ទីលាន ១២ម៉ូទ័រផាក៖​ នឹងក្លាយជា​កន្លែង​បណ្ដុះបណ្ដាល​វិស័យ​កីឡា​យានយន្ត​ប៉ែក​ឦសាន​

  • 2023-01-07 05:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក វង្ស គឹមហួត​ ​ថា​ទីលាន ១២ ម៉ូទ័រផាក​ នឹង​ក្លាយ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​ជា​កន្លែង​ហ្វឹកហាត់​ បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​ កីឡា​ការិនី​ លើ​វិស័យ​កីឡា​យានយន្ត​ខាង​ប៉ែក​ឦសាន​នេះ។​

លោក វង្ស គឹមហួត​

ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ Rally​ លោក​ វង្ស​ គឹមហួត​ បាន​ឲ្យ​ដឹង​ថា​ការ​ប្រកួត​ OFF ROAD សន្តិភាព ឆ្នាំ២០២៣​ ដែល​ធ្វើ​ឡើង​នៅ​ទីលាន​ ១២​ ម៉ូទ័រផាក​ គឺ​មាន​ផ្នែក​យានយន្ត​មាន​ចំនួន​ ១៩គ្រឿង​ដែល​មាន​រយៈពេល​ប្រកួត​ខ្លី​ ប៉ុន្តែ​វា​នឹង​ផ្ដល់​ឱកាស​ដ៏​ល្អ​សម្រាប់​កីឡាករ​យានយន្ត​ថ្មីៗ​បាន​ចូលរួម​ប្រកួត​ប្រជែង​។

រូបភាពផ្ដល់ជូន

អ្នក​ជំនាញ​ផ្នែក​ Rally​ ខាង​លើ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​អំណោយ​ផល​ខ្លាំង​រយៈ​ចម្ងាយ​នេះ​ គឺ​សម្រាប់​កីឡាករ​ថ្មីៗ​ដែល​យក​ទីលាន​ប្រកួត​កម្រិត​ស្តង់ដារ​មួយ​នេះ​នឹង​ក្លាយ​ជា​ភាព​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ និង​ជា​កន្លែង​ហ្វឹកហាត់​បង្កើន​គុណភាព​កីឡា​ ដកស្រង់​បទ​ពិសោធ​បច្ចេកទេស​ និង​បណ្ដុះបណ្ដាល​លើ​វិស័យ​កីឡា​យានយន្ត​ឲ្យ​កាន់​តែ​រីកចម្រើន​ ជា​មួយ​កីឡាករ​ជាតិ​-អន្តរជាតិ​មក​ពី​បណ្ដា​ប្រទេស​នានា​ផងដែរ។​

រូបភាពផ្ដល់ជូន

លោក​ វង្ស គឹមហួត​ បាន​បន្ថែម​ថា​ ការ​ប្រណាំង​រថយន្ត​ Rally​ យ៉ាង​តិច​ក៏​មាន​រយៈ​ចម្ងាយ​ផ្លូវ​ ២០០ ​ទៅ ​៥០០​ គីឡូម៉ែត្រ​ដែរ។​ កម្មវិធី​ប្រកួត​នេះ​ក្នុង​នាម​លោក​ជា​គណៈកម្មការ​រៀបចំ​ចង់​ផ្ដល់​បទ​ពិសោធ​ដល់​កីឡាករ​ប្រណាំង​ថ្មីៗ​បាន​យល់​ដឹង​ឲ្យ​កាន់​តែ​ស៊ីជម្រៅ​សម្រាប់​ការ​អាន​សៀវភៅ​បង្ហាញ​ផ្លូវ​ (Road Book)​ ដែល​ជា​ចំណុច​សំខាន់​សម្រាប់​ការ​ប្រណាំង​ Rally ។​

រូបភាពផ្ដល់ជូន

អ្នក​ជំនាញ​ខាង​លើ​បាន​ថ្លែង​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ខាង​ទីលាន​ ១២ម៉ូទ័រផាក​ ដែល​ជា​ទីលាន​ស្តង់ដាអន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា​ ក្នុង​កិច្ច​សហការ​ដ៏​សំខាន់​បង្កើត​ព្រឹត្តិការណ៍​ប្រណាំង​ដណ្តើម​ពានរង្វាន់​ សន្តិភាព​ លើកទី១​ ឆ្នាំ​ ២០២៣​ ដើម្បី​ស្វែង​រក​អ្នក​ប្រណាំង​ឆ្នើម​ ត្រៀម​ចូលរួម​ប្រកួត​ខ្នាត​អន្តរជាតិ​នា​ពេល​ខាង​មុខ​ទៀត​ផង។​

បញ្ជាក់​ដែរ​ថា​ ​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ OFF ROAD​ សន្តិភាព​ លើក​ទី១​ នឹង​ចាប់​ពី​ថ្ងៃ​ទី១៣-១៥ ​ខែ​មករា​ ឆ្នាំ ២០២៣ ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី៕​

អត្ថបទ៖ នួន ស៊ីណា​