ក្រុមកំប្លែង តាវ៉ិចទ័រ នឹង​មានវត្តមាន​លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 5?

  • 2023-02-02 07:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ផែនការ​ក្រុម​កំប្លែង​នាយពែកមី​ដ៏​ល្បី នឹង​មាន​វត្តមាន​នៅ​កញ្ចក់​ទូរទស្សន៍ TV5 ក្នុងកម្មវិធីកំប្លែង​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា កម្មវិធី "ចៅលោកតា" ដែលដឹកនាំផ្ទាល់ពីលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ តែ​ម្ដង។

តាម​លោកស៊ិន សណ្ដោស ផលិតករ 9 Colors Production បាន​ឲ្យដឹង​ថា កម្មវិធីកំប្លែង "ចៅលោកតា" ជាកម្មវិធីថ្មី ដែលមានការសម្តែងពីក្រុមចៅលោកតា បូក​រួម​ភ្ញៀវកិត្តិយស ជា​អ្នកដែល​មានវោហារស័ព្ទ កំប្លុកកំប្លែង និងមានបទពិសោធ ទៅតាមជំនាញនីមួយៗផ្សេងៗពីគ្នា ទៀត​ផង។ ពួកគាត់នឹងមកចែករំលែកបទពិសោធដល់ក្រុមចៅលោកតា និង​បង្កើតការ​ជជែក​កំប្លែង លេងសើចពេញមួយម៉ោងរៀងរាល់ចុងសប្តាហ៍។

ជាមួយ​គ្នា អ្នកនាង រស់ ឡុងម៉ាឡែន ប្រធានទីផ្សារស្ថានីយទូរទស្សន៍លេខ៥ បានថ្លែងឱ្យដឹងថា កម្មវិធីកំប្លែង «ចៅលោកតា» គឺជាការផ្តល់ជូននូវរសជាតិថ្មីមួយបែបទៀតសម្រាប់ទស្សនិកជន ដែលតែងតែជឿជាក់ និងទុកចិត្តមកលើ TV5 ដែលគ្រប់កាលៈទេសៈគ្រប់ពេលវេលាតែងតែរិះរកអ្វីថ្មី និងប្លែកៗសម្រាប់បំពេញចក្ខុរបស់ទស្សនិកជន។

អ្នកនាង ថ្លែង​ថា “យើងជឿជាក់ថា ការផ្សាយផ្ទាល់កម្មវិធីកំប្លែង «ចៅលោកតា» នេះ ទស្សនិកជននឹងទទួលបានចំណីអារម្មណ៍ប្លែកមិនធ្លាប់មានពីមុន ព្រោះរាល់កម្មវិធីកំប្លែងគ្រប់សប្តាហ៍នឹងមានសាច់រឿងខុសៗគ្នា កំប្លែងសើច សំណើចបង្កប់ការអប់រំ គួបផ្សំនឹងភាពប៉ិនប្រសប់ពីតារាកិត្តិយសដែលមានឈ្មោះបោះសំឡេង និងភាពកំប្លុកកំប្លែងរបស់ក្រុមកំប្លែងទៀតនោះនឹងកាន់តែធ្វើអោយកម្មវិធីពោរពេញទៅដោយសំណើច សើចតាំងពីដើមរហូតដល់ចប់”។

ក្រោយ​បើក​សម្ពោធ​ម្សិលមិញ​នេះ កម្មវិធីកំប្លែងថ្មី​ "ចៅលោកតា" នឹងធ្វើការ​ផ្សាយផ្ទាល់ រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ១២:០០ ដល់ ១៣:០០នាទី​​ លើ​កញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ 5 ចាប់ពីថ្ងៃសៅរ៍ទី 04 ខែ កុម្ភៈ ឆ្នាំ 2023 នេះតទៅ៕

អត្ថបទ៖ ទារិកា