មកដឹងពីកម្មវិធីចម្បងៗ ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ដែលយុវជនពុំគួររំលង

  • 2022-10-28 10:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (Cambodia Tech Expo 2022: CTX 2022) ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (Venue 1) និង Factory Phnom Penh (Venue 2)។

កម្មវិធីចម្បងៗក្នុង ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ រួមមាន៖

  • វេទិកាកិច្ចសន្ទនារវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-តំណាងវិស័យឯកជន-អ្នកស្រាវជ្រាវ-សង្គមស៊ីវិល
  • សន្និសីទ និងសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំនិងអ្នកជំនាញដើម្បីចែករំលែកអំពីបច្ចុប្បន្នភាព និងអនាគតនៃបច្ចេកវិទ្យា
  • កម្មវិធីបង្កើតទំនាក់ទំនងសម្រាប់ធុរកិច្ចថ្មីបច្ចេកវិទ្យានិងវិនិយោគិន, កម្មវិធី Seedstars summit, កម្មវិធី ASEAN YOUNG ENTREPRENEURS CARNIVAL, កម្មវិធី Startup Investment Readiness Program for Tech Startup, វេទិកាធុរកិច្ចថ្មីកម្ពុជា វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ និងសកម្មភាពសំខាន់ៗមួយចំនួនទៀត។

ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ជាកម្មវិធីដ៏ធំមួយដែលរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលអាស៊ាន ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាកម្មវិធីឈានមុខគេប្រចាំឆ្នាំលើកទី១ របស់ព្រះរាជាណាចក្រកម្ពុជា ដែលមានគោលបំណងបង្កើតថ្នាលបច្ចេកវិទ្យាថ្នាក់ជាតិ ដើម្បី៖

១. កៀរគររដ្ឋសមាជិកអាស៊ាន រដ្ឋាភិបាល វិស័យឯកជន ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ដើម្បីសហការ ចែករំលែកបទពិសោធន៍ និន្នាការថ្មីៗ បញ្ហាប្រឈម និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យា សេដ្ឋកិច្ចនិងសង្គមឌីជីថល និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។

២. បង្ហាញអំពីវឌ្ឍនភាពគោលនយោបាយ និងក្របខណ្ឌគតិយុត្ត ជាពិសេសផលិតផលនិងសេវាបច្ចេកវិទ្យានានា។

៣. ឆ្លុះបញ្ចាំងអំពីប្រព័ន្ធអេកូឡូស៊ីប្រកបដោយអំណោយផលនិងទាក់ទាញ ព្រមទាំងចាប់យកឱកាសវិនិយោគក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅកម្ពុជា។

៤. អភិវឌ្ឍបណ្តាញអាជីវកម្មរវាងធុរកិច្ចបច្ចេកវិទ្យាថ្មី សហគ្រាសធុនតូចនិងមធ្យម ឧស្សាហកម្ម និងវិនិយោគ។

៥. ចាប់យកសក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

៦. លើកកម្ពស់ការយល់ដឹង និងបង្កើតសំណើរួម ក្របខណ្ឌ និងការស្រាវជ្រាវនិងអភិវឌ្ឍន៍រួម ជាដើម។

កម្មវិធីនេះត្រូវបានដឹកនាំរៀបចំនិងសម្របសម្រួលដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងទទួលបានការគាំទ្រពីក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។

«ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ (CTX 2022)» នឹងបង្ហាញពី FinTech, Startup, InnoTech, STEM, Cybersecurity, Emerging and Deep Technology រួមទាំងការតាំងពិព័រណ៍ដ៏អស្ចារ្យជាច្រើនទៀត។

តោះចូលរួមដោយសេរីទាំងអស់គ្នា! ថ្ងៃទី ១១ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និង The Factory Phnom Penh។ ចុះឈ្មោះឥឡូវនេះ https://ticket.cambodiatechex.gov.kh/

អត្ថបទពេញនិយម