ប្រែប្រួល​លឿន​ពេក​ហើយ! គន្ធ តារាវណ្ណ ធ្លាក់​បាត់​អស់​សម្រស់​ជាតារា​ល្បី

  • 2023-02-15 09:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​រឿង​ធម្មតា​ដែល​រូបកាយ និង​សម្រស់​មនុស្ស​គ្រប់​គ្នា ត្រូវ​ប្រែប្រួល​ទៅ​តាម​វ័យ។ ប៉ុន្ដែ​តារាសម្ដែង​ល្បីឈ្មោះ​តាំង​ពី​អំឡុង​ឆ្នាំ​១៩៨៦ គឺ​លោក គន្ធ តារាវណ្ណ បាន​ធ្លាក់​ខ្លួន​ឈឺ ស្រក​គីឡូ រាងកាយ​ស្គមស្គាំង​មើល​មុខ​ស្ទើ​តែ​មិន​ស្គាល់ ថា​លោក​ជា​តារា​ប្រុស​ល្បី មាន​មាឌធំ សាច់ឈាម​ស្រស់ថ្លា។

ទើប​តែ​រយៈ​ពេល​ប្រមាណ ១​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ដែល​រូប​កាយ​របស់​លោក​ប្រែប្រួល​ខ្លាំង ក្រោយ​ពី​លោក​មាន​ជំងឺ​លើសឈាម និង​រលាក​ថង់ប្រម៉ាត់ ហើយ​ធ្លាប់​ដួល​សន្លប់​កូនៗ​បញ្ជូន​ទៅ​សង្គ្រោះ​ពីរ​លើ​រួច​មក។ មុន​នេះ ទំព័រហ្វេសប៊ុក​ឈ្មោះ Amazing Cambodiaដែល​តែងតែ​គាស់រំលើង​នូវ​រឿង​រ៉ាវ​ចាស់ៗ​របស់​តារា​ភាពយន្ដ បាន​បង្ហោះ​រូប​ថត​លោក​ពីរ​សន្លឹក​ដោយ​មួយ​សន្លឹក​ថត​កាល​ពី​ឆ្នាំ​២០០០ និង​មួយ​សន្លឹក​ទៀត​ទើប​ថត​នៅ​ឆ្នាំ​២០២៣ នេះ។

ប្រភព​ដដែល​នេះ បាន​សរសេរ​អម​រូប​ថត​ទាំង​ពីរ​សន្លឹក​នោះ​ថា "រូប​ថ្មី​បំផុត​ពី​អតីត​តួអង្គ​សម្ដែង​ស្ដេច​ដ៏​ល្អ​បំផុត​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​២០០០ អ្នក​ណា​បាន​ទស្សនា​ខ្មែរ​កាល​ណោះ ច្បាស់​ទទួល​ស្គាល​រឿង​ព្រេង​នេះ"។

ក្រោយ​ពី​បញ្ចេញ​រូប និង​ឃ្លា​ដ៏​គួរ​ឲ្យ​អាណិត​នេះ មាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន បាន​បង្ហាញ​ការ​អាណិត​អាសូ​ចំពោះ​លោក​ដែល​ធ្លាក់​ខ្លួន​ឈឺ ស្គម​ខ្លាំង​ស្ទើ​តែ​មើល​មិន​ស្គាល់។ អ្នក​ខ្លះ​ក៏​បាន​ជូនពរ​ឲ្យ​លោក​ឆាប់​បាន​ជាសះស្បើយ​ពី​ជំងឺ ហើយ​បើ​លោក​លែង​សម្ដែង​ដោយ​ខ្លួន​ឯង​កើត ​សូម​ឲ្យ​លោក​ជួយ​បណ្ដុះ​ក្មេង​ជំនាន់​ក្រោយៗ។

Sabay មិន​ទាន់​អាច​ទាក់ទង​ឧត្ដមសេនីយទោ គន្ធ តារាវណ្ណ និង​កូនៗ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​សុខភាព​របស់​លោក​បាន​ទេ គិតត្រឹម​ល្ងាច​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ ប៉ុន្ដែ​កន្លង​ទៅ​ទាំង​លោក គន្ធ តារាវណ្ណ និង​កូន​ប្រុស​របស់​លោក ធ្លាប់​ប្រាប់​Sabay ថា ជំងឺ​របស់​លោក​ត្រូវ​ការ​មើលថែ​ខ្ពស់ ហើយ​ចំណាយ​ច្រើន៕

ជិន សុភ័ក្ដ្រ