សាកស្រមៃមើល បើគ្មាន​ពពក​សោះ​នៅ​លើ​មេឃ តើ​វា​នឹង​ប៉ះពាល់​យ៉ាងណាចំពោះ​​ជីវិត​នៅ​លើ​ផែន​ដី

  • 2022-09-26 03:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផែន​ដី​ត្រូវ​បាន​ដុំ​ពពក​​តូច​ធំ​ជា​ច្រើន​គ្រប​ដណ្ដប់​ពាសពេញ​ចំនួន​ប្រមាណ ៧០% នៃ​ផ្ទៃ​មេឃ​ទាំង​មូល។ និយាយ​ក្នុង​ន័យ​ឧបមា​ថា ចុះ​បើ​គ្មាន​ពពក​សោះ​នៅ​លើ​មេឃ តើ​វា​នឹង​ប៉ះពាល់​ដែរ​ឬ​ទេ​ចំពោះ​​ជីវិត​នៅ​លើ​ផែន​ដី?

ចម្លើយ​ខ្លី​គឺ​ថា "ត្រឹមត្រូវ" វា​នឹង​ប៉ះពាល់។ នៅ​ក្នុង​រយៈពេល​២-៣​ថ្ងៃ​ដំបូង បញ្ហា​ចម្បង​​ដែល​កើត​មាន​ឡើង​គឺ​សំណើម។ ដូច​ដែល​បាន​​ដឹង កម្ដៅ​ព្រះ​អាទិត្យ​នឹង​បង្កើត​​ឲ្យ​មាន​លំហួត​ទឹក ដែល​​ប្រមូល​ផ្ដុំ​កកើត​ជា​ពពក។ ​អ៊ីចឹង​បើ​​មិន​អាច​កើត​ជា​ពពក នោះ​លំហួត​ទឹក​នៅ​តែ​វិល​ចុះ​ឡើង​នៅ​ក្នុង​ស្រទាប់​បរិយាកាស ដែល​បង្កើត​ជា​សំណើម​ក្នុង​ខ្យល់​ជិត ១០០%​តែ​ម្ដង។ ឧទាហរណ៍​ថា អ្នក​​កំពុង​ជិះ​យន្តហោះ នោះ​លំញ័រ​​នឹង​កើន​ឡើង​ខ្លាំង​ជាង​ធម្មតា។

បន្ថែម​​ពី​នេះ បើ​គ្មាន​ការ​ការពារ​ពី​ពពក​នោះ​ទេ ពន្លឺ​ព្រះ​អាទិត្យ​នឹង​ចាំង​ចូល​ផែនដី​​ខ្លាំង​ជាង​​ធម្មតា ដែល​បង្ក​ឲ្យ​កើន​ឡើង​កម្ដៅ​ផែនដី និង​បង្កើត​ជា​​រលក​ខ្យល់​ក្ដៅ​មិន​ខាន។ ការ​ឡើង​កម្ដៅ​នឹង​សម្លាប់​ជីវិត​សត្វ និង​រុក្ខជាតិ​មួយ​ចំនួន ហើយ​វា​នឹង​ធ្វើ​ឲ្យ​ដុំ​ផ្ទាំង​ទឹកកក​ធំៗ​រលាយ បង្ក​ជា​គ្រោះ​ទឹក​ជំនន់។

កាន់​តែ​វែង​ឆ្ងាយ​ថែម​ទៀត វា​ក៏​នឹង​មិន​មាន​ភ្លៀង​ ឬ​ព្រិល​ធ្លាក់​ទៀត​ឡើយ​សម្រាប់​ផែនដី។ កត្តា​នេះ​នឹង​កាត់​ផ្ដាច់​​ចរន្ត​ប្រភព​ទឹក​នៅ​លើ​ផែនដី​ទាំង​មូល។ គ្មាន​ភ្លៀង នោះ​​រុក្ខជាតិ ដំណាំ និង​សត្វ​មួយ​ចំនួន​ច្បាស់​នឹង​ប្រឈម​គ្រោះ​មហន្តរាយ​ដល់​​បាត់បង់​ជីវិត​គ្មាន​សេសសល់។ ពិភពលោក​នឹង​អស់​ទឹក​សាប​ប្រើប្រាស់​ក្នុង​រយៈពេល​ប្រមាណ​ជា ២៣​ឆ្នាំ​ខាង​មុខ។

ស្ដាប់​ទៅ​វា​គ្រោះថ្នាក់​ណាស់​មែន​ទេ? យ៉ាង​ណា​មិញ វា​ក៏​មាន​ចំណុច​ល្អ​តិច​តួច​ផង​ដែរ ដូចជា ពិភពលោក​នឹង​គ្មាន​ខ្យល់​ព្យុះ ឬ​ខ្យល់​កន្ត្រាក់​ទៀត​ទេ ហើយ​ផ្ទៃ​មេឃ​នឹង​ស្រឡះ​ល្អ ងាយស្រួល​មើល​ផ្កាយ​នៅ​ពេល​រាត្រី។ តើ​វា​អាច​កាត់កង​គ្នា​បាន​ដែរ​អត់​រវាង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ប៉ុណ្ណឹង?