Jessi ទម្លាយអារម្មណ៍ពិត និងហេតុផល ស្រឡាញ់ប្រទេសកម្ពុជាខ្លាំង

  • 2022-12-05 02:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២២ តារាចម្រៀងរ៉េប​ដ៏ល្បីប្រចាំ K-Pop គឺ JESSI បាន​ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីឡើងសម្ដែងក្នុងការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀរ Tiger។

ជាក់ស្ដែង ស្ថិតក្នុងសន្និសីទកាសែត ក៏ដូចជាជំនួបជាមួយនឹងអ្នកគាំទ្រ ដែលរៀបចំឡើងនៅ​ថ្ងែទី ០៣ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល Jessi បាន​បង្ហាញ​ចំណាប់អារម្មណ៍ និងក្ដីស្រឡាញ់ចំពោះប្រទេសកម្ពុជា ហើយបង្ហាញ​ពីចំណុចដែលទាក់ចិត្តនាង​ខ្លាំង រហូត​សន្យាថា នឹង​វិលមកវិញនៅថ្ងៃណាមួយនាពេល​ខាងមុខ។

តារាចម្រៀង​រ៉េប​កើតឆ្នាំ ១៩៨៨​ រូបនេះ​បាន​ឲ្យដឹង​ថា អ្វីដែល​នាង​ស្រឡាញ់កម្ពុជាបំផុត គឺ ធម្មជាតិ និងសម្រស់របស់ប្រទេសនេះ។ ស្របពេល​ខ្លួនជា​មនុស្សដែលចូលចិត្តលម្ហែ និងរំសាយអារម្មណ៍ជាមួយនឹងទេសភាពធម្មជាតិ ដូច្នេះពិតជា​ត្រូវចិត្តបំផុត ដែលនាង​ឈាន​ជើងចូលទឹកដីកម្ពុជាដំបូង។

អ្វី​ដែល​មិនអាច​រំលងបាន​មួយទៀតនោះគឺ ប្រជាជន​កម្ពុជា សុទ្ធតែជាមនុស្សរួសរាយ ហើយអ្នកគាំទ្រ (Jebbie) បាន​ផ្ដល់ភាព​កក់ក្ដៅមកកាន់នាង ធ្វើឲ្យនាងរំភើបចិត្តខ្លាំង។ឮ

នៅក្នុងពេល​ដដែល ម្ចាស់បទ "ZOOM” ក៏បាន​សុំទោសដល់អ្នកគាំទ្រកម្ពុជារបស់នាង ដែល​ខកខានមិនបានជួបនាងផ្ទាល់ នៅថ្ងៃនាង​ចុះ​ពីយន្តហោះ ដោយសារក្រុមការងារបាន​ប្ដូរច្រកចេញសម្រាប់នាង។ ដ្បិតបាន​សុំទោសគ្រប់គ្នាលើបណ្ដាញសង្គម Instagram មែន ប៉ុន្តែមិនទាន់អស់ចិត្តទេ Jessi ក៏បាន​សុំទោសម្ដងទៀតជាផ្លូវការផ្ទាល់មាត់ ព្រមទាំងទម្លាយអារម្មណ៍សោកស្ដាយដែលមានរឿងនេះ។ ប៉ុន្តែនាងក៏មិនភ្លេចសន្យាដេរថា នៅពេលត្រឡប់មកម្ដងទៀតនៅ​ពេល​ក្រោយ នាង​នឹង​មិនឲ្យរឿងនេះ​កើតឡើង​ទៀតឡើយ ដោយនាង​នឹង​មកជួបជាមួយនឹង​អ្នកគាំទ្រដែលខំរង់ចាំនាងឲ្យទាល់តែបាន៕

អត្ថបទ៖ ធារី