ដូណា ម្នាក់​ប៉ុណ្ណោះ។ ចំណែក​ឪពុក​​របស់​គេ​វិញ​មាន​ឈ្មោះ​ថា អោម សុវណ្ណាវុធ​ ដែល​មាន​មុខ​របរ​ជា​មន្រ្តី​រាជការ​ ស្រប​ពេល​ម្ដាយ​វិញ​មាន​ឈ្មោះ​ថា ង៉ូវ សំណាង លោក​មាន​មុខ​របរ​ជា​ស្រ្តី​មេផ្ទះ​។

​​រឿង​លេង​បាល់​វិញ​អតីត​យុវជន​ដែល​ធ្លាប់​លេង​នៅ​ក្រុម Next Step រូប​នេះ​បាន​ស្រលាញ់​ និង​ចូល​ចិត្ត​តាំង​ពី​តូច​ៗ​មក​ម្ល៉េះ​ បន្ទាប់​ពី​គេ​លេង​នៅ​ក្រុម​នេះ​ឈាន​ដល់​វ័យ​១៤ ​ឆ្នាំ​ក្លឹប Angkor Tiger ក៏​បាន​ចាប់​អារម្មណ៍​គេ​ ហើយ​ក៏​បាន​ចុះ​កុង​ត្រា​យក​​មក​ចូល​រួម​ជា​មួយ​ក្រុម​នេះ​នៅ​ឆ្នាំ២០១៨។ តាំង​ពី​ចូលលេង​នៅ ​Tiger មក​ដល់​បច្ចុប្បន្ន​​ សុវណ្ណ ដូណា ​បាន​បង្ហាញ​ខ្លួន​ផ្លូវ​ការ​ចន្លោះ​ពី ១៥ ​ទៅ​១៨​ប្រកួត (ចាំ​មិន​ច្បាស់​) រហូត​ដល់​រដូវ​កាល​ថ្មី​នេះ​គេ​អាច​លេង​បាន​៥​ប្រកួត និង​​រក​បាន​២​គ្រាប់​ព្រម​ទាំង​បង្កើត​ឱកាស​ជូន​មិត្ត​រួម​ក្រុម​ដើម្បី​រក​គ្រាប់​បាន​ជា​ច្រើន​លើក​​ផង​ដែរ​។

​​សម្រាប់​ក្រុម​ជម្រើសជាតិ​វិញ​យុវជន​វ័យ​១៨​ឆ្នាំ​ទើប​តែ​ទទួល​បាន​ឱកាស​ជាប់ U19 នេះ​​ជា​លើក​ទី​១​នេះ​ប៉ុណ្ណោះ ហើយ​ថែម​ទាំង​ចូល​លេង​ប្រកួត​ដំបូង​ភ្លាម​រក​បាន​១​គ្រាប់​ឲ្យ​ក្រុម​របស់​ខ្លួន​ភ្លាម៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​