ធុរជន​ខាង​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ក្រុម​របស់​ថៃ សម្រេច​ផែនការ​ជំហានដំបូង​នៅ​កម្ពុជា

  • 2022-09-23 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ការ​សម្រប​សម្រួល​ពី​មន្ត្រី​ទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ធុរជន​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ថៃ មក​ពី Pat Rangsit បាន​សម្រេច​ផែន​ការ​ជំហាន​ដំបូង​របស់​ខ្លួន​ ដែល​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ពង្រីក​ទីផ្សារ​ក្រៅ​ប្រទេស ដោយ​ផ្ដោត​លើ​តំបន់​អាស៊ី​អាគ្នេយ៍​ពិសេស​កម្ពុជា​តែ​ម្ដង។

កាល​ពី​១ខែ​ជាង​មុន ក្រុម​ធុរជន​ខាង​ផ្នែក​វេជ្ជសាស្ត្រ​របស់​ថៃ បាន​មក​ដល់​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង ដែល​ពេល​នោះ ពួក​គេ​មិន​មាន​អ្វី​សោះ។ លោក Nolnabhas Yaemsa-ard នាយក​ផ្នែក​យុទ្ធសាស្ត្រ​របស់​មន្ទីរពេទ្យ Pat Rangsit បាន​ប្រាប់​ពី​ពេល​មុន​ថា ពួក​លោក​ចុះ​មក​ពេល​នោះ គ្រាន់​តែ​ក្នុង​គោល​បំណង​ស្ទាបស្ទង់​ទីផ្សារ​ប៉ុណ្ណោះ។

​ឆ្លង​តាម​ការ​សិក្សា លោក​លើក​ឡើង​ថា កម្ពុជា​ជា​ប្រទេស​សេដ្ឋកិច្ច​កំពុង​រីកចម្រើន ជាហេតុ​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​មាន​កម្រិត​ប្រែប្រួល​ល្អ​ប្រសើរ។ ក្នុង​ស្ថានភាព​នេះ លោក​បាន​មើល​ឃើញ​ទៀត​ថា ទីផ្សារតម្រូវ​ការ​សេវាថែ​ទាំ​សុខភាព​របស់​ប្រជាជន​កម្ពុជា​មាន​ទំហំ​ធំ។ ដូច្នេះ​ពួក​គេ ពិត​ជា​មាន​បំណង​ចង់​ក្លាយ​ជា​ចំណែក​មួយ​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ដែល​កំពុង​មាន​ទំហំ​ធំ​នេះ។

គោល​បំណង​ធំ​បំផុត​របស់​ពួក​គេ គឺ​ស្វែង​រក​ដៃគូ​ដែល​អាច​ទុក​ចិត្ត​បាន ហើយ​ទី​បំផុត ពួក​គេ​រក​បាន​ភ្នាក់ងារ​ប្រចាំ​នៅ​កម្ពុជា​ដល់​ទៅ ៣០ មក​ពី​គ្រប់​ខេត្ត រាជធានី​របស់​កម្ពុជា ដែល​​ខ្លះ​ជា​ក្រុមហ៊ុន​ទេសចរ​ដែល​មាន​បម្រើ​សេវា​ទេសចរណ៍ និង​ការ​ព្យាបាល ខ្លះ​ទៀត​ជា​ក្រុមហ៊ុន​ដែល​រក​ស៊ី​ក្នុង​វិស័យ​វេជ្ជសាស្ត្រ ហើយ​ក៏​មាន​ខ្លះ​ជា​អ្នក​ដែល​រកស៊ី​ខាង​ផ្នែក​ផ្គត់ផ្គង់​សម្ភារៈ​ពេទ្យ​នៅ​ប្រទេស​កម្ពុជា​ស្រាប់។

លោក Krishrat Trakulchang ជា​ប្រធាន​ក្រុម​វេជ្ជបណ្ឌិត​របស់ Pat Rangsit បាន​លើក​ឡើង​ថា លោក​មាន​សេចក្ដី​រីករាយ​ណាស់​ចំពោះ​ការ​សមិទ្ធផល​នេះ ហើយ​លោកជឿ​ថា តាម​រយៈ​សហ​ប្រតិបត្តិការ​ជាមួយ​ភ្នាក់​ងារ​ទាំង ៣០ មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃនេះ មន្ទីរពេទ្យ​លោក នឹង​កាន់​តែ​អាច​ផ្ដល់​សេវា​បាន​ល្អ​ថែម​ទៀត ដល់​អ្នក​ជំងឺ​ទៅ​ពី​កម្ពុជា។

នេះ​គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​ផែន​ការ​ពង្រីក​សេវា​គ្រប់​ដណ្ដប់​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​ថៃ ដោយ​ផ្ដោត​លើ​កម្ពុជា។ តាម​លោក លោកវេជ្ជបណ្ឌិត Nolnabhas Yaemsa-ard បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ផែនការ មន្ទីរ​ពេទ្យ​របស់​ត្រូវ​ការ​ដៃគូ​ច្រើន។ ប៉ុន្តែ​ការ​ទទួល​បាន​ភ្នាក់​ងារ ៣០ក្នុង​រយៈ​ពេល​ខ្លី គឺ​ជា​ជោគជ័យ​ជំហាន​ទី​១។ ដូច្នេះ​មន្ទីរពេទ្យ​ នឹង​ធ្វើ​ការ​ជាមួយ​ភ្នាក់​ងារ​ទាំង​នេះ​សិន ដើម្បី​ស្ទាប់​ស្ទង់​ពី​ប្រសិទ្ធភាព និង​តម្រូវ​ការ​ជាក់​ស្ដែង។ ប្រសិន​បើ​អ្វី​ដំណើរ​ការ​ល្អ ការ​ជ្រើសរើស​ភ្នាក់ងារ​បន្ថែម នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត។

Pat Rangsit គឺ​ជា​បុត្រ​សម្ព័ន្ធ​មួយ​នៃ​មន្ទីរ​ពេទ្យ Rangsit Group ដែល​បាន​ដំណើរ​ផ្ដល់សេវា​ព្យាបាល​នៅ​ក្នុង​ប្ររទេសថៃ​ជាង ៣០ឆ្នាំ​មកហើយ។ នេះ​ជា​មន្ទីរពេទ្យ​ឯកទេស​ជំងឺ​ទូទៅ យ៉ាង​ណា​ក៏​ដោយ តាម​ថ្នាក់​ដឹកនាំ​មន្ទីរពេទ្យ បាន​ឲ្យ​ដឹង​ថា Pat Rangsit ត្រូវ​បាន​ស្គាល់​នៅ​ក្នុង​ប្រទេស​ថៃ​ថា​មាន​ជំនាញ​ខ្ពស់​ជាង​គេ ខាង​ផ្នែក​រោគ​បេះដូង និង​ផ្នែក​សម្ភព៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី