Honda ​ផ្ដាំ​កីឡាករ​ជប៉ុន ​កុំ​ទាន់​សប្បាយ​ពេក ​ត្រូវ​ឈ្នះ​១​ប្រកួត​ទៀត​សិន​

  • 2022-11-24 05:57:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Keisuke Honda ​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​បាន​និយាយ​ថា​ក្រុម​ជប៉ុន​នា​ព្រឹត្តិការណ៏ FIFA World Cup ​កំពុង​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់ផ្អើល​ហើយ ប៉ុន្តែ​ក៏​មិន​ត្រូវ​សប្បាយចិត្ត​ភ្លេច​ខ្លួន​ផង​ដែរ។

​Honda ​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន ​និង​បច្ចុប្បន្ន​ជា​អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ​ក៏​មាន​ភារកិច្ច​នៅ World Cup 2022 ​នេះ​ដែរ។ ​បុរស​វ័យ​៣៦​ឆ្នាំ​នេះ ​ទទួល​ការងារ​ជា​អ្នក​វិភាគ​ឱ្យ Abema TV ​សម្រាប់​ការ​ប្រកួត World Cup ​នេះ។ ​ដោយ​លោក​បាន​និយាយ​ពី​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​កាល​ពី​យប់មិញ ​ដោយ​ចាត់​ទុក​តង់​ទី​១​ថា​ធ្វើ​មិន​បាន​ល្អ ប៉ុន្តែ​តង់​ទី​២​គ្រប់​យ៉ាង​បាន​ប្ដូរ​ផ្លាស់ ​ក្រោយ​ពី​គ្រូ​បង្វឹក​ប្ដូរ​ក្បួន​លេង។ ទី​បញ្ចប់​ពួកគេ​ក៏​បង្កើត​ប្រវត្ដិសាស្ត្រ ​យក​ឈ្នះ​ក្រុម​អាល្លឺម៉ង់​បាន​ក្នុង​លទ្ធផល ​២-១។

​អតីត​ខ្សែ​ប្រយុទ្ធ​ដែល​លេង​ឱ្យ​ជប៉ុន​បាន៩៨​ប្រកួត រក​បាន​៣៧​គ្រាប់​និយាយ​ថា​៖ “កីឡាករ​ត្រូវ​រក្សា​ចិត្ត​ឱ្យ​ស្ងប់។ ​ខ្ញុំ​មិន​ចង់​ឱ្យ​កីឡាករ​ជប៉ុន​ចូល​ប្រកួត​ទី​២​ដោយ​ក្ដី​រីករាយ​ពេក​នោះ​ទេ។ យើង​ឈ្នះ​ប្រកួត​ទី​១ អរគុណ​ដល់​ភាព​ក្លាហាន​របស់​គ្រប់​គ្នា ប៉ុន្តែ​ក្រុម​ជប៉ុន​នៅ​មាន​រឿង​ច្រើន​ទៀត​ត្រូវ​ឆ្លង​កាត់”។

រំលឹក​ថា​ក្រុម​សាំម៉ូរៃ​ជប៉ុន ​ប្រកួត​បន្ទាប់​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​កូស្ដារីកា ​ដែល​ទើប​ចាញ់​អេស្ប៉ាញ ​៧-០ ​កាល​ពី​យ​ប់មិញ។ ​ប្រសិន​បើ​ប្រកួត​ទី២​ ពួកគេ​យក​បាន​៣​ពិន្ទុ​ទៀត ​នោះ​នឹង​មាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយហើយ៕ ​

អត្ថបទ៖ ប្រុស យុទ្ធ