ឯកឧត្តម ខៀវ កាញ៉ារីទ៖ លើ​លោក​ មាន​តែ​ព្រះពុទ្ធសាសនា១​ទេ ដែល​រីកចម្រើន​ដោយ​មិន​មាន​ហិង្សា

  • 2022-11-24 03:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិភព​លោក​យើង​នេះ​ដើរ​ទៅ​ជាមួយ​នឹង​ការ​ដុះដាល​ជំនឿ​សាសនា​រាប់​រយ ជាមួយ​គ្នា​ការ​ប្រឹងសាបព្រួស​សាសនា​ផង​ខ្លួន ខ្លះ​បាន​ឈាន​ទៅ​ដល់​វិវាទសាសនា។ តែ​ក្នុង​នោះ មាន​តែ​សាសនា​ព្រះពុទ្ធ​មួយ​ប៉ុណ្ណោះ ដែល​រីកដុះដាល​ឡើង​ដោយ​មិន​មាន​ហិង្សា។ នេះ បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​ពុទ្ធសាសនិក​មួយ​រូប។

ឯកឧត្តម រដ្ឋមន្ត្រី បាន​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​ផ្ទាល់​ជា​មួយ​អ្នក​សារព័ត៌មាន ក្នុង​ឱកាស​ដែល​លោកឧកញ្ញា បណ្ឌិត ស៊ុបបាំឆៃ វីរៈភូជុងជា អគ្គលេខាធិការនៃស្ថាប័នពោធិគៈយ៉ាវិទ្យាល័យ ៩.៨០ បានរៀបចំកម្មវិធីជប់ លៀង galadinner ទទួលស្វាគមន៍ ឯកឧត្តម ឆាយសុំផន ព្រហ្មវិហាន ប្រធាន សភាតំណាងរាស្ត្រនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅសណ្ឋា គារ Sofitel Phnom Penh Phokeethra។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែង​ថា សាសនា​ព្រះពុទ្ធ ដែល​បាន​រីកដុះដាល​រាប់​រយឆ្នាំ​មក​នេះ គឺ​មិន​មាន​ការ​បង្ខំ ឬ​គាប​ប្រទេស​ណា​មួយ​ឲ្យ​ជឿ តែ​សាសនា​នេះ គឺ​រីកដុះដាល​ដោយ​ការ​ទទួល​ស្គាល់​​ដោយ​ឯកឯង ព្រោះថា សាសនា​ព្រះពុទ្ធ គឺ​អប់រំ​ឲ្យ​មនុស្ស​ស្រឡាញ់​គ្នា ជួយ​គ្នា។ ដូច្នេះ​ហើយ ទើប​កម្ពុជា សម្រេច​យក​សាសនាព្រះពុទ្ធ​ធ្វើ​ជា​សាសនា​របស់​រដ្ឋ។

យ៉ាងណា ឯកឧត្តម​បាន​សង្កត់​ធ្ងន់​ថា ក្នុង​ន័យ​នេះ មិន​មាន​ន័យ​ថា សាសនា​ព្រះពុទ្ធ​ល្អ​លើស​សាសនា​នានា​នោះ​ទេ។ "យើង​លើក​ព្រះពុទ្ធសាសនា​ធ្វើ​ជា​របស់​រដ្ឋ តែ​ជាមួយ​គ្នា យើង​ក៏​គោរព​អ្នក​ឯ​ទៀត​ដែល​កាន់​សាសនា​ផ្សេង​ដែរ។ នេះ​ជា​ចំណុច​សំខាន់​ណាស់​នៃ​ព្រះពុទ្ធសាសនា ដែល​យើង​ចៀស​បាន​នៅ​សង្គ្រាម​សាសនា​នៅ​ក្នុង​ប្រទេស ហើយ​អាច​ឲ្យ​មនុស្ស​ដែល​កាន់សាសនា​ផ្សេង​គ្នា អាច​រួម​រស់​ជាមួយ​គ្នា​កសាង​សង្គម​មួយ​រួម​គ្នា​ប្រកប​ដោយ​សុខដុមរម្យនា"។

ឯកឧត្តម ខៀវ កាញ៉ារីទ ត្រៀម​នឹង​ចូល​រួម​ជា​ថ្មី​ក្នុង​ក្បួនធម្មយាត្រាលើកទី៣ ដែល​ផ្ដួចផ្ដើម​ដោយ ស្ថានប័នពោធិគៈយ៉ាវិទ្យាល័យ ៩.៨០ របស់ ឧកញ្ញា​បណ្ឌិត ស៊ុបបាំឆៃ វីរៈភូជុង។ ឯកឧត្តម​បាន​ចូល​រួម​ម្ដង​រួច​ហើយ​​នៅ​ក្នុង​ក្បួនធម្មយាត្រា​លើក​ទី២ ដែល​បានឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលទៅកាន់ប្រទេសវៀត ណាម ក្នុងខេត្ត - ឌៀន បៀន ហ្វូ និង​បាន​មើល​ឃើញ​ពី​ភាព​សំខាន់ពី​ការ​ផ្សាយ​ព្រះធម៌​របស់​ព្រះពុទ្ធ​ទៅ​កាន់​ពុទ្ធសាសនិក​ជុំវិញ​ពិភព​លោក។

ធម្មយាត្រា​ដ៏​ធំ​ប្រចាំ​នេះ ត្រៀម​នឹង​រៀប​ចំ​លើក​ទី​៣​នៅ​ឆ្នាំ ២០២៤​ខាង​មុខ។ ថ្លែង​នៅ​ក្នុង​ពិធី​ទទួល​ស្វាគមន៍ឯកឧត្តម ឆាយ សុំផន ព្រហ្មវិហាន ជាប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋប្រជាធិប​តេយ្យប្រជាមានិតឡាវ ដែលបានអនុញ្ញាត្តឲ្យស្ថាប័នពោធិគៈយ៉ាវិទ្យាល័យ ៩.៨០​ដឹកនាំ​ក្បួន​ធម្មយាត្រាលើកទី២ ចូលទៅកាន់ទឹកដីឡាវ ឧកញ្ញា​បណ្ឌិត ស៊ុបបាំឆៃ វីរៈភូជុង ប្រាប់​ថា គោលបំណងសំខាន់​របស់​ធម្មយាត្រា គឺចង់បង្កើតចលនាផ្សព្វផ្សាយព្រះធម៌របស់ព្រះពុទ្ធដល់ប្រទេស ក្នុងទ្វីបអាស៊ី ឱ្យប្រកាន់ខ្ជាប់នូវជំនឿតាមបែបព្រះពុទ្ធសាសនា វិធីសាស្ត្រនៃការគិត មិនធ្វើបាបឬប៉ះ ពាល់នរណាម្នាក់។ លោក​លើក​ឡើង​ថា "យើងចង់ឃើញប្រជាជនក្នុងអាស៊ីដែលជាកូនចៅរបស់យើង រស់នៅយ៉ាងស្ងប់សុខ និងសន្តិភាព"។

តាម​លោក ស៊ុបប៉ាឆៃ វីរៈភូជុង សម្រាប់គម្រោងធម្មយាត្រា​លើកទី ៣ នៅឆ្នាំ២០២៤ នេះ តាម​ផែន​ការ គឺ​លោក​ចង់រៀបចំយ៉ាងធំដល់ទៅ ៧ ប្រទេសឯ ណោះ ដែលក្នុងនោះច្បាស់ណាស់មានកម្ពុជា ឡាវ មីយ៉ានម៉ា វៀតណាម ថៃ និងស្នើសុំការចូលរួមពី ប្រទេស ២ ទៀត គឺឥណ្ឌា និងចិន ដែលយើងឃើញថាប្រជាជនភាគច្រើនកាន់សាសនាព្រះពុទ្ធដូចគ្នាដែរ។

ការ​ហែ​ឆ្លង​កាត់​ប្រទេស​ចំនួន ៥ នៃដងទន្លេមេគង្គ មាន ថៃ កម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នឹង​រួមគ្នាដល់ថ្ងៃបញ្ចប់នៃការដង្ហែរមកដល់ទឹកដីអង្គរហើយមានការ ដាំដើមពោធិ៍ រាប់បាត្រព្រះសង្ឃជាង៣០០អង្គ ពិធីប្រកាសបិទ និងមកដល់មុខអង្គវត្ត(អង្គតូច)។ ចុងក្រោយធ្វើពិធីឧទ្ទិសដល់ព្រះមហាព្រះក្សត្រខ្មែរនៃអាណាចក្រអង្គរ ហើយថែមទាំងថ្វាយទីទៀនដល់សម្តេចសង្ឃ និងព្រះសង្ឃ៕

អត្ថបទ៖ ទារិកា