Shuhua ប្អូនពៅ (G)I-DLE ឲ្យដំបូន្មានសម្រាប់ LGBTQ+ អ្នកដែលត្រូវឪពុកម្ដាយជំទាស់នឹងធម្មជាតិពួកគេ

  • 2022-08-16 05:44:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shuhua ((G)I-DLE) គឺជាតារា​ K-Pop ដែលតែងលើកយកប្រធានបទផ្សេងៗ មក​និយាយ និងបញ្ចេញមតិលើបណ្ដាញសង្គម ទៅតាមធម្មជាតិជា​មនុស្សជឿជាក់ និងក្លាហានមិនខ្លាចអ្វីទាំងអស់។ នាង​មិនដែល​ស្ទាក់ស្ទើរក្នុងការនិយាយ អ្វីដែល​នៅក្នុងចិត្តឡើយ ពិសេស​មាន​ពេល​មួយនោះ នាង​ថែមទាំង​បាន​លើកឡើង​ពីមនុស្សប្រុសដែល​ប្រើអំពើហិង្សាទៅលើនារីនៅប្រទេសចិនទៀតផង។

ក្នុងសារនោះ Shuhua បាន​និយាយថា៖ «ជូនដល់នារីៗជាទីស្រឡាញ់ ខ្ញុំសុំទោសដែល​មិនអាចជួយសម្រាលភាពឈឺចាប់ ភាព​ភ័យខ្លាច និងការសោកស្ដាយរបស់អ្នក ប៉ុន្តែពេលនេះ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវរស់នៅឲ្យបាន​ល្អ និងព្យាបាលផ្លូវចិត្តឲ្យបាន​រសាយ។ ជាងនេះទៅទៀត ជឿខ្ញុំណា៎ អ្នកគ្រប់គ្នា​នឹង​អាច​ជម្នះតស៊ូ ដើម្បីរកយុត្តិធម៌អ្នកមកវិញ។ គ្មានហេតុផលណាដែលបង្ហាញក្ដីមេត្តា ចំពោះពពួកមនុស្សបោកប្រាស់ដូចពួកគេទេ។ ខ្ញុំគ្រាន់តែសង្ឃឹមថា​ អ្នក​អាចមើល​ឃើញពីភាពកក់ក្ដៅ ក្នុងគ្រោះរបស់អ្នក»។

ដោយឡែក​ ទើបតែថ្មីៗនេះ Shuhua បាន​លើកឡើងនូវពាក្យពេចន៍មានន័យ ជាដំបូន្មានល្អៗ សម្រាប់អ្នកគាំទ្រខ្លួន ដែល​ព្យាយាមជម្នះនូវភាពភ័យខ្លាច ចំពោះឪពុកម្ដាយរបស់ពួកគេ។ មានអ្នកគាំទ្រម្នាក់​បាន​សួរ Shuhua ថាតើពួកគេ​គួរធ្វើបែបណា​ បើពួកគេ​ស្រឡាញ់អ្នកណា​ម្នាក់ដែលមានភេទដូចគ្នា?

ចម្លើយខ្លី និងកក់ក្ដៅ គឺ Shuhua បាន​និយាយថា៖​ «ស្រឡាញ់គ្នាចុះ! គ្រាន់តែ​ស្រឡាញ់ពួកគេ​ដោយភាពក្លាហានទៅ! កុំយំ!»

ក្នុងន័យនេះ Shuhua ចង់បញ្ជាក់ថា​ កុំ​ឲ្យយើងបារម្ភជ្រុល ឬចាត់ទុករឿងទាំងនោះជាបញ្ហាធំ ដែលមិនអាច​ដោះស្រាយបាន។ នាង​បាន​លើកចិត្តអ្នកគាំទ្រឲ្យបន្តតាមប្រមាញ់ក្ដីស្រឡាញ់ ដោយភាពក្លាហាន ហើយមិនបាច់ខ្វល់នឹងអ្វីដែលអ្នកដទៃគិតទេ។

មិនទាន់អស់ទេ នៅពេល​មានអ្នកសួរថា តើគួរធ្វើបែប​ណា បើពួកគេ​ត្រូវប្រឈម​នឹង​ការមិនពេញចិត្តរបស់ឪពុកម្ដាយ?

វាគ្មិនប្អូនពៅរបស់ ((G)I-DLE បាន​តប៖ «នេះគឺជាសំណួរល្អ! ការស្រឡាញ់នរណាម្នាក់ គឺជារឿងដែលអ្នកត្រូវធ្វើជាមួយខ្លួនអ្នក មិនមែនឪពុកម្តាយរបស់អ្នកទេ។ ដូច្នេះ ខ្ញុំ​គិត​ថា អ្នក​គួរ​ព្យាយាម​ទាក់ទង​ជាមួយ​ឪពុកម្ដាយ​របស់​អ្នក​យ៉ាង​ហ្មត់ចត់ និងឲ្យបានល្អ​។ បើគាត់ស្រឡាញ់អ្នក គាត់នឹងព្រមទទួលយកអ្នកនៅទីបញ្ចប់។ ដូច្នេះមិនអីទេ។ អ្នក​ទាំង​អស់​គ្នា​មិន​ដឹង​ទេថា ​ស្នេហា​វាមាន​ឥទ្ធិពល​យ៉ាងណានោះ»៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី