ឡូយ​យុវតី​កម្ពុជា ៣រូប ត្រូវ​បាន​ជ្រើសរើស​ចូល​សិក្សា​ជំនាញសរសេរកូដ​មនុស្សយន្តនៅអាមេរិក

  • 2022-11-14 04:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវតី​វ័យ​ក្មេង ៣រូប​របស់​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ជាប់​ចូល​សិក្សា​ក្នុង​កម្មវិធី "Tech Girl 2022" ជំនាញ​សរសេរ​កូដ​បង្កើត​កម្មវិធី​កុំព្យូទ័រ និង​មនុស្ស​យន្ត នៅ​សហរដ្ឋអាមេរិក។ នេះ​បើ​តាម​ការ​បញ្ចេញ​ឲ្យ​ដឹង​របស់​ស្ថានទូតអាមេរិក​ប្រចាំ​នៅ​កម្ពុជា។

យុវតី​ទាំង​៣​របស់​កម្ពុជា​នោះ​មាន កញ្ញា ម៉េងហ័ង កញ្ញារតនាទេពី និង វដ្ឍនា។ មិន​ត្រឹម​តែ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ខាង​លើ​នេះ ប៉ុន្តែ​វគ្គសិក្សា​នេះ ក៏​មាន​បង្រៀន​ពីភាព​ជា​អ្នក​ដឹកនាំ​ផង​ដែរ ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ Virginia Tech របស់​សហរដ្ឋអាមេរិក។ ពួក​គេ​បាន​ចាក​ចេញ​ពី​កម្ពុជា​កាល​ពី​ខែ​កក្កដា ២០២២។

ក្រោយ​ទៅ​ដល់​សហរដ្ឋអាមេរិក​ជា​លើក​ទី១​ដូច​គ្នា​ក្នុង​ចំណោម​ពួក​គេ​ទាំង៣ យុវតី​កម្ពុជាបាន​ថតវីដេអូ​បង្ហាញ​ពី​សាកលវិទ្យាល័យ​ដែល​ពួក​គេ​ត្រូវ​សិក្សា គឺ Virginia Tech ដែល​មាន​ទីធ្លា​ធំទូលាយ បរិយាកាស​ល្អ មាន​ផាសុកភាព។ អ្វី​ដែល​ពិសេស យុវតី​កម្ពុជា បញ្ជាក់​ថា ពួក​គេ​មាន​ឱកាស​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ជំនាញ​របស់​អង្គការអវកាស NASA សហរដ្ឋអាមេរិក​ថែម​ទៀត។

យុវតី​របស់​កម្ពុជា ២នាក់បាន​រើស​យកជំនាញ “Problem Solving in Computing Using Python” ដែល​ជំនាញ​នេះ មាន​រយៈ​ពេល​សិក្សា ៤០ម៉ោង ផ្ដោត​ទៅ​លើ​ការ​ដោះស្រាយបញ្ហាជាមួយបច្ចេកវិទ្យា​ដូច​ជា ប្រូក្រាមដែលយើងបង្កើតបានតាមរយៈកូដ។ ដោយ​ឡែក​ម្នាក់​ទៀត រើស​យក​ជំនាញ Awesome Automatic System ដែល​ត្រូវ​សិក្សា​រយៈពេល ៣០ម៉ោង។

តាម​គេហទំព័រ techgirlsglobal.org កម្មវិធី "Tech Girl” បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ ២០១២ មាន​គោលដៅ​លើក​កម្ពស់​អ្នកដឹកនាំស្ត្រីជំនាន់ក្រោយក្នុងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដោយផ្តល់ឱ្យពួកគេនូវលទ្ធភាព និងឱកាសដើម្បីជំរុញជំនាញ និងបន្តក្តីសុបិនរបស់ពួកគេ។មក​ដល់​បច្ចុប្បន្ន បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​យុវតី​មក​ពី​ជុំវិញពិភព​លោក​ចំនួន ៥២៨នាក់។

សម្រាប់​ "Tech Girl 2023” បាន​បើក​ទៀត​ហើយ ដោយ​គ្រោង​នឹង​ជ្រើសរើស​យកយុវតី​ចំនួន ១១១នាក់ថែម​ទៀត មក​ពី​ប្រទេស​ចំនួន ៣៥។ ដូច្នេះ​សម្រាប់​យុវតី​កម្ពុជា ដែល​ចាប់​អារម្មណ៍​វគ្គសិក្សា​នេះ អាច​ចុច​លើ​តំណរ​នេះ ដើម្បី​បំពេញបែប​បទ​សម្រាប់​ដាក់ពាក្យ​ទាំង​អស់​គ្នា៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី