ប៉ែន ចំរុង នឹងប៉ះជាមួយតារាល្បី៍ ៦ដួង ក្នុងកម្មវិធីដ៏អស្ចារ្យនៅចុងខែនេះ

  • 2022-10-24 05:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការទន្ទឹងរង់ចាំរបស់ទស្សនិកជន ចំពោះការទស្សនាកម្មវិធីទស្សន៍ទាយចម្រៀងបែបថ្មី “The Wall Song Cambodia” បានមកដល់ហើយ។ តារាកិត្តិយសល្បីៗចូលរួមបើកឆាកក្នុងសប្ដាហ៍ដំបូង នៃកម្មវិធីថ្មីនេះ មានចំនួនបីដួង និងមានតារាអាថ៍កំបាំងក្រោយជញ្ជាំងចំនួនបីដួងដូចគ្នា ដែលនឹងត្រូវឡើងមកបកស្រាយបទចម្រៀងរួមគ្នាលើឆាកតែមួយ។

តារាចម្រៀង មាស សុខសោភា ពូ ឃ្លាំង និង នីកូ ជាតារាកិត្តិយសនឹងត្រូវឡើងមកបកស្រាយបទចម្រៀងជាមួយតារាចម្រៀងអាថ៍កំបាំង។

តាមរយៈកម្មវិធីនេះ ទស្សនិកជនមិនត្រឹមតែបានទស្សនាការច្រៀងរួមគ្នារវាងតារាកិត្តិយស និងតារាអាថ៍កំបាំងដែលទស្សនិកជនមិនធ្លាប់បានឃើញ និងបានឮនោះទេ។ កម្មវិធីតម្រូវឲ្យតារាចម្រៀងកិត្តិយសទស្សន៍ទាយថាតើដៃគូដែលជាតារាចម្រៀងអាថ៍កំបាំងក្រោយជញ្ជាំងនោះជា អ្នកណា? ខណៈកំពុងព្យាយាមទស្សន៍ទាយឈ្មោះតារាចម្រៀងអាថ៍កំបាំងនោះ ក្រុមតារាឯទៀតរួមនិងពិធីករផង នឹងព្យាយាមបន្លប់ចម្លើយក្នុងន័យធ្វើឲ្យតារាកិត្តិយសវិលវល់មិនអាចទាយឈ្មោះតារាចម្រៀងបាន។

តារាចម្រៀងកិត្តិយស អាចនឹងទស្សន៍ទាយមិនត្រូវនូវដៃគូអាថ៍កំបាំងរបស់ខ្លួនដែលជាមនុស្សជិតស្និទ្ធបំផុត។ សម្រាប់សប្តាហ៍ដំបូងនេះ តើតារាកិត្តិយសទាំងបីដួង អាចទស្សន៍ទាយដឹងទេថា តារាអាថ៍កំបាំងដែលនឹងឡើងមកច្រៀងរួមគ្នានោះគឺជាអ្នកណា? សម្រាប់បទចម្រៀងមួយចំនួនដែលត្រូវលើកឡើងមកបកស្រាយក្នុងកម្មវិធី The Wall Song Cambodia ទៀតសោតក៏នឹងមានការរៀបចំបទភ្លេងថ្មីក្នុងគោលបំណងធ្វើយ៉ាងណាឲ្យទស្សនិកជនកាន់តែទទួលបានចំណីចក្ខុថ្មីបន្ថែមទៀត។

ដោយឡែកពិធីករល្បីល្បាញដែលនឹងត្រូវមកគ្រងដំណែងក្នុងកម្មវិធីនេះ គឺលោក ប៉ែន ចំរ៉ុង ដែលគ្រប់គ្នាបានដឹងថាលោក ជាពិធីករអាជីព អាចដំណើរការកម្មវិធីបានគ្រប់ទម្រង់ទាំងអស់ ប៉ុន្តែពេលមកជួបជាមួយកម្មវិធី The Wall Song Cambodia លោកបានអះអាងថាវាពិតជាថ្មី ប្លែក សម្រាប់រូបលោក និងសម្រាប់ទស្សនិកជននៅកម្ពុជា។

The Wall Song គឺជាកម្មវិធីមួយដែលស្ថានីយទូរទស្សន៍ ភី អិន អិន ទទួលបានសិទ្ធក្នុងការផលិតបន្តពីប្រទេសថៃ ហើយកម្មវិធីមួយនេះក៏កំពុងតែពេញនិយមខ្លាំង ដោយសារតែកម្មវិធីទាំងមូលពោរពេញទៅដោយភាពរីករាយ ទស្សនីយភាពប្លែក បូករួមទាំងការរចនាឆាកយ៉ាងប្រណិត និងទំនើបទៀតនោះ ធ្វើឲ្យកម្មវីធីទទួលបានភាពល្បីល្បាញ។

The Wall Song Cambodia ចាប់ផ្ដើមចាក់ផ្សាយពីថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ ដល់ម៉ោង ៩:០០ យប់ តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន និងនៅលើផេក The Wall Song Cambodia Vattanak Beer និង Dragon Beer៕

ជិន សុភ័ក្ដ្រ