ផ្លូវដែក​ ភ្នំពេញ-ប៉ោយប៉ែត អាចឱ្យរថភ្លើង​រត់ដល់ល្បឿន ២០០គ.ម/ម៉

  • 2023-02-15 02:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់​ថា គម្រោង​ផ្លូវដែក​ល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត ត្រូវបាន​បញ្ចប់​ការ​សិក្សា​ហើយ ដោយ​មានប្រវែង ៣៨២គីឡូម៉ែត្រ និងអាចរត់ល្បឿនពី ១៦០ ទៅ ២០០គីឡូម៉ែត្រ/ម៉ោង ស្មើនឹងផ្លូវដែកល្បឿនលឿន​នៅឡាវ និងទទឹងផ្លូវ ១ម៉ែត្រ ៤៣៥ ដែល​ជាទំហំស្តង់​ដា។

ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក

ក្នុងសន្និបាត​បូកសរុបលទ្ធផលការងារ​លទ្ធផល​នៅទីស្តីការក្រសួង​នាព្រឹកថ្ងៃទី១៥កុម្ភៈនេះ ឯកឧត្តម​ ស៊ុន ចាន់ថុល បញ្ជាក់​ថា ក្រោម​គម្រោងនេះ ​គឺរដ្ឋាភិបាល​កម្ពុជា ចង់បាន​ការវិនិយោគ​ដោយឯកជន​ជាប្រភេទ BOT ឬ PPP ពោលគឺ​មិនចង់​ខ្ចីលុយ​ដែលមាន​តម្លៃរហូតដល់ ៤ពាន់លានដុល្លារនោះ​ទេ។ ឯកឧត្តម​បន្តថា រដ្ឋាភិបាលចិន បាន​ឯកភាព​ផ្តល់​ជំនួយ​ប្រមាណ ៤៤លានដុល្លារ ដើម្បី​សិក្សា ឬដោះស្រាយផលប៉ះពាល់​នៃគម្រោងផ្លូវដែកនេះ។

តាម​ការចុះផ្សាយ​របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន​ថ្មីៗនេះ​ បាន​ឱ្យដឹងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿន​ដំបូងបំផុតនៅកម្ពុជា មានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ។

គម្រោងនេះ ប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ ដោយគ្រាន់ចំណាយពេលជិះពីភ្នំពេញត្រឹម ២ម៉ោងកន្លះទៅ៣ម៉ោងប៉ុណ្ណោះ ដល់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យហើយ ។ វា​នឹងក្លាយជាផ្លូវដែកល្បឿនលឿន​ស្ដង់ដារដំបូងគេបំផុត នៅក្នុងប្រទេសកម្ពុជា ហើយនឹងក្លាយទៅជាខ្សែផ្លូវដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញដ៏សំខាន់ ជួយកាត់បន្ថយពេលវេលានៃការធ្វើដំណើរ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត បានយ៉ាងល្អបំផុតផងដែរ៕

អត្ថបទ៖ សំភី