ប្រវត្តិតារាឆ្នើមអាស៊ី Son Heung-min ទាំងស្នេហា និងការតស៊ូដ៏ជូរចត់លើវិស័យបាល់ទាត់
- 2022-11-11 04:34:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិតារាឆ្នើមអាស៊ី Son Heung-min ទាំងស្នេហា និងការតស៊ូដ៏ជូរចត់លើវិស័យបាល់ទាត់
ចន្លោះមិនឃើញ
Son Heung-min ខ្សែបម្រើក្រុម Tottenham Hotspur ជាកំពូលកីឡាករអាស៊ីដែលលេចធ្លោជាងគេបំផុតបច្ចុប្បន្ន និងជាកីឡាករអាស៊ី ដែលមានតម្លៃខ្លួនខ្ពស់ដាច់គេក្នុងប្រវត្តិសាស្ត្រ ២២លានផោន (២៦,៨៧លានដុល្លារ)។ តើកីឡាករវ័យ៣០ឆ្នាំដែលជា brand ambassador របស់ក្រុមហ៊ុនស្រាបៀរ Tiger និងជាជម្រើសជាតិកូរ៉េខាងត្បូង មានប្រវត្តិយ៉ាងណាខ្លះ? ថ្ងៃនេះ Sabay សូមបង្ហាញជូនដូចខាងក្រោម៖
គ្រួសារ
Son មានម្តាយឈ្មោះ Eun Ja Kil និងឪពុកឈ្មោះ Son Woong-jung ជាអតីតកីឡាករបាល់ទាត់ម្នាក់ ដែលធ្លាប់លេងឲ្យជម្រើសជាតិកូរ៉េខាងត្បូងផងដែរ។ Son ធ្លាប់ធ្វើជាក្មេងរើសបាល់ឲ្យក្រុម FC Seoul កាលឆ្នាំ២០០៨។
ឈុតយុវជន
Son ចាកចេញពីក្លឹបយុវជន FC Seoul ទៅក្លឹបអាល្លឺម៉ង់ Hamburger ឈុតយុវជន តាំងពីវ័យ១៦ឆ្នាំ កាលឆ្នាំ២០០៨។ ពេលទៅដល់ទីនោះ Son ធ្លាប់និយាយថា ខ្លួនមិនចេះអង់គ្លេស ហើយក៏មិនចេះអាល្លឺម៉ង់នោះដែរ ដែលពេលខ្លះ ពិតជាមានអារម្មណ៍ឯកា និងនឹកស្រុកកំណើត។ ប៉ុន្តែរូបគេត្រូវតែទ្រាំ ព្រោះចង់សម្រេចគោលបំណងរបស់ខ្លួន ចង់ក្លាយជាកីឡាករអាជីពល្បីម្នាក់ នៅលីគកំពូលអឺរ៉ុប។
Hamburger (ឈុតធំ)
រដូវកាល២០១០-១១ Son បានបង្ហាញខ្លួនឈុតធំក្រុម Hamburger ពេលលេងមិត្តភាព មុនបើករដូវកាល ហើយរូបគេក៏បានក្លឹបផ្ដល់កុងត្រាជាផ្លូវការក្នុងឈុតធំឲ្យ នៅអាយុ១៨ឆ្នាំ។ រយៈពេល៣រដូវកាល Son បង្ហាញខ្លួនឲ្យ Hamburger សរុប៧៨ប្រកួត ស៊ុតបាន២០គ្រាប់ រួមទាំងគ្រាប់ស៊ុតចូលក្រុម Chelsea និងបានបំបែកកំណត់ត្រាក្លឹប ក្លាយជាកីឡាករវ័យក្មេងបំផុត វ័យ១៨ឆ្នាំ ដែលអាចស៊ុតចូលនៅ Bundesliga ផងដែរ។
Bayer Leverkusen
ខែមិថុនា ឆ្នាំ២០១៣ Son បានផ្ទេរពី Hamburger ទៅក្លឹប Bayer Leverkusen ក្នុងតម្លៃបំបែកកំណត់ត្រាក្លឹប ១០លានអឺរ៉ូ ដោយចុះកុងត្រា៥ឆ្នាំ។ បង្ហាញខ្លួន៣ប្រកួតដំបូង ស៊ុតចូល៣គ្រាប់ ឲ្យ Leverkusen យ៉ាងអស្ចារ្យ។ បន្ទាប់មក ខែវិច្ឆិកា ឆ្នាំ២០១៣ រូបគេបានស៊ុតហែតទ្រីក ពេលប៉ះក្រុមចាស់ Hamburger ជួយឲ្យ Leverkusen ឈ្នះ ៥-៣។ ៣រដូវកាលជាមួយ Leverkusen កីឡាករឆ្នើមកូរ៉េខាងត្បូងរូបនេះ បង្ហាញខ្លួនសរុប៨៧ប្រកួត ស៊ុតបាន២៩គ្រាប់។
Tottenham Hotspur
ខែសីហា ឆ្នាំ២០១៥ Son បានផ្ទេរមកក្លឹបអង់គ្លេស Tottenham Hotspur ក្នុងតម្លៃ២២លានផោន (កីឡាករអាស៊ីថ្លៃបំផុត) ដោយចុះកុងត្រា៥ឆ្នាំ លេងនៅ Premier League។ រដូវកាលដំបូង Son ពុំសូវបានបង្ហាញខ្លួនជម្រើសដំបូងទេ ដោយចូលលេងភាគច្រើនចុងម៉ោងប៉ុណ្ណោះ។
ពេលចប់រដូវកាលនោះ Son បានស្នើសុំអ្នកចាត់ការ Mauricio Pochettino ចាកចេញពីក្លឹប ដើម្បីស្វែងរកកន្លែងលេងជម្រើសដំបូង។ ប៉ុន្តែអ្នកចាត់ការ Spurs កាលនោះបានសន្យាថា នឹងឲ្យរូបគេលេងច្រើនជាងមុន។ ជាលទ្ធផល រដូវកាលបន្ទាប់ Son ធ្វើបានល្អមែនទែន និងធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរ ដោយបង្ហាញខ្លួន២៩ប្រកួត ស៊ុត១៤គ្រាប់ រួមទាំងស៊ុតហែតទ្រីកលើក្រុម Millwall ជួយឲ្យ Spurs ឈ្នះ ៦-០ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ទៀតផង។ រហូតមកដល់បច្ចុប្បន្ននេះ គេបានឈ្នះស្បែកជើងមាសក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅ Premier League កាលពីរដូវកាលមុនថែមទៀត។
ជម្រើសជាតិកូរ៉េខាងត្បូង
Son ជាប់ជម្រើសជាតិកូរ៉េខាងត្បូង U-17 នៅឆ្នាំ២០០៨និង២០០៩ ដោយលេងបាន១៨ប្រកួត ស៊ុតបាន៧គ្រាប់។ Son ធ្លាប់លេងឲ្យឈុត U-23 ជម្រើសជាតិ បាន១០ប្រកួត ស៊ុតបាន៣គ្រាប់។ ចំណែកឯឈុតធំវិញ រូបគេជាប់តាំងពីឆ្នាំ២០១០ លេងបាន១០៤ប្រកួត ស៊ុតបាន៣៥គ្រាប់ និងជួយឲ្យកូរ៉េខាងត្បូង ទទួលបានជើងឯករងពាន AFC Asian Cup កាលឆ្នាំ២០១៥ទៀតផង។
ស្នេហា
កាលឆ្នាំ២០១៤ Son ត្រូវបានសារព័ត៌មាន Soompi បានចុះផ្សាយថា មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងកូរ៉េ Minah របស់ក្រុម Girl's Day ប៉ុន្តែក្រោយមកពួកគេបានបែកគ្នាវិញ ដោយសាររវល់ការងាររៀងៗខ្លួន និងនៅឆ្ងាយគ្នា។ ខែវិច្ឆិកា ឆ្នាំ២០១៥ Son ត្រូវបានសារព័ត៌មាន Allkpop ចុះផ្សាយថា បានណាត់គ្នា និងមានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងនិងតារាសម្ដែងកូរ៉េ Yoo So-young របស់ក្រុម After School ប៉ុន្តែរហូតមកទល់ពេលនេះ កីឡាករឆ្នើមរូបនេះ ពុំទាន់បង្ហាញដល់សាធារណៈជន ពីទំនាក់ទំនងស្នេហារបស់គេឡើយ។ ដោយកន្លងមកក៏មានដំណឹងថា Son នឹងរៀបការតែម្ដង នៅពេលគេចូលនិវត្តន៍ពីវិស័យបាល់ទាត់ ដែលនេះជាការសន្យារបស់គេជាមួយឪពុក៕