ស្ថាបត្យករវ័យក្មេង នួន សង់ទី យកទ្រុងមាន់ច្នៃចេញជាសំណង់ស្ថាបត្យកម្មល្អវិចិត្រ មិនប៉ះពាល់បរិស្ថាន

  • 2022-12-12 03:50:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ៖ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ នាវេលាល្ងាចម៉ោង ៥ នៅបរិវេណ F3 (Friends Futures Factory) មានការរៀបចំបើកពិព័រណ៍តាំងបង្ហាញអំពីស្នាដៃច្នៃប្រឌិតនៃសំណង់ស្ថាបត្យកម្មបែបទំនើបរបស់លោក នួន សង់ទី ក្រោមក្រសែភ្នែកទស្សនិកជនជាច្រើននាក់ អមជាមួយការប្រគុំតន្រ្តីដែលធ្វើឱ្យរាត្រីមួយនេះស្ថិតនៅក្នុងការចងចាំមួយ។

“នៅក្រោមម្លប់” ជាឈ្មោះនៃទម្រង់ស្ថាបត្យកម្មមួយ ដែលជាគំនិតច្នៃប្រឌិតរបស់ស្ថាបត្យករវ័យក្មេង លោក នួន សង់ទី។ តាមការបញ្ជាក់ឱ្យដឹងផ្ទាល់ពីស្ថាបត្យករវ័យក្មេងរូបនេះ បានឱ្យដឹងថាលោកបានយកទ្រុងមាន់ចំនួន ៤៥៣ទ្រុង ដើម្បីកែច្នៃសាងសង់ចេញជាសំណង់ស្ថាបត្យកម្មដ៏ល្អឯកមួយ ផ្តល់ជាម្លប់ដល់មនុស្សផងទាំងពួង។ ស្នាដៃមួយនេះ លោក សង់ទី មានគម្រោងធ្វើតាំងពីឆ្នាំ ២០២០មកម្ល៉េះ ប៉ុន្តែដោយសារតែបញ្ហាកូវីដ១៩ បានធ្វើឱ្យលោកសម្រេចចិត្តផ្អាកគម្រោងមួយនេះសិន។ លុះបន្តមកទៀត ដោយស្ថានភាពត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ ស្ថាបត្យករវ័យក្មេងរូបនេះ បានសហការជាមួយអង្គការមិត្តសំឡាញ់អន្តរជាតិ សាងសង់គម្រោង “នៅក្រោមម្លប់” ចេញជារូបរាងឡើងដោយយកទ្រុងមាន់ចំនួន ៤៥៣ទ្រុងសង់ជាដំបូល នៅបរិវេណទីធ្លារបស់ F3 (Friends Futures Factory)។

បើតាមការឱ្យដឹងពីលោក នួន សង់ទី ដែលជាម្ចាស់ស្នាដៃផ្ទាល់បានថ្លែងប្រាប់ឱ្យដឹងថា បន្ទាប់ពីការដាក់បង្ហាញសំណង់ស្ថាបត្យកម្មរបស់លោកឱ្យមហាជនចូលទស្សនាហើយ នោះទ្រុងមាន់ទាំងអស់ នឹងត្រូវបានរុះរើចេញហើយផ្តល់ទៅកាន់ប្រជាជននៅតាមទីជនបទដែលខ្វះខាត និងមានតម្រូវការប្រើប្រាស់។ នៅក្នុងន័យនេះ លោក សង់ទី ចង់បង្ហាញនូវសារមួយដល់ប្រជាជនដើម្បីរៀនទាញយកប្រយោជន៍ពីរបស់ផ្សេងៗដែលគេប្រើរួច ប្រែក្លាយទៅជារបស់ផ្សេងៗដែលមានប្រយោជន៍។ ទន្ទឹងនឹងនេះ ស្នាដៃនៃគម្រោង “នៅក្រោមម្លប់” របស់លោក ក៏ចង់បង្ហាញពីការសាងសាង់អ្វីមួយដែលប្រើគ្រឿងបង្គុំ ដោយមិនប៉ះពាល់ទៅដល់បរិស្ថាន ជាក់ស្តែងដូចជាការយកទ្រុងមាន់ច្នៃចេញជាដំបូលនេះជាដើម។

លោក នួន សង់ទី ចាប់ផ្តើមអាជីពក្នុងផ្នែកស្ថាបត្យកម្មដោយធ្វើជាអ្នកហាត់ការងារនៅក្រុមហ៊ុនមួយ ហើយបន្ទាប់មកលោកបានក្លាយជាស្ថាបត្យករវ័យក្មេងនៅទីនោះតែម្តង។ លោក បានចូលរួមក្នុងការគូររូបបំព្រួញ និង ព្រាងគំនិតឌីសាញគម្រោងផ្សេងៗ ដូចជាផ្ទះលំហេ ការិយាល័យ និងជាពិសេសគម្រោងនគរូបនីយកម្ម។ បន្ទាប់ពីមានបទពិសោធន៍ទាំងនេះ លោកបានទទួលបរិញ្ញាបត្រផ្នែកនគរូបនីយកម្ម និង ស្ថាបត្យកម្មពីមហាវិទ្យាល័យន័រតុន។ សង់ទី មានចំណាប់អារម្មណ៍ផ្នែកស្ថាបត្យកម្ម ដែលគិតគូរដល់បរិស្ថាន វប្បធម៌ និងសហគមន៍អ្នកស្រុក។ ជាពិសេស គាត់ចាប់អារម្មណ៍លើការរចនាបែបលីនេអ៊ែរ (ការរចនាដោយប្រើគំនូសបន្ទាត់) ដើម្បីបង្កើតជារូបរាងផ្សេងៗ ហើយដាក់បញ្ចូលទៅក្នុងបរិស្ថានជុំវិញបានយ៉ាងល្អ៕

អត្ថបទ ៖ ម៉ែន សុធារិទ្ធ