ទោះ​មាន​របួស Benzema ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង​ដើម្បី​លេង​ World Cup

  • 2022-11-10 12:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​កំពុង​មាន​របួស ខ្សែ​ប្រយុទ្ធ​ Karim Benzema បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង​សម្រាប់​លេង​ World Cup ២០២២ ខាង​មុខ។

កាល​ពី​ថ្មី​ៗ​នេះ សហព័ន្ធ​បាល់​ទាត់​បារាំង​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ ២៥ រូប​ដែល​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​បារាំង​សម្រាប់​ត្រៀម​លេង​ World Cup ២០២២ នៅ​ប្រទេស​កាតា។ ក្នុង​ចំណោម​នោះ​ មាន​ខ្សែ​ប្រយុទ្ធ​ Benzema ម្នាក់​ផង​ដែរ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ បើ​ទោះ​ជា​រូប​គេ​កំពុង​មាន​របួស។ កាល​ពី​ដើម​សប្ដាហ៍​នេះ ក្លឹប​ Real Madrid បាន​ប្រកាស​ថា Benzema មាន​របួស​សាច់ដុំ​ដែល​តម្រូវ​ឲ្យ​កីឡាករ​បារាំង​វ័យ ៣៤ ឆ្នាំ ខក​ខាន​ក្នុង​ការ​លេង​ក្នុង​ការ​ប្រកួត​ទល់​នឹង​ក្លឹប Cadiz យប់​នេះ។

បើ​តាម​អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​បារាំង លោក Didier Deschamps បាន​បញ្ជាក់​ថា លោក​សម្រេច​ដាក់​ឈ្មោះ Benzema ចូល​ក្នុង​បញ្ជី​ក្រុម​ជម្រើស​ជាតិ ដោយ​សារ​ លោក​គិត​ថា របួស​របស់​កីឡាករ​បារាំង​រូប​នេះ មាន​សភាព​មិន​ធ្ងន់ធ្ងរ។ លោក Deschamps សង្ឃឹម​ថា Benzema នឹង​​ឆាប់​ជា​សះ​ស្បើយ​ពី​របួស ដើម្បី​ត្រៀម​លេង​ក្នុង​ការ​ប្រកួត​ World Cup ខាង​មុខ។

កម្មវិធី World Cup ឆ្នាំ​នេះ​ នឹងប្រព្រឹត្តទៅពីថ្ងៃ​ទី ២០ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី ១៨ ធ្នូ​ ឆ្នាំ២០២២៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី