គួរដឹង ៦ចំណុច​ពេលបើកបរឆ្លងកាត់​ផ្លូវរថភ្លើង ដើម្បីបញ្ចៀសគ្រោះថ្នាក់នានានៅពេលមានរថភ្លើងឆ្លងកាត់

  • 2022-09-27 03:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួរដឹង ៦ចំណុច​ពេលបើកបរឆ្លងកាត់​ផ្លូវរថភ្លើង ដើម្បីបញ្ចៀសគ្រោះថ្នាក់នានានៅពេលមានរថភ្លើងឆ្លងកាត់។ ការ​បើកបរឆ្លងកាត់ផ្លូវរថភ្លើង៖

១. អ្នក​បើកបរ ត្រូវ​បន្ថយ​ល្បឿន នៅពេល​ជិត​ដល់ផ្លូវ​រថភ្លើង។

២. នៅ​កន្លែង​ផ្លូវ​ថ្នល់​កាត់​ផ្លូវ​រថភ្លើង​ដែល​មាន​ដាក់របារ ឬ​របាំង អ្នក​បើកបរ​មិនត្រូវ​បរចូល​ទៅ​ទីនោះ នៅ​ពេល​ដែល​របាំង​នោះ​បិទ ឬ​កំពុង​បិទ ឬ​កំពុង​បើក​ឡើយ។

៣. នៅ​កន្លែង​មាន​ឆ្មាំ​នៅត្រង់​ផ្លូវ​រថភ្លើង​ឆ្លងកាត់ អ្នក​បើកបរ​ត្រូវ​ស្តាប់​បញ្ជា​ឆ្មាំ​ហើយ មិនត្រូវ​បង្ក​ឲ្យមាន​ឧបសគ្គ​ដល់​ការ​បិទបើក​របារ ឬ​របាំង​ឡើយ។

៤. កាលណា​មាន​រថភ្លើង​មក​ជិតដល់ អ្នក​ប្រើប្រាស់​ផ្លូវ​គ្រប់រូប ត្រូវឈប់​ជា​បន្ទាន់ ដើម្បី​ទុក​ផ្លូវ​ឲ្យ​រថភ្លើង​ធ្វើចរាចរណ៍​ទៅមុន។ គង្វាល​សត្វ​ទាំងអស់ ត្រូវ​រកវិធី​ទប់ស្កាត់​ហ្វូង​សត្វ​ពាហនៈ កុំឲ្យ​ឆ្លងកាត់ ផ្លូវ​រថភ្លើង​ជា​ដាច់ខាត។

៥. កាលណា​រថភ្លើង​បន្លឺ​សញ្ញា​ជិត​មកដល់ អ្នក​បើកបរ​គ្រប់រូប​ត្រូវឈប់​យ៉ាងតិច ២​ម៉ែត្រ ពីរ​បារ ឬ​របាំង ហើយ​បើគ្មាន​របារ ឬ​របាំង ត្រូវ​ឈប់​យ៉ាងតិច ៥​ម៉ែត្រ ពីផ្លូវ​រថភ្លើង។

៦. ក្នុង​ករណី​ដែល​យាន​ជំនិះ​គាំង​ដំណើរ ឬ​ហ្វូងសត្វ ធ្វើដំណើរ​ចូលមក​ជ្រុល​ទៅលើ​ផ្លូវ​រថភ្លើង អ្នក​បើកបរ​ឬ​គង្វាល​សត្វ ត្រូវ​រិះរក​មធ្យោបាយ​កុំឲ្យ​មាន​កើត​ជាឧបសគ្គ​ដល់​រថភ្លើង​ ឬត្រូវ​ឲ្យ​ដំណឹង​ដល់​ភ្នាក់ងារ​ទទួល​ខុសត្រូវ​ផ្លូវ​រថភ្លើង ដែល​នៅជិត​បំផុត​អំពី​គ្រោះថ្នាក់​ដែលនឹង​អាច​កើតឡើង​បាន​នោះ ប្រសិនបើ​ខ្លួន​មិនអាច​បញ្ចៀស​ឧបសគ្គ​លើផ្លូវ​រថភ្លើង​ដោយ​ខ្លួនឯង​បាន៕

ដកស្រង់ចេញពី៖ ច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក