ញាក់សាច់ទ្រឺតៗជាមួយ Chevrolet Colorado 2023 ទើបប្រកាសចេញក្តៅៗ

  • 2022-07-29 03:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Chevrolet Colorado 2023 ត្រូវបានប្រកាសចេញជាផ្លូវការហើយ ដែលវាបានកែប្រែថ្មីជាច្រើនចំណុចក្នុងការសម្រួលកាន់តែប្រសើរឡើងដល់ការបើកបរលើផ្លូវ Off-road។

សាកស៊ីរបស់រថយន្តភីកអាប់ធុនកណ្តាលនេះ ត្រូវបានអភិវឌ្ឍថ្មីដែលផ្តល់នូវគម្លាតវែងជាងមុននៃប្រវែងពីកង់មុខទៅកង់ក្រោយ និងមានទទឹងធំជាងមុន ដូច្នេះគ្រែដឹករបស់វាក៏ធំវែងជាងមុនដែរ។ ក្រៅពីនេះ វាត្រូវបានអាប់ដេតប្រព័ន្ធបូម និងមុំកង់ខាងមុខខាងក្រោយ ឬហៅថា approach angle និង departure angle កាន់តែងាយស្រួលដល់ការចុះឡើងគ្រលុក ឬថ្មធំៗ ជាមួយនឹងយ៉ាងកង់ ១៧អ៊ីញ និងសំបក់កង់ ៣៣អ៊ីញ។

Chevrolet Colorado 2023 មានជម្រើស option ចំនួន៥ ដូចជា Work Truck, LT, Z71, ZR2 និង Trail Boss ដោយប្រើម៉ាស៊ីនថ្មី និងផ្សេងៗគ្នា ក្នុងនោះ៖

១-option Work Truck និង LT ប្រើម៉ាស៊ីនចំណុះ ២,៧លីត្រ Turbo ផលិតបានកម្លាំង ២៣៧សេះ និងកម្លាំងរមួល ៣៥១ញ៉ូតុនម៉ែត្រ។

២-option Z71 និង Trail Boss ប្រើម៉ាស៊ីនចំណុះ ២,៧លីត្រ Turbo Plus ផលិតបានកម្លាំង ៣១០សេះ និងកម្លាំងរមួល ៥២៨ញ៉ូតុនម៉ែត្រ។

៣-Option ZR2 ប្រើម៉ាស៊ីនចំណុះ ២,៧លីត្រ Turbo High-Output ផលិតបានកម្លាំង ៣១០សេះ និងកម្លាំងរមួល ៥៨៣ញ៉ូតុនម៉ែត្រ។

រថយន្តភីកអាប់ដ៏លេចធ្លោរបស់ Chevrolet ក៏បានផ្លាស់ប្តូរការឌីហ្សាញផ្នែកខាងមុខផងដែរ ពោលគឺមើលទៅកាចជាងមុន ដោយចង្កៀងមុខរាងស្លីមជាងមុន និងប៉ាណាថ្មីបែបសំបុកឃ្មុំជាដើមដែលរំលេចដោយឡូហ្គូ Chevrolet នៅចំកណ្តាល។ ចំណែកផ្នែកខាងក្នុងវិញ វាបំពាក់កុងទ័រឌីជីថល ៨អ៊ីញ និងប្រព័ន្ធកម្សាន្ត Touchscreen ១១,៣អ៊ីញ។ កងបង្វិលដែលស្ថិតនៅស្នូកកណ្តាល គឺជាប្រព័ន្ធគ្រប់គ្រងប៉ុង ជាមួយ Driving Mode ចំនួន៥ ដូចជា Normal, Tow/Haul, Off-Roadm, Terrain និង Baja។

កញ្ចប់ប្រព័ន្ធសុវត្ថិភាពស្តង់ដាដែលបំពាក់លើរថយន្ត Chevrolet Colorado 2023 រួមមាន ប្រព័ន្ធព្រមានពីឧបសគ្គខាងមុខដែលនឹងអាចប៉ះទង្គិចគ្នា, ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ, ប្រព័ន្ធជំនួយរថយន្តរក្សាការបើកក្នុងគន្លងផ្លូវត្រឹមត្រូវ, ភ្លើងហ្វាអូតូ, ប្រព័ន្ធជំនួយដៃចង្កូតពេលមើលមិនឃើញឧបសគ្គខាងមុខ, ប្រព័ន្ធគ្រប់គ្រងល្បឿនអូតូធៀបនឹងល្បឿនរថយន្តខាងមុខ, កាមេរ៉ាមើលទិដ្ឋភាពជុំវិញរថយន្តកម្រិត HD និងប្រព័ន្ធព្រមានពេលមានមនុស្សនៅខាងក្រោយរថយន្តជាដើម។

រថយន្តនេះនឹងត្រូវដាក់លក់ជាផ្លូវការនៅក្នុងអំឡុងឆមាសទី១ នៃឆ្នាំ២០២៣ ដោយក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីតម្លៃរបស់វានៅឡើយទេ៕

អត្ថបទ៖ សំភី