Taeyang ទម្លាយថាកូនមុខកាត់រកប្រពន្ធ និងហេតុផលចាកចេញពី YG ទៅ THEBLACKLABEL

  • 2023-01-17 02:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទៅ១៦ ខែមករា ឆ្នាំ ២០២៣ Taeyang បាន​បង្ហាញ​វត្តមាន​ក្នុងវីដេអូភាគថ្មី​របស់ Look Me Up របស់ YouTube ផ្លូវការ 1theK Original ហើយក៏បាន​លើកឡើងនូវ​រឿងរ៉ាវជា​ច្រើន​ដែលគ្រប់គ្នា​ចង់ដឹងពីជីវិតផ្ទាល់ខ្លួន​របស់លោក។

អំឡុងពេល​នៃកម្មវិធី ជាពេល​ដែល Taeyang បញ្ជាក់ការពិត និង​កែតម្រូវព័ត៌មាន​មួយចំនួន​ដែលចេញផ្សាយខុស។ សម្រាប់ព័ត៌មានទាក់ទងនឹង​គ្រួសារ ក្នុងព័ត៌មាន​លើវិបសាយ បាន​ដាក់ថា លោកបាន​រៀបការជាមួយនឹង​ Min Hyo Rin នៅឆ្នាំ ២០១៨ ហើយកូនប្រុសវិញ កើត​នៅខែធ្នូ ឆ្នាំ ២០២១។

ប៉ុន្តែពេល​នេះសាមីខ្លួន​បាន​ និយាយថា៖ «ហ្នឹង ខុសហើយ! កូនខ្ញុំកើតនៅខែវិច្ឆិកា ឆ្នាំ២០២១ សូមជួយកែដាក់ខែវិច្ឆិកា វិញផង»

ក្រុមការងារកម្មវិធី​ក៏បាន​សួរ Taeyang បន្ថែមទាក់ទង​នឹង​កូន​ប្រុសរបស់លោក ហើយតារាប្រុសរូបនេះ បន្តនិយាយថា៖ «កូនខ្ញុំកើតនៅខែវិច្ឆិកា អ៊ីចឹងទើបតែថ្មីនេះដែរ គាត់ធ្វើខួបកំណើតលើកដំបូង។ មួយទៀតគាត់មុខដូចប្រពន្ធខ្ញុំណាស់ អ៊ីចឹងគាត់ស្អាតមែនទែន»។

លោកឪពុករូបនេះ​បន្ថែមថា «បើខ្ញុំយកគាត់ចេញក្រៅ គ្រប់គ្នានឹង​សួរថា គាត់ស្រីមែន? ហើយខ្ញុំ​ត្រូវប្រាប់ពួកគេវិញ​ថា​ គាត់ជាកូនប្រុសគ្រប់ពេល។ គាត់ស្អាតណាសើ គួរឲ្យស្រឡាញ់ខ្លាំង»។

ភ្ជាប់ជាមួយគ្នានោះ Taeyang ក៏បាន​លើកឡើងពីហេតុផល​ដែល​សម្រេច​ប្ដូរក្រុមហ៊ុន​ដែរ៖ «ខ្ញុំចុះសម្រុងល្អធម្មតាជាមួយនឹង​ YG ទេ ក្រោយធ្វើការជាមួយរយៈពេល​ដ៏យូរ។ ប៉ុន្តែខ្ញុំ​សម្រេច​ចិត្តប្ដូរទៅ THEBLACKLABEL វានឹង​ក្លាយជា​ពេលវេលាដ៏មាន​ន័យ​បំផុតសម្រាប់ខ្ញុំ។ ពួកយើងបាន​ធ្វើការទៅលើបទចម្រៀងជា​ច្រើនរួមគ្នា ដូច្នេះ​ពួកយើង​នឹង​បង្ហាញ​ស្នាដៃការងារក្នុងនាមជា​តារា​ចម្រៀងនៅក្រោម​ផលិតកម្មនោះ»

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

ប្រភព៖ Allkpop   អត្ថបទ៖ ធារី