យក្សអាមេរិច Apple ព្រលែង Samsung ពឹងតៃវ៉ាន់តែមួយ ពេលនេះ TSMC ទារឡើងថ្លៃបន្ទះឈីបក៏មិនតវ៉ា

  • 2022-10-05 03:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកតៃវ៉ាន់ TSMC បានជូនដំណឹងដល់អតិថិជនរបស់ខ្លួនដូចជា Apple និង Nvidia ថាខ្លួននឹងតម្លើងតម្លៃបន្ទះឈីប 8-inch chip wafers 6% និង chip wafers 12-inch រហូតដល់ 5%។

ពីដំបូង Apple ថាខ្លួននឹងមិនទទួលយកការដំឡើងថ្លៃនោះទេ ប៉ុន្តែព័ត៌មានថ្មីៗនេះបង្ហាញថា Apple នឹងទទួលតម្លៃថ្មីដែលកំណត់ដោយ TSMC។

Apple គឺជាអតិថិជនដ៏សំខាន់មួយរបស់ TSMC ដែលក្រុមហ៊ុននេះផ្គត់ផ្គង់បន្ទះឈីបសម្រាប់ឧបករណ៍ Apple កន្លងមកដូចជាឈីបសម្រាប់ iPhone, iPad និង Mac ហើយចំនួនការបញ្ជាទិញក៏ច្រើនផងដែររៀងរាល់ឆ្នាំ។

ជុំវិញបញ្ហាតម្លៃបន្ទះឈីបនេះ អ្នកវិភាគជាច្រើនមើលឃើញថា iPhone ជំនាន់ក្រោយពិសេសគឺ iPhone 15 នឹងអាចតម្លើងថ្លៃផងដែរ ហើយ Apple នឹងប្រើបន្ទះឈីបថ្លៃនេះសម្រាប់តែម៉ូឌែលកំពូលរបស់ខ្លួនប៉ុណ្ណោះ ដូចជាកន្លងមក iPhone 14 Pro ប្រើឈីបថ្មី A16 ប៉ុន្ដែ iPhone 14 ម៉ូឌែលធម្មតា ប្រើត្រឹមឈីបចាស់ A15។

TSMC ត្រូវបានរាយការណ៍ថាកំពុងផលិត បន្ទះឈីប A17 Bionic ដែលជាឈីបដំបូងប្រើខ្នាតផលិត 3-nanometer ហើយវាក៏ត្រូវប្រើដើម្បីបង្កើតបន្ទះឈីប M3 ដែលជាប្រព័ន្ធបន្ទះឈីបខ្លាំងជាងគេរបស់ Apple នាពេលអនាគតផងដែរ។ បច្ចុប្បន្ន Apple ប្រើបន្ទះឈីប A16 Bionic ខ្នាត 4-nanometer តែប៉ុណ្ណោះ។

ក្នុងពេលនេះដែរ Samsung ក៏កំពុងប្រកួតប្រជែងជាមួយ TSMC ក្នុងការបង្កើតបន្ទះឈីបខ្នាត 3-nanometer ដូចគ្នា។ គួររំលឹកថា Samsung បានផ្គត់ផ្គង់ Apple នូវបន្ទះឈីប A-series រហូតដល់ iPhone 6s។ បន្ទាប់មកនៅ ឆ្នាំ២០១៦ ជំនាន់ iPhone 7 គឺជាម៉ូដែលដំបូងដែល Apple ប្ដូរទៅប្រើបន្ទះឈីបដែលផលិតផ្តាច់មុខដោយ TSMC វិញម្ដង។ ប្រសិនបើក្រុមហ៊ុនកូរ៉េខាងត្បូងជោគជ័យក្នុងការផលិតបន្ទះឈីប 3-nanometer នោះ Samsung ទំនងអាចក្លាយជាអ្នកផ្គត់ផ្គង់មួយផ្សេងរបស់ក្រុមហ៊ុន Apple សម្រាប់ផលិតផលនាពេលខាងមុខ៕

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ កុសល