កន្លង​មក​ចេះ​តែស្ទះលើ​ផ្លូវ​ល្បឿនលឿន ឥឡូវក្រសួង​រក​ឃើញ​ដំណោះស្រាយមួយហើយ!

  • 2022-11-17 04:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវ​ល្បឿនលឿន ពេល​ខ្លះ​ប្រែ​ជា​ផ្លូវល្បឿនយឺត​ដោយ​សារ​ការ​កកស្ទះ ឥឡូវ​ក្រសួង​បើក​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បីពិនិត្យការធ្វើឱ្យប្រសើរឡើង លើការគ្រប់គ្រងការចេញចូល ផ្លូវ​ល្បឿន​លឿន ហើយ​ទីបំផុត​បាន​រក​ឃើញ​ដំណោះស្រាយ​មួយ​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សាធារណៈការ។

កិច្ច​ប្រជុំ​ដែល​ខាង​ក្រសួង មាន​ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​ខាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ​ មាន​លោក Zhou Yang ជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន លោក Mo Kun អគ្គនាយក ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានផ្តោតសំខាន់ទៅលើការធានាលំហូរយានយន្ត ចូលចេញ ដែលកន្លងទៅតម្រូវឱ្យបង់ជាសាច់ប្រាក់នៅគ្រប់គន្លងច្រកចេញ ពីផ្លូវល្បឿនលឿន.

ចំណុច​នេះ ជាបច្ច័យអាចធ្វើឱ្យការកកស្ទះ នៅពេលមានតម្រូវការ​ចរាចរណ៍ខ្ពស់ ជាពិសេសថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកនានា។ ដូច្នេះ អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុសផុល និងពិភាក្សាលើដំណោះស្រាយថ្មី តាមប្រព័ន្ធបច្ចេកវិទ្យា DIP អនុញ្ញាតឱ្យបញ្ចូលប្រាក់តាមផ្លាកលេខ មុនចូលចូលប្រើប្រាស់ផ្លូវល្បឿនលឿន ដែលបានប្រកាសដាក់ឱ្យសាកល្បង កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២២ កន្លងទៅ។

ប្រព័ន្ធបច្ចេកវិទ្យា DIP គឺជាគំនិតផ្តួចផ្តើមមួយ ត្រូវបានដាក់ចេញដើម្បី ធានាការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន កាន់តែមានតម្លាភាព ក្នុងការគ្រប់គ្រងការងារផ្តល់សេវាប្រើប្រាស់ផ្លូវ ការកត់ត្រាការប្រមូលចំណូលសម្រាប់ការបង់ពន្ធជូនរាជរដ្ឋាភិបាល ឱ្យបានត្រឹមត្រូវ។ ប្រព័ន្ធនេះ ក៏នឹងធានាឱ្យការធ្វើដំណើរកាន់តែមានសុវត្ថិភាពខ្ពស់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងទទួលបានសេវាប្រើប្រាស់ផ្លូវបានលឿនរហ័ស ជៀសផុតពីជំងឺកូវី-១៩ កាត់បន្ថយភាពស្មុគស្មាញ និងកាត់បន្ថយការរង់ចាំយូរដែលបណ្តាលមកពីការកកស្ទះចរាចរណ៍ ជាដើម…។ល។

ដើម្បីឱ្យការចេញពីផ្លូវបានលឿនរហ័ស ក្រោមការចង្អុលបង្ហាញពី ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ បានសហការរួមគ្នាជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន បានសម្រួលផ្តល់លទ្ធភាព ឱ្យអ្នកបើកបរ អាចធ្វើការបញ្ចូលសមតុល្យទឹកប្រាក់ជាមុនទៅក្នុង ផ្លាកលេខសម្គាល់យានយន្ត មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន។ នេះគឺជាផ្នែកមួយនៃ ប្រព័ន្ធបច្ចេកវិទ្យា DIP របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ការបញ្ចូលទឹកប្រាក់ក្នុងផ្លាកលេខ ជាមុន (Prepaid License Plate Top-Up) ត្រូវបានផ្តល់លទ្ធភាពឱ្យធ្វើ តាមកម្មវិធីទូរសព្ទដៃទូទាត់ប្រាក់អេឡិចត្រូនិក (Mobile Banking) ឬបញ្ជរបង់ប្រាក់ របស់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ គិតត្រឹមថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២២ មានគ្រឹះស្ថានដៃគូ ចំនួន០៥ ដែលដែលត្រូវអនុញ្ញាតឱ្យបញ្ចូលទឹកប្រាក់ ក្នុងផ្លាកលេខសម្គាល់យានយន្តរួមមាន៖ ធនាគារ ជីបម៉ុង (Chip Mong Bank) ធនាគារ អេស៊ីលីដា (ACLEDA Bank) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ធនាគារវីង (Wing Bank) និងធនាគារ វឌ្ឍនៈ (VATTANAC Bank)៕

អត្ថបទ៖ ទារិកា