មកដឹងកាន់តែច្បាស់ពីមូលហេតុ ដែលកម្ពុជាចាំបាច់ត្រូវមានផ្លូវល្បឿនលឿន ហើយគោលដៅណានឹងសាងសង់បន្ទាប់

  • 2022-10-04 07:42:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមច្បាប់ស្តីផ្លូវថ្នល់ ​បានឱ្យដឹងថា ផ្លូវល្បឿនលឿន​សំដៅ​ដល់​ផ្លូវសម្រាប់​យានយន្ត​ធ្វើចរាចរណ៍ មាន​បរិក្ខារចែកទ្រូងផ្លូវ​ជាពីរចំណែក​ខុសទិសគ្នា ឬចែកជាគន្លងផ្លូវ គ្មាន​កន្លែង​ផ្លូវប្រសព្វ​លើផ្ទៃ​រាបមួយ ឬត្រូវមាន​ផ្លូវប្រសព្វតិចបំផុត​ក្នុងករណី​ចាំបាច់ និង​បំពាក់​គ្រប់​គ្រាន់​នូវបរិក្ខារ​ផ្លូវថ្នល់ ដើម្បីធានាលំហូរ​ចរាចរណ៍​អត់​ឈប់ សុវត្ថិភាព និង​ដើម្បី​បន្ថយ​ពេលវេលា​ធ្វើដំណើរ និង​មាន​កន្លែង​កំណត់​សម្រាប់​ឱ្យ​យានយន្តចេញ និង​ចូល​ផ្លូវល្បឿនលឿន។

ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway)​​ ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញ​ផ្លូវ​នៅកម្ពុជា​ព្រោះ​ ផ្លូវល្បឿ​ន​លឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុក​​ជា​​មូល​ដ្ឋាន​​​សម្រាប់​​វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។

បើតាមវិបសាយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បញ្ជាក់​ថា គោលបំណង​នៃគម្រោង​សាងសង់​ផ្លូវល្បឿនលឿន​នៅកម្ពុជា​គឺដើម្បី៖

-សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោក​ទាំង​មូល​ ៖ ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់​សមត្ថ​ភាព​ដឹកជញ្ជូនកម្ពុជាឲ្យសមស្របទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។

-បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជា​មា​គ៌ា​​ឆ្ពោះ​ទៅ​កាន់​​ពិភ​ពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាព​ផ្នែក​ភស្តុ​ភា​រ​​នៅក្នុង​ប្រទេសពិសេស ​ពីភ្នំពេញ​ទៅ​បណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស​។​

-ពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជា៖ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ក្នុង​ការទទួល​បន្ទុ​ក​​យានយន្ត​ធ្ងន់ៗបម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានាដែលចរាចរតាមផ្លូវជាតិ កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង។

បច្ចុប្បន្ន ​កម្ពុជាទើបដាក់ឲ្យប្រើសាកល្បង ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដែលមានចម្ងាយជាង ១៩០គីឡូម៉ែត្រ អនុវត្តដោយ​ក្រុមហ៊ុនចិន ក្រោមទម្រង់ BOT។ ថ្មីៗនេះ រាជរដ្ឋាភិបាល​កម្ពុជាក៏ទើបតែបង្កើតគណៈកម្មការមួយ​ដើម្បីជំរុញ​ការសាងសង់​ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត​ផងដែរ៕

អត្ថបទពេញនិយម