ពាក់មី ជួយប្អូនគ្រប់គ្នា តែនាយប៉ូយបែរធ្វើការរោងចក្រ ខុសគេតែឯង ដោយសារចំណុចសំខាន់ទាំងនេះ

  • 2022-09-05 07:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេល Live ជជែកលេងជាមួយនឹងប្រិយមិត្តអ្នកគាំទ្ររបស់ខ្លួន ចែម ចាន់រ៉ា (នាយ ពែកមី) បាន​លើកយក​រឿងច្រើនមកនិយាយ ពិសេសទាក់ទងនឹង​អ្វីដែល​បាន​កើតឡើងក្នុងសង្គម​ខ្លះ។

ពេល​ឃើញពីអ្វីដែល​មហាជនកំពុង​ផ្ដោតការតាមដាន ពែកមី បាននិយាយដោយបង្ហាញអារម្មណ៍ពិតថាខ្លួនសប្បាយចិត្តដែលក្នុងជាតិនេះ បានជួយគ្រួសារ ធ្វើផ្ទះធំឲ្យឪពុកម្ដាយបង្កើត និងឪពុកម្ដាយក្មេក បានរស់នៅបានស្រួល មានមុខមានមាត់នឹងគេ។

ចំណែកឯប្អូនៗ លោកបានត្រួសត្រាយ និងជួយវែកផ្លូវឲ្យប្អូនឲ្យមានការងារត្រឹមត្រឹម មិនថារបររកស៊ី និងគ្រួសារ។ ប៉ុន្តែក្នុងចំណោមប្អូនៗទាំងអស់ នាយប៉ូយ ដែលជាប្អូនទី ៣ បែរជាចាប់របរជាអ្នកធ្វើការក្នុងរោងចក្រ។ ក្រោយឃើញហើយ មហាជន​មួយចំនួន​ បែរជា​រិះគន់ ពែកមី ដែល​ជាបងថា មិនបានជួយប្អូនឲ្យមាន​ការងារខ្ពង់ខ្ពស់ ដោយថាគិតបែបនេះបែនោះ ក្នុងន័យអវិជ្ជមាន។

នាយប៉ូយ (រូបពីមុន)

ទាក់ទងនឹង​បញ្ហា​នេះ តារាកំប្លែងសម្បូរវោហារចាក់ទឹកមិនលិច បាន​និយាយបែប​លេងសើច ប៉ុន្តែសុទ្ធតែជាការពិតថា៖ «នាយប៉ូយ គឺជាមនុស្សឯករាជ្យ! បងប្អូនខ្លះថា បងប្អូនសុទ្ធតែល្បី ពែកមីល្បី គ្រឿនល្បី សុទ្ធតែអ្នកធូរធា អាក្រាន់ក៏មានផ្ទះមានឡានជិះ ចុះអាប៉ូយម៉េចធ្វើការរោងចក្រ? បើវាអត់ខ្វល់ និងចង់​ឯករាជ្យខ្លួនឯង ពោលគឺគាត់ចង់នៅស្រុក ធ្វើការខ្លួនគាត់។ ដូចប្អូនស្រីបន្ទាប់ពីក្រាន់ ជាអ្នកធ្វើសក់ល្បីដែលធ្លាប់ធ្វើសក់ជូន បងស្រី ឱកសុគន្ធកញ្ញា លោកជំទាវ ហ៊ុន ម៉ាណាជាដើម»។

ពែកមី និងប្អូនៗ ស្រង់ទឹកជូន ឪពុកម្ដាយ
ពែកមី និងភរិយា ជាមួយឪពុកម្ដាយក្មេក

ពែកមី បញ្ជាក់ហើយ បញ្ជាក់ទៀតថា នាយប៉ូយ ជ្រើសផ្លូវនេះ ដោយសារលោកចូលចិត្តជីវិតបែបឯករាជ្យ ហើយមិនមានដុងសិល្បៈដូច នាយពែកមី និងប្អូនៗផ្សេងទៀតទេ។ ណាទៀត លោកដែលជាបង ក៏ធ្លាប់យកប្អូនប្រុសម្នាក់នេះចូលសិល្បៈដែរ ប៉ុន្តែតាមនិស្ស័យ នាយប៉ូយ មិនស្រឡាញ់សិល្បៈ ចង់មានសេរីភាពរកលុយទៅតាមអ្វីដែល​ខ្លួនចង់ច្រើនជាង៕

អត្ថបទ៖ ធារី