លោក ថាក់ស៊ីន ជាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតម្នាក់របស់ប្រទេសថៃ ដែលជោគជ័យខាងវិស័យកុំព្យូទ័រនិងទូរស័ព្ទ
- 2023-01-24 05:42:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ថាក់ស៊ីន ជាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតម្នាក់របស់ប្រទេសថៃ ដែលជោគជ័យខាងវិស័យកុំព្យូទ័រនិងទូរស័ព្ទ
ចន្លោះមិនឃើញ
លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ជាអតីតនាយករដ្ឋមន្រ្តីថៃបានកើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៤៩ នៅស្រុកសានកំផែង ខេត្តឈៀងម៉ៃ ភាគខាងជើងប្រទេសថៃ។
លោក ថាក់ស៊ី បានរៀបការជាមួយលោកស្រី ភុចាម៉ាន ដាម៉ាភុង (Pojaman Damapong) នៅឆ្នាំ១៩៨០ ហើយមានកូនប្រុសម្នាក់និងស្រីពីរនាក់។ លោក ថាក់ស៊ីន និងភរិយារបស់លោកបានលែងលះគ្នាកាលពីឆ្នាំ២០០៨ កន្លងទៅ។
លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បានចាប់ផ្តើមអាជីពដំបូងជាមន្ត្រីប៉ូលិសមួយរូបនៅឆ្នាំ១៩៧៣។ នៅឆ្នាំ១៩៨៧ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បានលាលែងពីអង្គភាពប៉ូលិសជាតិ។ ក្រោយការលាលែងពីកងប៉ូលិសនៅឆ្នាំ១៩៨៧ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ បានចាប់ផ្តើមមុខជំនួញផ្ទាល់ខ្លួនដោយបើកក្រុមហ៊ុនកុំព្យូទ័រនិងទូរស័ព្ទឈ្មោះថា Shinawatra Computer and Communication Company Limited.។
លោក ថាក់ស៊ីន ជាសេដ្ឋីមានប្រាក់ច្រើនជាងគេបំផុតម្នាក់ក្នុងចំណោមសេដ្ឋីមួយចំនួនរបស់ប្រទេសថៃ ដែលលោករកស៊ីជោគជ័យខាងវិស័យកុំព្យូទ័រនិងទូរស័ព្ទ។
នៅឆ្នាំ១៩៩៤ ដល់ ១៩៩៥ លោក ថាក់ស៊ីន ត្រូវបានព្រះមហាក្សត្សតែងតាំងជារដ្ឋមន្រ្តីក្រសួងការបរទេសនៃព្រះរាជាណាចក្រថៃ។ ឆ្នាំ១៩៩៥ លោក ថាក់ស៊ីន ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីក្នុងសម័យលោក ឆាវ៉ាលីត យុងឆៃយុត (Chavalit Yongchaiyudh) ជានាយករដ្ឋមន្រ្តី។ នៅឆ្នាំ១៩៩៨ លោក ថាក់ស៊ីន បានបង្កើតបក្សនយោបាយមួយឈ្មោះថា "ថៃរ៉័កថៃ" ឬប្រែថា "ថៃស្រឡាញ់ថៃ"។
នៅក្នុងសង្គមថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវបានគេកត់ត្រាថា លោកមានតួនាទីជាច្រើនក្នុងការងារសង្គម មានជាអាទិខាងវិស័យអបរំ។ លោក ថាក់ស៊ីន បានផ្តួចផ្តើមបង្កើតមូលនិធិសម្រាប់កម្មវិធីអប់រំមួយឈ្មោះថា មូលនិធិថៃខំ (THAICOM) ដើម្បីជំរុញឲ្យក្មេងៗនៅតាមតំបន់ដាច់ស្រយ៉ាលបានបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ។
នៅឆ្នាំ១៩៩៨ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ជាប្រធានសមាគមប្រជាជនភាគឦសាននៃប្រទេសថៃ។ លោកបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ហើយកាន់អំណាចពេញមួយអាណត្តិ ចាប់តាំងពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។ នៅក្នុងការបោះឆ្នោតសម្រាប់អាណត្តិថ្មី កាលពីឆ្នាំ២០០៥ ដោយមានអ្នកគាំទ្រភាគច្រើនពីប្រជាជននៅភាគខាងជើងនិងភាគ.ឦសានប្រទេសថៃ លោក ថាក់ស៊ីន បានទទួលសំឡេងឆ្នោតគាំទ្រច្រើនលើសលប់បំផុតក្នុងប្រវត្តិសាស្ត្រថៃ ដែលនាំឲ្យលោកដឹកនាំរដ្ឋាភិបាលផ្តាច់មុខ។
នៅក្នុងអំឡុងពេលកាន់អំណាចជានាយរដ្ឋមន្ត្រីរបស់លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវបានគេកត់សម្គាល់ថា លោកទទួលបានការគាំទ្រច្រើនលើសលប់ពីតាមបណ្តាខេត្ត ព្រោះតែលោកបានកែទម្រង់រដ្ឋបាលខ្លះៗ និងផ្តោតការយកចិត្តទុកខ្លាំងទៅលើការលើកស្ទួយជីវភាពប្រជាជនក្រីក្រនៅតាមជនបទ ទាំងវិស័យសុខាភិបាលនិងអភិវឌ្ឍន៍ជនបទ។
បន្ទាប់ពីកាន់អំណាចក្នុងអាណត្តិថ្មីបានរយៈពេលជាង១ឆ្នាំ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ ត្រូវបានទម្លាក់ពីអំណាចតាមរយៈរដ្ឋប្រហារយោធាមិនបង្ហូរឈាមមួយ កាលពីខែកញ្ញា ឆ្នាំ២០០៦ ក្នុងពេលដែលលោកបំពេញបេសកកម្មនៅក្រៅប្រទេស។ លោក ថាក់ស៊ីន មានគម្រោងថានឹងផ្ដល់កុំព្យូទ័រយូរដៃ (Computer laptop) ឲ្យសិស្សម្នាក់មានកុំព្យូទ័រយូរដៃ ១គ្រឿង។ គ្រាន់តែគិតប៉ុណ្ណោះ មិនទាន់បានធ្វើផង ក៏ត្រូវរដ្ឋប្រហារទម្លាក់លោកតែម្ដង។
ក្រោយការធ្លាក់ពីអំណាច លោក ថាក់ស៊ីន ត្រូវតុលាការថៃចោទប្រកាន់អំពីកំហុសជាច្រើន ហើយក្នុងនោះតុលាការបានកាត់ទោសលោកកំបាំងមុខពីបទទំនាស់ផលប្រយោជន៍។ នៅខែតុលា ឆ្នាំ២០០៨ លោក ថាក់ស៊ីន ត្រូវតុលាការកំពូលរកឃើញថា លោកមានកំហុសក្នុងទំនាស់ផលប្រយោជន៍ ហើយផ្តន្ទាទោសដាក់គុករយៈពេលពីរឆ្នាំ។ ចាប់តាំងពីពេលនោះមក លោក ថាក់ស៊ីន សុំសិទ្ធិជ្រកកោននៅប្រទេសអង់គ្លេស។
បន្ទាប់ពីលោក ថាក់ស៊ីន បានទទួលការតែតាំងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩ រដ្ឋាភិបាលលោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានស្វែងការបញ្ជូនខ្លួនលោក ថាក់ស៊ីន ទៅប្រទេសថៃវិញ ក៏ប៉ុន្តែសំណើរបស់រដ្ឋាភិបាលលោក អាភីស៊ិត ត្រូវរដ្ឋាភិបាលកម្ពុជាបដិសេធ៕