KhmerCare និង Camsoc ​ប្រកាស​យុទ្ធនាការ​ ១​លាន​ដុល្លារ ​ទ្រទ្រង់​កីឡា​ជម្រើស​ជាតិ​កម្ពុជា​

  • 2023-02-15 04:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​KhmerCare និង Camsoc ​បាន​បើក​យុទ្ធនាការ​ដើម្បី​ស្វែង​រក​ប្រាក់​១​លាន​ដុល្លារ​ជួយ​ដល់​កីឡា​ជម្រើស​ជាតិ​កម្ពុជា ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ អាស៊ានប៉ារ៉ាហ្គេម ២០២៣ ​នៅ​កម្ពុជា​។

ការ​សម្ពោធ​កម្មវិធី​សប្បុរសធម៌​នេះ ​ធ្វើ​ឡើង​នៅ​អគារវឌ្ឍនៈ​ ក្រោម​វត្តមាន​ឯកឧត្តម​ វ៉ាត់ ចំរើន​ រដ្ឋ​លេខា​ធិការ​ក្រសួង​ទេសចរណ៍​ និង​ជា​អគ្គលេខាធិការ​ CAMSOC-CAMAPGOC ​និងលោក Steven Path ​ស្ថាបនិក ​និង​ជា​នាយកប្រតិបត្តិ​ KhmerCare ​ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនដៃគូជាច្រើនទៀត ដែល​បាន​ចូលរួម​អបអរសាទរ ​និង​បាន​ចូលរួម​បរិច្ចាគ​គាំទ្រ​មូល​និធិនេះ​ផងដែរ ។​

​ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ​នេះគឺជាដំណាក់ការចាប់ផ្ដើមមួយ​ ដើម្បីកៀរគរថវិកា ១​លាន​ដុល្លារជួយដល់ ​“ក្រុមកម្ពុជា ឬ Team Cambodia” ​ក្រោម​កិច្ចសហការជាមួយ​ក្រុមហ៊ុនឯកជន ដែល​មាន​រូបមន្ដ​ច្បាស់​លាស់ ក្នុង​កិច្ចការ​សប្បុរសធម៌នេះ បន្ថែមពីលើការខិតខំ​ និង​យក​ចិត្តទុក​ដាក់​ខ្ពស់​របស់​រាជ​រដ្ឋាភិបាល ​ព្រោះកីឡាករ កីឡាការិនី ត្រូវការការលើកទឹកចិត្តបន្ថែម និង​រៀង​រាល់​ពេល​ ពិសេស​ការហ្វឹកហាត់ ​ទាំងសម្ភារ ​និង​ការ​ថែទាំ​សុខភាព​ជាដើម ។

លោក Steven Path បានបញ្ជាក់ថា​ នេះជាលើកដំបូងហើយ​ ដែលកម្មវិធី KhmerCare​ បាន​បើក​យុទ្ធនា​ការ​ធំ​ជាងគេ​ ក្នុងការរៃអង្គាសមូលនិធិសប្បុរសធម៌ ​១លានដុល្លារ​ សម្រាប់​ជួយ​ដល់​ក្រុម​អត្តពលិក​កម្ពុជា ខណៈកម្ពុជា​ ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នា​ពេល​ដ៏​ខ្លីខាងមុខ ​។ ជាមួយ​មូល​និធិ​មហាជននេះ​ អ្នកណាក៏ដោយ​ នៅគ្រប់ទីកន្លែង សុទ្ធ​តែ​អាច​ចូលរួម​បាន ដើម្បីគាំទ្រក្រុមជម្រើសជាតិកម្ពុជា និងលើកទឹកចិត្តពួកគេ ដើម្បី​ដណ្ដើម​ជោគជ័យ​ជូនជាតិ ។

​ឯកឧត្តម ​វ៉ាត់ ចំរើន ​បានអំពាវនាវដល់វិស័យឯកជន ​សហគ្រាស ​ប្រជាពលរដ្ឋ ​ទាំងក្នុង និង​ក្រៅ​ស្រុក ​គឺ​អាច​ចូលរួមឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាករ ​កីឡាការិនីជម្រើសជាតិកម្ពុជា ​នៅលើផ្លែតហ្វម KhmerCare តាមរយៈ https://khmercare.com ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី