ព្រហ្ម ម៉ាញ ប្រាប់ពីទឹកចិត្ដលះបង់ដ៏កម្ររបស់ ណូយ វណ្ណេត ពេលលោកមានអាសន្ន

  • 2022-09-20 04:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះលោក ណូយ វណ្ណេត ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំកំពូលផង និងពីអ្នកសិល្បៈដូចគ្នាផង។ សប្ដាហ៍មុនសម្ដេច ហ៊ុន សែន បានកោតសរសើរនូវទឹកដមសំនៀងរបស់លោក ថានៅតែផ្អែមពីរោះ ហើយសម្ដេចក៏ចូលចិត្ដស្ដាប់ចម្រៀងលោកដែរ។ ក្រៅពីការកោតសរសើរលើទឹកដមសំនៀង ចំពោះលក្ខណៈសម្បត្ដិ និងទឹកចិត្ដលះបង់ដ៏កម្រមួយរបស់លោកក៏ទទួលបានការកោតសរសើរដែរ។

ក្នុងបទសម្ភាសន៍មួយជាមួយSabay លោក ព្រហ្ម ម៉ាញ រំលឹកថា លោក ណូយ វណ្ណេត នេះហើយដែលជួយសង្គ្រោះបឋមដល់លោកពេលសម្ពាធឈាមធ្វើទុក្ខខ្លាំង រហូតធ្វើឲ្យលោកវិលមុខស្ទើរដួលទៅនិងកម្រាលឥដ្ឋ ប៉ុន្ដែកុំបានលោក ណូយ វណ្ណេត ទម្រេតខ្នងឲ្យលោកទ្រោបពីលើ ដើម្បីកុំឲ្យដួលចរន្ដឈាមរត់បុកកាន់តែខ្លាំង បណ្ដាលឲ្យងាប់ ឬដាច់សរសៃឈាមផ្នែកណាមួយ នៃរាងកាយ។

លោក ព្រហ្ម ម៉ាញ បញ្ជាក់ថា ភ្លាមៗលោក ណូយ វណ្ណេត បានស្ទុះមកត្រកងលោកដាក់លើខ្នង ដោយនិយាយថា៖“លោកគ្រូ កុំទប់បើចង់ក្អួត ត្រូវក្អួតឲ្យអស់មក…រំលងក្បាលខ្ញុំក៏បាន ដាក់លើអាវខ្ញុំសិនក៏បាន ព្រោះខ្ញុំយកមកពីកំប្លេដែរ ធ្វើម៉េចឲ្យតែក្អួតអស់ ស្រឡះពីក្នុងខ្លួនសិនមក”។

សិល្បករល្បីឈ្មោះផ្នែកចម្រៀងអាយ៉ៃដែលទើបទទួលគោរមងារ “គតិឧទ្ទេសបណ្ឌិត ព្រហ្ម ម៉ាញ” និយាយថាបើកុំតែបានលោក ណូយ វណ្ណេត យល់ដឹង និងអនុវត្ដវិធីបែបនេះ ម្ល៉េះសមរូបលោកពិការផ្នែកណាមួយតាំងពីពេលនោះមកម៉្លេះ។ ប៉ុន្ដែក្រោយពីសម្រាក និងព្យាបាលជំងឺនៅខ្មែរផង និងនៅអាមេរិកផង ទើបធ្វើឲ្យលោកប្រសើរឡើង អាចដើរបានដោយខ្លួនឯង ប៉ុន្ដែមិនសូវរហ័សរហួនដូចមុន ចួនកាលពេលដើរត្រូវការឈើច្រត់ជួយទប់ ហើយលោកថាពេលងើយ ឬសម្លឹងឆ្ងាយយូរៗនៅតែវិលមុខ។

កាលពីចុងខែមីនា ឆ្នាំ២០២២ លោក ព្រហ្ម ម៉ាញ បានធ្វើឲ្យគ្រួសារ និងមិត្ដសិល្បៈមួយចំនួនបារម្ភពីអាយុជីវិតរបស់លោក ក្រោយលោកទៅចូលរួមក្នុងកម្មវិធីដ៏ធំមួយរបស់ក្រុមហ៊ុស្មាត ហើយដួលសន្លប់ដោយសារសម្ពាធឈាមធ្វើទុក្ខខ្លាំង។ កុំតែបានលោក ណូយ វណ្ណេត និងមិត្ដសិល្បៈដទៃទៀតជួយ និងបញ្ជូនលោកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ​ ម៉្លេះពេលនេះមិនដឹងស្ថានភាពរបស់លោកទៅជាយ៉ាងណានោះទេ៕

ជិន សុភ័ក្ដ្រ