Z1 FINANCIAL និងនិយ័តករមូលបត្រកម្ពុជា សហការគ្នាបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុបញ្ចៀសការវិនិយោគឆបោក

  • 2022-12-27 06:55:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Z1 FINANCIAL ទទួលបានការសហការ និងការគាំទ្រពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក) បានរៀបចំសិក្ខាសាលាស្តីអំពី “ភាពខុសច្បាប់នៃ គម្រោង PONZI” និងការសម្ពោធ “ONETIME” ដែលជាកម្មវិធីសិក្សាហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញរបស់ក្រុមហ៊ុន Z1 FINANCIAL។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា ដែលបានចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងសិក្ខាសាលានេះ បានវាយតម្លៃខ្ពស់ និងបង្ហាញការគាំទ្រចំពោះ កម្មវិធីសិក្សា ONETIME ដែលឯកឧត្តមចាត់ទុកថា កម្មវិធីសិក្សាគឺជាមូលដ្ឋានចំណេះដឹងហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ការវិនិយោគ។ បន្ថែមលើនេះឯកឧត្តម ក៏បានអំពាវនាវដល់សាធារណៈជន គួរសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ មុននឹងវិនិយោគលើគម្រោងណាមួយ ដើម្បីកាត់បន្ថយហានិភ័យ ហើយអាចគេចផុតពីការឆបោកនានា។

សិក្ខាសិលានេះត្រូវបានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ នៅឯអគារសន្និបាត OCIC នៃទីក្រុងរណបជ្រោយចង្វា ដោយមានការចូលរួមជាអធិបតីភាពពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក), វត្តមាននៃការចូលរួមរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ZILLENNIUM GROUP ព្រមទាំងវត្តមានវាគ្មិនជំនាញជាច្រើនរូបបានចែករំលែកចំណេះដឹងជាមូលដ្ឋានមួយចំនួនជុំវិញភាពខុសច្បាប់នៃ គម្រោង PONZI និងការចែករំលែកពីអត្ថប្រយោជន៍នៃកម្មវិធីសិក្សា ONETIME ទៅដល់អ្នកចូលរួមប្រមាណ ៨០០ នាក់។

ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Z1 FINANCIAL លោក សាយ សុខខេង បានថ្លែងថា៖ “ONETIME ត្រូវបានបង្កើតឡើងយ៉ាងពិសេសដោយផ្តោតសំខាន់លើការផ្តល់ចំណេះដឹងទាក់ទងនឹងផ្នែកហិរញ្ញវត្ថុ ការ វិនិយោគ ការអភិវឌ្ឍខ្លួនឯង ដែលវាជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកាត់បន្ថយនូវហានិភ័យមួយចំនួនដូចជាគម្រោង PONZI ជាដើម និងដើម្បីឈានទៅរកគោលដៅហិរញ្ញវត្ថុមួយដ៏ល្អប្រសើរ”។

លោក សាយ សុខខេង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុន Z1 FINANCIAL

លោកបានបន្តទៀតថា វគ្គសិក្សាពិសេសនេះត្រូវបានសម្រិតសម្រាំង និងរៀបចំឡើងជាការសិក្សាតាមរយៈប្រព័ន្ធអនឡាញ ហើយរួមបញ្ចូលជាមួយវាគ្មិនកិត្តិយសជាច្រើនរូបដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំពីស្ថាប័នផ្សេងៗគ្នា មកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនដើម្បីជាជំនួយ និងជួយជំរុញមនុស្សទូទៅក្នុងការសម្រេចគោលដៅ ហិរញ្ញវត្ថុ ព្រមទាំងផ្លាស់ប្តូរជីវិតរបស់ពួកគេឱ្យកាន់តែប្រសើរឡើង។

កម្មិវិធីសិក្សា ONETIME នឹងចំណាយពេលសិក្សារយៈពេលត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ ហើយសមាជិកទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនបន្ទាប់ពីបញ្ចប់វគ្គសិក្សានេះ និងថែមទាំងអាចមានឱកាសអនុវត្តការវិនិយោគដោយផ្ទាល់លើថ្នាលវិនិយោគតាមបែបបច្ចេកវិទ្យារបស់ក្រុមហ៊ុន Z1 FINANCIAL។

ក្រុមហ៊ុន Z1 FINANCIAL គឺជាក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអភិវឌ្ឍន៍ថ្នាលវិនិយោគបែបបច្ចេកវិទ្យាឌីជីថល (Digital Investment Platform) ដោយផ្តោតលើវិស័យអចលនទ្រព្យតាមរយៈបច្ចេកវិទ្យា Blockchain ។ Z1 FINANCIAL បានបង្កើតឡើងនាខែមិថុនា ឆ្នាំ២០២១ ហើយបានធ្វើការចុះបញ្ជីស្របច្បាប់ក្នុងប្រទេសសឹង្ហបុរី និងទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួមផងដែរ ។ បច្ចុប្បន្នក្រុមហ៊ុន Z1 FINANCIAL កំពុងស្ថិតក្នុងដំណាក់កាលស្នើសុំអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា។